ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាថាន់ ​ក្លេវើលីការពារ​ខ្សែក្រវាត់ស្ថាប័ន​ WBO ​ប្រឆាំងតូនី​ បេលលូ ​ថ្ងៃទី15 តុលា

13 ឆ្នាំ មុន

កីឡាករ​ប្រដាល់​វេល​ណា​ថាន់ ក្លេវើលី​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ប្រ​ភេទទម្ងន់​ Light Heavyweight ស្ថាប័ន WBO របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​អង់​គ្លេស​តូនី បេលលូ​នៅ​សង្វៀន​ក្រុង​លី​វើ​ភូល​ប្រទេស​អង់​គ្លេស​នា​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​តុលា​ខាង​មុខ​។ កីឡាករ​ក្លេវើលី​ដែល​ធ្លាប់​ប្រកួត​ឈ្នះ​២២​លើក ​មិន​ធ្លាប់​ចាញ់​

កីឡាករ​ប្រដាល់​​វេល​ណា​ថាន់ ក្លេវើលី​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ប្រ​ភេទទម្ងន់​ Light Heavyweight ស្ថាប័ន WBO របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​អង់​គ្លេស​តូនី បេលលូ​នៅ​សង្វៀន​ក្រុង​លី​វើ​ភូល​ប្រទេស​អង់​គ្លេស​នា​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​តុលា​ខាង​មុខ​។ កីឡាករ​ក្លេវើលី​ដែល​ធ្លាប់​ប្រកួត​ឈ្នះ​២២​លើក ​មិន​ធ្លាប់​ចាញ់​ និង​ផ្តួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​១១លើក​ត្រូវ​​គេ​គ្រោង​ដាក់​ឲ្យ​ជួប​ជា​មួយ​កីឡា​ករ​​បេលលូ​ក្នុង​ខែ​ឧសភា​។ ប៉ុន្តែ​ដោយ​សារតែ​កីឡាករ​បេលលូ​នៅ​ពេល​នោះ​មាន​បញ្ហា​ជា​មួយ​ទម្ងន់​ខ្លួន​ក៏​ត្រូវ​អាក់​ខាន​ទៅ​វិញ​។

បន្ទាប់​មក​កីឡាករ​ក្លេវើលី​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រឆាំង​នឹង​កីឡាករ​អាឡេស្គី គូហ្សៀម​ស្គី​ដោយ​ជោគជ័យ។ ថ្លែង​តាម​រយៈ​គេ​ហទំព័រ​របស់​លោក​ហ្វ្រ៊ែង វ៉ារ៉ឹន​អ្នក​រៀប​ចំ​ការ​ប្រកួត ក្លេវើលី​​បញ្ជាក់​ថា​៖«ការ​ប្រកួត​​រវាង​ខ្ញុំ​និង​បេលលូ​ត្រូវ​បាន​គេ​ផ្តួច​ផ្តើម​ឲ្យ​មាន​ជា​យូរ​មក​ហើយ​។ មក​ដល់​ឥឡូវនេះ​គេ​បាន​ត្រៀម​ខ្លួន​ទទួល​មេរៀន​ពី​ខ្ញុំ​ហើយ​។ គេ​ជា​មនុស្ស​និយាយ​ច្រើន​ ប៉ុន្តែ​កណ្តាប់​ដៃ​របស់​គេ​មិន​អាច​ឆ្លើយ​តប​នឹង​ការ​និយាយ​របស់​គេ​បាន​ទេ​។ សម្តី​បាន​ក្លាយ​ទៅ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​កីឡា​ករ​​បេលលូ​។ កីឡាកររូបនេះ​ពិត​ជា​មិន​អាច​ធ្វើ​បាន​តាម​សម្តី​អួ​ត​ក្អេង​ក្អាង​នោះ​ទេ​»។

ចំណែក​កីឡាករ​បេលលូ​ដែល​មាន​រហស្ស​នាម​ថា«​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​»ធ្លាប់​ប្រកួត​តែ​១៦​លើក​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​នោះ​គ្មាន​១​លើក​​ណា​ដែល​គេ​បរាជ័យ​​ឡើយ​។ កីឡាករ​​រូប​នេះ​​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន​១០​លើក។​ គេ​​សង្ឃឹម​ថា ប្រកួត​នៅ​សង្វៀន​Echo Arena ខាង​​មុខ​នេះ​នឹង​ពិត​ជា​នាំ​មក​នូវ​ជោគជ័យ​ជាថ្មី​ទៀត​។ បេលលូ​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាប់​ៗគ្នា​ក្នុង​ការ​ប្រកួត​២លើក​រួច​មក​ហើយ​ក្នុង​ឆ្នាំ​នេះ​។ ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​និយាយ​ថា​៖«កីឡា​ករ​ក្លេវើលី​មិ​ន​ដែល​ធ្លាប់​វាយ​អ្នក​ណា​ម្នាក់​ឲ្យ​សន្លប់​នោះ​ទេ​ ហើយ​គេ​កំពុង​តែ​យល់​សប្តិ​ដែល​គិត​ថា​វាយ​ខ្ញុំ​ឲ្យ​សន្លប់​នោះ​។ ប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ជួ​ប​នូវ​សុបិន​អា​ក្រក់​»៕