យោងទៅតាមប្រភពព័ត៌មានស៊ិអិន អិន ចេញផ្សាយកាលពីថ្ងៃទី៣០ សីហា បានឱ្យដឹងថា ៖ ក្លឹបកាំភ្លើងធំ Arsenal ដែលទើបតែត្រូវបានក្លឹបបិសាចក្រហម Man Utd បំបាក់៨-២ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បានយល់ព្រមទិញកីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឆូយុង ប៉ាក ដែលកំពុងលេងឱ្យក្លឹបបារាំង Monaco ក្នុងតម្លៃខ្លួន៨លានដុល្លារ ។
កីឡាករខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ នឹងចាប់ដៃគូជាមួយកីឡាករ Van Rersie នៅជួរមុខក្នុងការស៊ុតបាល់បញ្ចូលទី ។ បន្ទាប់ពីពិធីចុះហត្ថលេខាកីឡាករ ឆូយុង ប៉ាក បាននិយាយថា ៖ «ខ្ញុំមានការរំភើបចិត្តខ្លាំងណាស់ ពីព្រោះវាគឺជាកិត្តិយសមួយដ៏ធំសម្បើមណាស់ ដែលរូបខ្ញុំបានបណ្តែតខ្លួនមកចូលមកលេងក្នុងក្លឹបដ៏ល្បីមួយនេះ» ។ កីឡាកររូបនេះបានបន្តទៀតថា ៖ «ជាមួយនឹងការផ្តល់ទំនុកចិត្តពីក្លឹប ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរកជ័យជម្នះតបស្នងសងគុណក្លឹបវិញ និងដើម្បីអ្នកគាំទ្រផងដែរ» ។
ចំណែកឯលោកអាសេន វែងហ្គី គ្រូបង្វឹកក្លឹប Arsenal វិញ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ កីឡាករខ្សែប្រយុទ្ធមុខមាំ កម្ពស់១,៨៣ម៉ែត្រ នឹងក្លាយជាកម្លាំងប្រយុទ្ធថ្មីមួយទៀត ដើម្បីជួយក្លឹប Arsenal ក្នុងការប្រកួតប្រជែងយកតំណែងជើងឯកនារដូវកាលនេះ ។ គួររំលឹកដែរថា កីឡារឆូយុង ប៉ាក បានចូលលេងឱ្យក្រុមជម្រើសជាតិកូរ៉េតាំងពីឆ្នាំ២០០៥ ដោយស៊ុតបាល់បាន១៧គ្រាប់ ក្នុងការបង្ហាញវត្តមាន៥៣ប្រកួត ។ ចំណែកឯការលេងក្នុងក្លឹប Monaco វិញ គឺស៊ុតបាល់បាន២៥គ្រាប់ ក្នុង៩១ប្រកួត ៕
ចែករំលែកព័តមាននេះ