រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង៩ព្រឹក នៅសាលប្រជុំធនាគារអភិវឌ្ឍន៍ជនបទ លោកសុន គន្ធរ ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ចិន (China Development Bank) សម្រាប់គាំទ្រអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា នូវទឹកប្រាក់ជំហានដំបូងចំនួន៨លានដុល្លារអាមេរិក ដែលមានរយៈពេលកម្ចី១០ឆ្នាំ ក្នុងអត្រាការប្រាក់ពាណិជ្ជកម្មទាប ប្រែប្រួលទៅតាមអត្រារបស់ LIBOR ។
កាលពីឆ្នាំ២០០៦ លោក Chen Yuan ទេសាភិបាលធនាគារអភិវឌ្ឍន៍ចិនធ្លាប់បានចូលជួបសម្ដែងការគួរសមជាមួយសម្តេចតេជោនៅរាជធានីភ្នំពេញ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទផងដែរ។
ក្នុងឆ្នាំ២០១០ ធនាគារអភិវឌ្ឍន៍ជនបទបានធ្វើការចរចាជាបន្តបន្ទាប់ជាមួយភាគីធនាគារអភិវឌ្ឍន៍ចិន ហើយរហូតមកដល់ពេលនេះធនាគារអភិវឌ្ឍន៍ចិនបានសម្រេចផ្តល់ប្រាក់កម្ចីសាកល្បងជំហានដំបូងដល់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងសម្រាប់ផ្តល់បន្តដល់ដៃគូ រួមមានក្រុមហ៊ុនសហគ្រាសអាជីវកម្ម រោងម៉ាស៊ីនកិនស្រូវ សមាគម សហគមន៍ ដើម្បីយកទៅប្រើប្រាស់លើគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ។
នេះជាទុនបន្ថែមថ្មីទៀតបន្ទាប់ពីធនាគារអភិវឌ្ឍន៍ជនបទបានទទួលនូវហិរញ្ញប្បទានពិសេសពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៣៦លានដុល្លារអាមេរិក និងការបង្កើនដើមទុនដល់ធនាគារអភិវឌ្ឍន៍ជនបទចំនួន២០លានដុល្លារអាមេរិក សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសវិស័យស្រូវ-អង្ករកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញផលិតកម្មស្រូវនិងការនាំអង្ករចេញឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥ ខាងមុខនេះ៕
ចែករំលែកព័តមាននេះ