*ក្លឹប Valencia សម្រេចកិច្ចព្រមព្រៀងលក់កីឡាករជួន ម៉ាតា ឱ្យក្លឹប Chelsea
ក្លឹប Valencia បានបញ្ជាក់តាមរយៈវ៉េបសាយរបស់ក្លឹបថា តម្លៃខ្លួនរបស់កីឡាករជួន ម៉ាតា អាយុ២៣ឆ្នាំ គឺ៣០លានអឺរ៉ូ ។ កាលពីមុននេះ កីឡាករជួន ម៉ាតា ខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញរបស់ក្លឹប Valencia ធ្លាប់ទទួលចំណាប់អារម្មណ៍ពីក្លឹប Arsenal និង Liverpool ជាក្លឹបល្បីនៅអង់គ្លេស ប៉ុន្តែក្នុងអំឡុងពេលចុងក្រោយនេះ គេបានទៅលើក្លឹប Chelsea ។ កីឡាករម៉ាតា គឺជាផ្នែកមួយក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដែលដណ្តើមជើងឯកបាល់ទាត់ពិភពលោក២០១០ នៅអាហ្វ្រិកខាងត្បូង ។ គេក៏ជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំ ដែលដណ្តើមជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១១ដែរ ។
*ហង្សក្រហម Liverpool ត្រៀមទិញខ្សែប្រយុទ្ធខេវិន ដល របស់ក្លឹប Wolves
លោកគេននី ដលគ្លីស គ្រូបង្វឹកក្លឹប Liverpool ត្រៀមពិចារណាទិញកីឡាករខេវិន ដល ខ្សែប្រយុទ្ធក្លឹប Wolves សម្រាប់ពង្រឹងក្លឹបនៅមុនពេលទីផ្សារទិញ-លក់ កីឡាករក្នុងរដូវកាលនេះ បិទនៅថ្ងៃទី៣១ សីហា ។ ក្លឹប Liverpool បានបញ្ជូនភ្នាក់ងារទៅឃ្លាំមើលលក្ខណៈលេងរបស់កីឡាករខេវិន ដលនៅឯទឹកដីក្លឹប Wolves កាលពីយប់ថ្ងៃទី២១ សីហា ដែលក្លឹប Wolves ឈ្នះក្លឹប Fulham 2-0 ក្នុងការប្រកួតក្របខណ្ឌប្រឺមីញេលីក ។ ឥរិយាបថរបស់ក្លឹប Liverpool ធ្វើឱ្យទីភ្នាក់ងារ សារព័ត៌មានដេលី ស្តារ របស់អង់គ្លេសរំពឹងទុកថា ក្លឹបអាចចំណាយប្រាក់១០លានផោនទិញខ្សែប្រយុទ្ធក្រុមជម្រើសជាតិអៀរឡង់មកពង្រឹង ក្លឹប ។
*ក្លឹប Mallaca អាចចំណាយ២២លានផោនទិញកីឡាករឌីមីថា ប៊ឺបាតូវ របស់ក្លឹប Man Utd
Mallaca ជាក្លឹបល្បីនៅក្របខណ្ឌបាល់ទាត់ Laliga អេស្ប៉ាញមានគម្រោងចំណាយប្រាក់ ២២លានផោន ទិញកីឡាករឌីមីថា ប៊ឺបាតូវ ខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លឹប Man Utd ទៅលេងឱ្យក្លឹបនៅមុនពេលបិទទីផ្សារនៅដំណាច់ខែសីហាខាងមុខ ។ មួយរយៈពេលចុងក្រោយនេះ មានរបាយការណ៍បញ្ជាក់ឱ្យដឹងថា ប្រធានក្លឹប Mallaca យល់ព្រមអនុម័តថវិកា២២លានផោនក្នុងការទិញកីឡាករឌីមីថា ប៊ឺបាតូវ ដើម្បីពង្រឹងក្លឹបក្នុងរដូវកាលថ្មីនៅមុនពេលទីផ្សារទិញ-លក់កីឡាករនឹងបិទនៅថ្ងៃទី៣១ សីហា ។
*Arsenal ដាក់សំណើ ១២លានផោន ទិញកីឡាករហ្គែរី ខេហ៊ីល ខ្សែការពារក្លឹប Boltons
ទីភ្នាក់ងារសាន់ដេ មីរ័រ របស់ក្លឹបអង់គ្លេសផ្សាយថា ក្លឹប Arsenal បានបង្កើតសំណើទិញកីឡាករហ្គែរី ខេហ៊ីល ខ្សែការពារក្លឹប Bolton នៅមុនពេលបិទទីផ្សារទិញ-លក់កីឡាករនៅ ថ្ងៃទី៣១ សីហា ។ កាលពីថ្ងៃទី២៥ សីហា Arsenal បានបដិសេធដាក់សំណើតម្លៃ៦លានផោន ទិញកីឡាករខេហ៊ីល ធ្វើឱ្យក្លឹប Bolton ខឹង ព្រោះប្រៀបដូចជាមើលស្រាលលើក្លឹប ប៉ុន្តែជាចុងក្រោយនេះ Arsenal ហាក់ដូចជាមានចិត្តចង់បានកីឡាករអាយុ២៥ឆ្នាំរូបនេះ ក្រោយពីខ្សែការពារនៅក្នុងក្លឹបរងរបួសជាច្រើននាក់ ។
សម្រាប់សំណើរបស់ Arsenal ជាថ្នូរនឹងកីឡាករខេហ៊ីល គឺ១២លានផោន បូកនឹងលក្ខខណ្ឌបង្កើនដល់១៥លានផោន ដោយអាស្រ័យលើជោគជ័យក្នុងការលេងឱ្យក្លឹបក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ