ទីភ្នាក់ងារព័ត៌មានគ្លូបលថែម កាលពីថ្ងៃទី៣០ សីហា ផ្សាយថា ករណីដែលអាជ្ញាធរចិនប្រកាសប្រមូលពន្ធនំព្រះខែក្នុងអំឡុងពេលរដូវស្លឹកឈើលាស់បង្កើតការមិនពេញចិត្តដល់អ្នកក្រុងប៉េកាំង ដោយនំព្រះខែផលិតពីម្សៅឈូកកិនជាមួយស្ករ ចាត់ទុកថាជាចំណូលប្រភេទមិនចំណាយប្រាក់សុទ្ធ និងបង់ពន្ធ។
តាមរយៈការស្រាវជ្រាវពីការយល់ឃើញរបស់ប្រជាជនគឺ៩៦%នៃអ្នកឆ្លើយតបពី ការសាកសួរមិនយល់ស្របលើការប្រមូលពន្ធនំព្រះខែ និងពួកគេយល់ថា ប្រសិនបើមានការប្រមូលពន្ធពួកគេនឹងមិនទទួលនំព្រះខែដែលជារង្វាន់លើកទឹកចិត្ត។ នៅក្នុងរបាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលកន្លងមកគណៈកម្មការធនធានពន្ធអាកររបស់ចិនមិនបានផ្តល់ហេតុផលលើការប្រមូលពន្ធនំព្រះខែ និងតម្លៃរបស់នំប្រភេទនេះបានកើនខ្ពស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅដោយអ្នកផលិតសង្កត់ធ្ងន់លើការផលិតនំមានលក្ខណៈផ្សេងៗដើម្បីឱ្យជនជាតិចិនមានតម្រូវការចង់បរិភោគកាន់តែខ្លាំង។
នំសែនព្រះខែប្រអប់ធម្មតា មានតម្លៃប្រហែល១០០យាន់ ឬប្រហែល១៣ដុល្លារសម្រាប់នំសែនព្រះខែមានបន្ថែមកូនកាំបិត និងថាសពណ៌មាស អាចលក់បានក្នុងតម្លៃខ្ពស់ជាង១០ដង។ ពិធីសែនព្រះខែជាលក្ខណៈប្រពៃណីបុរាណរបស់ជនជាតិចិនរៀបចំឡើងនៅកណ្តាលរដូវស្លឹកឈើលាស់ និងគេទទួលទាននំព្រះខែក្នុងពិធីនោះដែលរៀបចំឡើងនៅថ្ងៃពេញបូណ៌មីក្នុងខែកញ្ញា ឬខែតុលា។
សម្រាប់ពិធីបុណ្យដែលរៀបចំឡើងក្នុងរដូវនេះប្រារព្ធឡើងដើម្បីរំលឹកដល់ទេពធីតាព្រះខែដោយគេមានជំនឿថា បានចាប់កំណើតឡើងនៅថ្ងៃនេះ(ថ្ងៃសែនលោកខែ) ។ បុណ្យសែនលោកខែក្នុងឆ្នាំនេះត្រូវនឹងថ្ងៃទី១២ កញ្ញា ៕
ចែករំលែកព័តមាននេះ