អាហ្វ្រិកខាងត្បូងនឹងមិនពិចារណាចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ខាងមុខនោះទេ។ ការប្រកាសនេះបានបញ្ចប់នូវការនិយាយជាដដែលៗពីការចូលដេញថ្លៃរបស់ប្រទេសនេះ។
បណ្តាមន្ត្រីក្រសួងកីឡាអាហ្វ្រិកខាងត្បូងបាននិយាយថា ការចូលដេញថ្លៃអូឡាំពិកឆ្នាំ២០២០ដែលរដ្ឋមន្រ្តីក្រសួងកីឡាបានប្រកាសកាលពីពេលកន្លងមកនឹងត្រូវបញ្ចប់។ គួររំលឹកថា គណៈកម្មាធិការកីឡាអូឡាំពិកអាហ្វ្រិកខាងត្បូងកាលពីខែឧសភាកន្លងមក បានបញ្ជាក់អំពីបំណងប្រទេសរបស់ខ្លួនដែលចង់ចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០។ គេបាននិយាយថា កិច្ចប្រជុំរបស់ IOCគឺជាឱកាសមួយដែលគួរឱ្យទាក់ទាញអារម្មណ៍ ។
ប្រទេសអាហ្វ្រិកខាងត្បូងបានតាំងចិត្តរួចជាស្រេចក្នុងការចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅ ហើយតាមដែលលោកSamថា អូឡាំពិកឆ្នាំ២០២០គឺជាការស័ក្តិសមបំផុត។ ប៉ុន្តែគណៈរដ្ឋមន្ត្រីប្រទេសនេះកាលពីខែឧសភាបាននិយាយថា វាមិនមែនជាពេលវេលាសមគួរដែលត្រូវធ្វើការប្រកាសពីការដេញថ្លៃនោះទេ។ សូមបញ្ជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូងទទួលបាននូវការសរសើរទូទាំងពិភពលោកចំពោះជោគជ័យដែលខ្លួនសម្រេចបាននៅក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក2010 ។
ដោយឡែកកាលពីឆ្នាំទៅមិញ គណៈកម្មាធិការអូឡាំពិកអាហ្វ្រិកខាងត្បូង ក៏ធ្លាប់បានប្រកាសផងដែរថា ខ្លួននឹងគាំទ្រទីក្រុងDurbanធ្វើជាបេក្ខភាពចូលប្រកួតប្រជែងក្នុងការដេញថ្លៃអូឡាំពិកឆ្នាំ២០២០។ IOCបានទុកពេលឲ្យរហូតដល់ថ្ងៃទី១ខែកញ្ញា សម្រាប់បណ្តាទីក្រុងដែលចង់ចុះឈ្មោះចូលដេញថ្លៃរៀបចំការប្រកួតអូឡាំពិកឆ្នាំ២០២០។ មកដល់ឥឡូវនេះ មានទីក្រុងរ៉ូម ទីក្រុងតូក្យូ ទីក្រុងម៉ាឌ្រីដ និងទីក្រុងអ៊ីស្តង់ប៊ុលដែលបានប្រកាសឈ្មោះចូលដេញថ្លៃជាផ្លូវការ។
អភិបាលក្រុងម៉ាឌ្រីដរបស់ប្រទេសអេស្ប៉ាញកាលពីពាក់កណ្តាលខែកក្កដាកន្លងមកបានអះអាងថា ទីក្រុងរបស់ខ្លួននឹងចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០។ លោកអាល់បឺតូ រូអ៊ីស ហ្គាលឡាដុងបាននិយាយថា៖«គេគ្មានការសង្ស័យទេដែលថា ប្រសិនជាទីក្រុងក្នុងទ្វីបអឺរ៉ុបមួយបានជាប់ជាម្ចាស់ផ្ទះប្រកួតអូឡាំពិកឆ្នាំ២០១៨រួចហើយនោះ អញ្ចឹងក្តីសង្ឃឹមក្នុងការចូលដេញថ្លៃម្តងទៀតប្រហែលជាមិនបានជោគជ័យទេ»។
ទីក្រុងម៉ាឌ្រីដធ្លាប់បានទទួលការបរាជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅ២លើករួចមកហើយ គឺឆ្នាំ២០១២ ចាញ់ទីក្រុងឡុងដ៍របស់អង់គ្លេស និងឆ្នាំ២០១៦ចាញ់ទីក្រុងរីយ៉ូដឺហ្សានេរ៉ូរបស់ប្រេស៊ីល។ ទីក្រុងម៉ាឌ្រីដសង្ឃឹមថា ខ្លួននឹងទទួលបានលទ្ធផលល្អដូចជាទីក្រុងពីយ៉ុងឆាងរបស់កូរ៉េខាងត្បូងដែលទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨នៅក្នុងការចូលដេញថ្លៃជាលើកទី៣។ ការប្រកាសលទ្ធផលថាតើអូឡាំពិករដូវក្តៅឆ្នាំ២០២០ត្រូវធ្វើនៅទីកន្លែងណានោះ នឹងត្រូវធ្វើឡើងដោយគណៈកម្មាធិការអូឡាំពិកពិភពលោកនៅទីក្រុងវ៉េណូស៊ែរ៉េស ប្រទេសអាហ្សង់ទីន នាខែកញ្ញាឆ្នាំ២០១៣។
ថ្លែងតាមរយៈគេហទំព័រជាផ្លូវការរបស់IOCលោកអភិបាលក្រុងម៉ាឌ្រីដហ្គាលឡាដុងបានបញ្ជាក់ថា៖ «ប្រសិនបើយើងមិនទុកចិត្តថាម៉ាឌ្រីដមានឱកាសល្អទេ យើងក៏មិនធ្វើរឿងនេះដែរ។ ការងាររបស់យើងទាំងអស់គឺផ្តោតជាសំខាន់ទៅលើការទទួលបានការជឿជាក់ពីសមាជិកទាំង១០០នាក់របស់IOC»។ លោកហ្គាលឡាដុងដែលបានចូលកាន់តំណែងជាអភិបាលក្រុងម៉ាឌ្រីដនៅឆ្នាំ២០០៣បានទាញហេតុផលសំអាងដោយយោងទៅលើភាពជោគជ័យរបស់ទីក្រុងពីយ៉ុងឆាងរបស់កូរ៉េខាងត្បូង។ លោកបានបន្តថា៖ «ជោគជ័យរបស់ក្រុងអាស៊ីមួយនេះបានចង្អុលបង្ហាញថា IOC ពេញចិត្តផ្តល់ជារង្វាន់ដល់អ្នកដែលមានការព្យាយាមនិងតស៊ូព្រមទាំងមានបទពិសោធន៍។ អ្វីដែលទីក្រុងម៉ាឌ្រីដយើងមានសម្រាប់ការចូលដេញថ្លៃលើកនេះគឺឱកាសដែលមិនអាចខ្វះបាន»។
ទីក្រុងរបស់ប្រទេសអេស្ប៉ាញចុងក្រោយគេដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅឆ្នាំ១៩៩២គឺក្រុងបាសេឡូណា។ ចំណែកទីក្រុងតូក្យូកាលពីថ្ងៃសៅរ៍ទី១៦ កក្កដាកន្លងមកនេះ ក៏បានប្រកាសជាផ្លូវការពីការប្រកួតប្រជែងរបស់ខ្លួននៅក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ដែរ។
អភិបាលទីក្រុងតូក្យូលោកស៊ីនតារ៉ូ អ៊ីស៊ីហារ៉ាបានធ្វើការប្រកាសពីបេក្ខភាពដេញថ្លៃទីក្រុងរបស់ខ្លួនអំឡុងពិធីខួបទី១០០ឆ្នាំនៃការបង្កើតគណៈកម្មាធិការអូឡាំពិកនិងសមាគមកីឡារបស់ជប៉ុន។ លោកស៊ីនតារ៉ូបានបញ្ជាក់ក្នុងពេលនោះថា៖«ក្នុងខណៈពេលដែលយើងព្យាយាមដើម្បីទទួលបានការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅ យើងគ្មានបញ្ហាអ្វីក្រៅតែពីជោគជ័យនោះទេ»។ ទីក្រុងតូក្យូកាលពីដើមឡើយធ្លាប់បានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅចំនួន២លើកគឺនៅឆ្នាំ១៩៦៤ និងឆ្នាំ១៩៧២ ហើយទីក្រុងសាប់ប៉ូរ៉ូ និងណាហ្គាណូធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ១៩៩៨។
ទន្ទឹមនឹងការធ្លាប់ធ្វើជាម្ចាស់ផ្ទះចំនួន២លើកកាលពីអតីតកាល ប៉ុន្តែក្រុងតូក្យូកន្លងមកថ្មីៗនេះក៏ធ្លាប់បានបរាជ័យ១លើករួចមកហើយក្នុងការដេញថ្លៃកីឡាអូឡាំពិកឆ្នាំ២០១៦ដោយចាញ់ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូរបស់ប្រទេសប្រេស៊ីល។ លោកអភិបាលក្រុងបានបន្តថា កីឡាអូឡាំពិកនឹងជួយឱ្យប្រទេសជប៉ុនងើបឡើងវិញបន្ទាប់ពីរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិកាលពីថ្ងៃទី១១ខែមីនាកន្លងមក។ លោកថា វាក៏នឹងធ្វើឱ្យប្រទេសជប៉ុនបានល្អប្រសើរជាងមុនផងដែរ។
តាមរយៈទូរទស្សន៍ NHK លោកស៊ីនតារ៉ូយល់ថា ការរៀបចំឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយនឹងជួយឱ្យជប៉ុនឈ្នះការដេញថ្លៃលើកនេះ។ ការប្រកាសផ្សាយពីទីក្រុងដែលទទួលបានជ័យជម្នះ នឹងធ្វើនៅខែកញ្ញាឆ្នាំ២០១៣ដោយគណៈកម្មាធិការអូឡាំពិកពិភពលោកIOC។ គួរកត់សម្គាល់ផងដែរថា អំឡុងការប្រកាសចូលដេញថ្លៃរបស់ជប៉ុនលើកនេះ ក៏មានការចូលរួមពីលោកហ្សាក់ រ៉ូស ប្រធានIOCផងដែរ ៕
ចែករំលែកព័តមាននេះ