ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត និងគួរឱ្យរន្ធត់ ចោលប្តី និងកូនដោយសារពួកចោរច្របាច់ករហូតដល់ដាច់ដង្ហើមកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ សីហា ២០១១ ស្ថិតក្នុងភូមិត្រពាំងសិលា សង្កាត់រកាក្រៅ ក្រុងដូនកែវ។
លោកឆុក អេងលី អធិការនគរបាលក្រុងដូនកែវ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ដោយអំពើប្លន់នេះមានឈ្មោះគង់ សុគន្ធា អាយុ៣៥ឆ្នាំ មុខរបរកាត់ដេរ ក្នុងផ្សារតាកែវ មានប្តីឈ្មោះសេង សៅ អាយុ២៦ឆ្នាំ មានកូនប្រុស២នាក់។ អំពើប្លន់នេះក្រុមចោរគ្មានអាវុធនៅក្នុងដៃទេ ប៉ុន្តែពួកគេអាងខ្លួនមានគ្នាច្រើន ហើយគ្រួសាររងគ្រោះមានគ្នាតិច សុទ្ធតែជាក្មេងៗ និងប្រពន្ធប្តី ទើបក្រុមចោរខាងលើថ្លើមធំហ៊ានចូូលប្លន់ ដោយចាប់ប្តីចងស្លាបសេកជាប់ ហើយច្របាច់.កស្ត្រីជាប្រពន្ធគំរាមរកទ្រព្យសម្បត្តិ ប៉ុន្តែប្រហែលជានាងប្រកែក ហើយមើលទៅទើបពួកចោរច្របាច់ក.រហូតស្ទះដង្ហើមដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង។
ចំពោះទ្រព្យសម្បត្តិដែលចោរប្រមូលយកទៅមានលុយ៧០ម៉ឺនរៀល ខ្សែ.កប្លាទីនមួយខ្សែទម្ងន់៣ជី ក្រវិលប្លាទីន៥ហ៊ុន១គូ ចិញ្ចៀនប្លាទីនទម្ងន់១ជី ១វង់ និងម៉ូតូឌ្រីម C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ តាកែវ 1B-3020 ។ ចោរចេញតាមផ្លូវក្រោយ ជិះម៉ូតូវាងទៅរកផ្លូវមុខគេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ