* Arsenal យល់ព្រមលើតម្លៃខ្លួនកីឡាករចូអេល ខាំបេល ខ្សែប្រយុទ្ធវ័យក្មេងជនជាតិកូស្តារីកា
តាមសារព័ត៌មានបរទេសផ្សាយកាលពីថ្ងៃទី១៣ សីហា ថា អ្នកគាំទ្រក្លឹប Arsenal ត្រៀមស្វាគមន៍កីឡាករវ័យក្មេងមកលេងឱ្យក្លឹប បន្ទាប់ពីក្លឹបបានបញ្ជាក់តាមវ៉េបសាយផ្លូវការថា យល់ព្រមលើតម្លៃខ្លួនកីឡាករចូអេល ខាំបេល ខ្សែប្រយុទ្ធអាយុ១៩ឆ្នាំ របស់ក្លឹប Deportivo ក្នុងចំនួនប្រហែល១លានផោន ។ លោកអាសេន វេងហ្កឺ គ្រូបង្វឹក Arsenal បានឱ្យដឹងថា «កីឡាករចូអេល ខាំបេល មានសមត្ថភាពល្អ រួមទាំងមានទម្រង់លេងលេចធ្លោ ហើយយើងនឹងសហការឱ្យល្អជាមួយគេ ដើម្បីពង្រឹងក្លឹបរបស់ខ្លួន» ។
* ក្លឹបហង្សក្រហម Liverpool យល់ព្រមចំណាយ៦លានផោន ទិញកីឡាករចូសេ អេនរីហ្គេ ខ្សែការពារក្លឹប Newcastle
សារព័ត៌មានអង់គ្លេសជាច្រើនបានចុះផ្សាយក្នុងទស្សនៈស្របគ្នាថា ក្លឹបហង្សក្រហម Liverpool យល់ព្រមចំណាយប្រាក់៦លានផោន ដល់ក្លឹប Newcastle ក្នុងការទិញកីឡាករចូសេ អេនរីហ្គេ ហើយបច្ចុប្បន្នកីឡាកររូបនេះបានទៅត្រួតពិនិត្យសុខភាពរួចរាល់ហើយ ។ កីឡាករខ្សែការពារខាងឆ្វេងអាយុ២៥ឆ្នាំ រូបនេះ បានផ្លាស់ចេញពីក្លឹប Villarreal ក្នុងក្របខណ្ឌ La Liga អេស្ប៉ាញ មកលេងឱ្យក្លឹប Newcastle កាលពីឆ្នាំ២០០៧ ហើយការផ្លាស់ចេញពី Newcastle ទៅលេងនៅក្លឹប Liverpool អាចជួយសម្រាលបន្ទុកខ្សែការពារខាងឆ្វេងរបស់ក្លឹបបានមួយកម្រិត ព្រោះមួយរយៈពេលកន្លងមក Liverpool ជួបនឹងវិបត្តិខាងលើ ។
* Arsenal ទិញកីឡាករអាឡេក អុកឡេត សេមប៊័រលេន របស់ក្លឹប Southampton ជាកីឡាករទី៣
ក្លឹបកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌប្រឺមីញេលីក សម្រេចកិច្ចព្រមព្រៀងទិញកីឡាករអាឡេក អុកឡេត សេមប៊័រលេន ពីក្លឹប Southampton មកលេងឱ្យក្លឹបជាកីឡាករទី៣ ក្នុងរដូវកាលនេះ បន្តពីកីឡាករស៊័រវិនញ៉ូ និងកីឡាករខាល ជេនហ្គីនសុន ។ ក្លឹប Arsenal បង្ហាញចំណាប់អារម្មណ៍លើសេមប៊័រលេន អាយុ១៩ឆ្នាំ ក្នុងរយៈពេលយូរ និងអាចទិញបានដោយជោគជ័យកាលពីថ្ងៃទី៨ សីហា ដោយ Arsenal បានចំណាយប្រាក់លើតម្លៃខ្លួនរបស់សេមប៊័រលេន ចំនួន១២លានផោនដល់ក្លឹប Southampton និងអាចបង្កើន៣លានផោនទៀត ស្របតាមចំនួននៃការចូលលេង និងការទទួលជោគជ័យក្នុងពេលអនាគត ។
* ក្រុមជម្រើសជាតិរូម៉ានី ដាក់បម្រាមលើកីឡាករអាឌ្រៀន មូទូ មិនឱ្យចូលលេងក្នុងក្រុមជម្រើសជាតិពេញមួយអាជីព
អាឌ្រៀន មូទូ ខ្សែប្រយុទ្ធក្លឹប Cesena ក្នុងក្របខណ្ឌបាល់ទាត់ Calcio Serie A អ៊ីតាលី នៅតែមានបញ្ហាឥតឈប់ឈរ និងជាចុងក្រោយនេះត្រូវសហព័ន្ធបាល់ទាត់រូម៉ានី ដាក់បម្រាមមិនឱ្យចូលលេងក្នុងក្រុមជម្រើសជាតិពេញមួយជីវិត ដោយសារមានរឿងក្តីប្រព្រឹត្តខុសច្បាប់ ដើរកម្សាន្ត និងផឹកស្រាស្រវឹងជាមួយមិត្តភក្តិនៅមុនពេលប្រកួតមិត្តភាពដែលរូម៉ានី ឈ្នះក្រុមជម្រើសជាតិសាន ម៉ារីណូ ១-០ កាលពីថ្ងៃទី១០ សីហា កន្លងទៅ ។ ក្នុងរបាយការណ៍បញ្ជាក់ថា ការដើរកម្សាន្តពេលយប់របស់មូទូ ជាមួយកីឡាករហ្គាប្រៀល ថាម៉ាស់ កាលពីយប់ថ្ងៃទី៨ សីហា ធ្វើឱ្យលោកវិកទ័រ ពីទូហ្គា គ្រូបង្វឹកក្រុមជម្រើសជាតិរូម៉ានី មិនពេញចិត្ត និងរាយការណ៍ទៅសហព័ន្ធបាល់ទាត់រហូតធ្វើឱ្យកីឡាករមូទូ និងថាម៉ាស់ ត្រូវទទួលបម្រាមមិនឱ្យលេងក្នុងក្រុមជម្រើសជាតិអស់មួយជីវិត។
*គ្រូបង្វឹក Man Utd បន្តកិច្ចសន្យាជាមួយកីឡាករប៉ាក ជីស៊ុង ខ្សែបម្រើកូរ៉េខាងត្បូងរហូតដល់ដំណាច់ឆ្នាំ២០១៣
កីឡាករប៉ាក ជីស៊ុង ខ្សែបម្រើក្លឹប Man Utd មានទម្រង់លេងល្អនៅក្នុងក្លឹបជាបន្តបន្ទាប់ចាប់តាំងពីផ្លាស់ចេញពីក្លឹប Eindhoven កាលពីឆ្នាំ២០០៥ ដោយគេអាចស៊ុតបញ្ចូលទីបាន២៤គ្រាប់ តាមរយៈការចូលលេងចំនួន១៧៧លើក រហូតធ្វើឱ្យលោកអាឡិច ហ្វើគូសុន គ្រូបង្វឹក Man Utd ទទួលស្គាល់គេថា ជាកីឡាករកម្លាំងចម្បងក្នុងការប្រកួតសំខាន់ៗ ។ គ្រូបង្វឹកក្លឹប Man Utd ថ្លែងថា «ប៉ាក ជីស៊ុង ជាកីឡាករសំខាន់របស់យើង ព្រោះគេមានសមត្ថភាពគ្រប់គ្រាន់។ កាលពីរដូវកាលកន្លងមក គេអាចស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតសំខាន់ៗបាន។ គេជាកីឡាករដ៏ពេញនិយម និងមានបទពិសោធន៍ខ្ពស់ដែលត្រូវបន្តកិច្ចសន្យារហូតដល់ដំណាច់ឆ្នាំ២០១៣» ៕
ចែករំលែកព័តមាននេះ