ខេត្តរតនគិរី ៖ ថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋនៅភូមិប៉ាកកាឡាន់ ឃុំប៉ាកកាឡាន់ ស្រុកវើនសៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញមេគោមួយក្បាល កើតកូនមកមានពណ៌សម្បុរដូចសត្វក្របី ហើយក៏នាំគ្នាទៅអុជធូបបន់ស្រន់សុំសេចក្តីសុខ និងផ្សងក្តីប្រាថ្នាផ្សេងៗតាមជំនឿរបស់ខ្លួន ។
លោក ធាន សាយណយ ជនជាតិឡាវ រស់នៅក្នុងភូមិ-ឃុំខាងលើ ដែលជាម្ចាស់គោបានរៀបរាប់ថា មុនពេលមេគោរបស់គាត់កើតកូន គាត់សុបិនឃើញបានឡើងទៅឋានសួគ៌ចំនួន៤ទៅ៥យប់ជាប់ៗគ្នា លុះនៅព្រឹកថ្ងៃទី៥ កញ្ញា ស្រាប់តែមេគោដែលកំពុងផើមនោះ បាត់ពីផ្ទះមិនដឹងទៅណា។ ក្រោយពីមិនឃើញមេគោត្រឡប់មកផ្ទះវិញ គាត់និងក្រុមគ្រួសារបាននាំគ្នា ស្វែងរកគ្រប់ទីកន្លែង ប៉ុន្តែពុំឃើញឡើយ។ បន្ទាប់ពីរកគ្រប់ទីកន្លែងក្បែរៗភូមិមិនឃើញ គាត់ក៏ធ្វើដំណើរទៅវាលស្មៅមួយកន្លែងចម្ងាយពីភូមិប្រមាណជា៥ទៅ៦គីឡូម៉ែត្រ ដែលហ្វូងគោរបស់អ្នកភូមិឧស្សាហ៍ទៅស៊ីស្មៅនៅទីនោះក៏ប្រទះឃើញមេគោរបស់គាត់កំពុងស៊ីស្មៅនៅវាលនោះដែរ។ ពេលនោះគាត់ក៏ទៅដឹកវាត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនក្របីញីមួយក្បាលកំពុងបៅដោះមេគោរបស់គាត់ តែភ្លាមៗនោះគាត់គិតថា ប្រហែលជាកូនក្របីនេះវង្វេងមេឃ្លានពេកក៏បៅដោះមេគោជំនួសទៅ ។ បុរសម្ចាស់គោបន្តថា បន្តិចក្រោយមកគាត់ក៏ដឹកមេគោមកផ្ទះវិញ ចំណែកកូនក្របីក៏ដើរតាមពីក្រោយរហូតដល់ផ្ទះ ព្រោះតែសង្ស័យគាត់បានត្រឡប់ទៅកន្លែងរកឃើញមេគោនោះម្តងទៀត ក៏ប្រទះឃើញស្រោមសុកគោទើបកើតថ្មីៗ ទើបដឹងថាកូនក្របីនេះជាកូនរបស់មេគោគាត់។
ស្រ្តីម្នាក់ឈ្មោះកង ដែលជាម្តាយមីងរបស់បុរសម្ចាស់គោនិយាយថា នៅយប់មួយមិនចាំថ្ងៃខែ គាត់បានសុបិនឃើញទេវតា២អង្គ និងទេពធីតា២អង្គចុះមកសួរថា តើអ្នកស្រុកសុខសប្បាយដែរឬទេ? ឯចំពោះប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ខ្លះយល់ថា ប្រហែលជាកូនក្របីនេះជាទេវតាចាប់ជាតិចុះមកជួយថែរក្សាការពារអ្នកស្រុកកុំឱ្យមានជំងឺតម្កាត់ផ្សេងៗ និងប្រទេសជាតិមានសុខសន្តិភាពរីកចម្រើនដូចបណ្តាប្រទេសមួយចំនួន ។ ពួកគាត់យល់ថា ពីជំនាន់មុនក៏មានរឿងស្រ្តីម្នាក់កើតកូនភ្លោះ ដោយកូនម្នាក់ជាមនុស្សធម្មតានិងមួយទៀតជាកូនគោដែលជនជាតិខ្មែរទាំងអស់បានស្គាល់តាមរយៈរឿងព្រះគោព្រះកែវ។
ទោះបីជាបែបណា អ្នកខ្លះទៀតយល់ថា ប្រហែលជាម្ចាស់គោនោះចង់ល្បីឱ្យមានភាពភ្ញាក់ផ្អើលនិងចម្លែកក៏ប្រឌិតរឿងនេះឡើងទៅ។ អ្វីដែលចម្លែកទៀតនោះគឺថា មេគោមួយក្បាលនេះមានសម្បុរក្រហម លុះដល់ពេលកើតកូនទៅជាកូនក្របីមានសម្បុរខ្មៅដូចគ្រាប់និលទៅវិញ។
ព័ត៌មានស្តីពីមេគោកើតបានកូនក្របីនេះ បានឮខ្ទរខ្ទារពីមាត់មួយទៅមួយមាត់ ធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីមានការភ្ញាក់ផើ្អលយ៉ាងខ្លាំង ទើបកោះសន្តិភាពចុះទៅថតយករូបភាពពិតដើម្បីឱ្យទស្សនិកជនដឹងកាន់តែច្បាស់និងយកទៅពិចាណារថា តើវាពិតជាអាចកើតមានឡើងឬក៏អត់ ?
ចែករំលែកព័តមាននេះ