ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់បានអះអាងថា ខ្លួនត្រូវក្រុមមិនស្គាលអត្តសញ្ញាណមួយក្រុមព្រួតគ្នាវាយ ខណៈពេលកំពុងដើរចេញពីធ្វើការកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៣១ សីហា ២០១១ នៅចំណុចបរិវេណកាស៊ីណូហ្គោលដិន ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះសួន វាសនា អាយុ៣១ឆ្នាំ ជាចុងភៅនៅកាស៊ីណូ ហូលីដេ បានរងរបួសពេញលើផ្ទៃមុខតែម្តង។
ជនរងគ្រោះបានប្រាប់ថា ខ្លួនត្រូវជនមួយក្រុមមានគ្នា៤នាក់ វាយធ្វើបាបនៅពេលកំពុងវិលត្រឡប់ពីធ្វើការវិញ ចំណែកជនមួយក្រុមដែលវាយខ្លួននោះ មិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែខ្លួនបានស្គាល់មុខយ៉ាងច្បាស់។
នៅព្រឹកថ្ងៃទី៣១ សីហា នេះ ជនរងគ្រោះនឹងសាច់ញាតិបានដាក់ពាក្យបណ្តឹង នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែត្រូវក្រុមមន្ត្រី និងសមត្ថកិច្ចនៅទីនោះ ប្រាប់ឱ្យទៅដាក់ពាក្យនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតវិញ។ នៅពេលនោះ ជនរងគ្រោះបាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅអធិការនគរបាលក្រុងដើម្បីទាមទាររកយុត្តិធម៌ ហើយក៏ជិះម៉ូតូចេញទៅបាត់៕
ចែករំលែកព័តមាននេះ