ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ដាវកាំប៉ិតកាចែត និងខ្វាង ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៣ និង៤០នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចទួលអង្គ ភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ក្នុងនោះមានស្រីម្នាក់ ឃាត់ខ្លួនបាន០២នាក់, គេចខ្លួន០២នាក់ រួមមាន ៖
១.ឈ្មោះ សំ សុភ័ក្ត ហៅ ទើយ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ ភូមិ តាអោក ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+)។
២.ឈ្មោះ សាន រុំ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ ភូមិ តាឡក សង្កាត់ ក្សេនក្សាន ក្រុង ឧដុង្គម៉ែជ័យ ខេត្ត កំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម(+)។
៣.ឈ្មោះ ខន ឃីម ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ លក់ថ្នាំញៀន ស្នាក់នៅ ភូមិ ស្ដុកចាន់ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្ដាល។ (គេចខ្លួន)
៤.ឈ្មោះ ចាន់ ធួន ភេទ ស្រី អាយុប្រហែល ៣០ឆ្នាំជាង មុខរបរ លក់ថ្នាំញៀន ស្នាក់នៅ ភូមិ ម្កាក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្ដាល។ (គេចខ្លួន)
ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖
១.សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ១១កញ្ចប់តូច ទម្ងន់សរុប ៣,២៦ ក្រាម ។
២. ជញ្ជីងអេឡេត្រន៉ីចចំនួន:០១គ្រឿង។
៣.ទូរសព្ទចំនួន០៤គ្រឿង ម៉ាក (vivo ចំនួន:០២គ្រឿង, អ៉ីនចុចពិល ចំនួន: ០២គ្រឿង។
៤.ឧបករណ៍វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។
៥.កាបូបតូចស្ពាយចំនួន០១។
៦.កាំប៉ិតកាចែតចំនួន០១ដើម។
៧.ដាវចំនួន:០១ដើម។
៨.ខ្វាងចំនួន:០១ដើម។
នគរបាលស្រុកពញាឮ បានឲ្យដឹងថា មានប្រជាពលរដ្ឋល្អរាយការណ៍មកផ្នែកជំនាញផ្នែកប្រឆាំងគ្រឿងញៀនថា មានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង ធ្វើការចុះល្បាត ទៅដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យចំនួន០១នាក់ ឈ្មោះ សំ សុភ័ក្ត ហៅ ទើយ ដែលជាមុនសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលប៉ុស្តិ៍កំពង់គ្រប់គ្រងក្នុងបញ្ជី កម្លាំងសមត្ថកិច្ចក៏ហៅសួរនាំ ត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន០២កញ្ចប់តូច និងជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀន និងឧបករណ៍វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន ព្រមទាំងកាំប៉ិតចំនួន០១ និងខ្វាងចំនួន០១ ឃើញដូច្នេះ សមត្ថកិច្ចធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន និងវត្ថុតាង យកមកសួរនាំ ។
បន្ទាប់មក កម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មការធ្វើការឆែកឆេរ បន្ទប់របស់ជនសង្ស័យឈ្មោះ សំ សុភ័ក្ត ហៅ ទើយ ដែលកំពង់ស្នាក់នៅផ្ទះជាមួយបងស្រីបង្កើតឈ្មោះ សំ សារិន បានរកឃើញមានថ្នាំញៀនចំនួន០៩កញ្ចប់តូច និងដាវចំនួន០១ដើមទៀត ។
ក្រោយមករសមត្ថកិច្ច ក៏បានស្វែងរកឃើញជនសង្ស័យម្នាក់ទៀត កំពង់សំងំពួននៅក្នុងព្រៃកន្លែងកើតហេតុ។ រួចហើយសមត្ថកិច្ច ក៏បាននាំជនសង្ស័យទាំង០២នាក់ ព្រមទាំងសម្ភារៈ វត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សំ សុភ័ក្ត ហៅ ទើយ នៅចំពោះមុខសមត្ថកិច្ចថា ថ្នាំញៀនចំនួន១១កញ្ចាប់តូច និងឧបករណ៍វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈ ដែលសមត្ថកិច្ចរកឃើញនេះ គឺពិតជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀន ដែលខ្លួនយកមកលក់សព្វថ្ងៃនេះ គឺខ្លួនទិញពីឈ្មោះ ខន ឃីម ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិស្ដុកចាន់ ឃុំឈ្វាំង ស្រុកពញាឮ និងទិញពីឈ្មោះ ចាន់ ធួន ភេទស្រី អាយុប្រហែល ៣០ឆ្នាំជាង នៅភូមិម្កាក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីយកមករំលែកទុកលក់អោយគេ ដោយបានផលចំណេញពីការលក់ថ្នាំញៀន ទុកដោះស្រាយជីវភាព និងបង់ថ្លៃភ្លើង។ រីឯជនសង្ស័យឈ្មោះ សាន រុំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀនប្រាដកមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និង សម្ភារ:វត្ថុតាង បានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធីច្បាប់ ៕



ចែករំលែកព័តមាននេះ