ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងសាំស៊ុង (Samsung) បានដាក់បង្ហាញទូរស័ព្ទដៃស្មាតហ្វូនដែលប្រើបច្ចេកវិទ្យារបស់ខ្លួនផ្ទាល់ចំនួន៣ម៉ូដែល ក្នុងខណៈក្រុមហ៊ុននេះស្វែងរកការពង្រីកការចែកចាយនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយឡើង។
ការបញ្ចេញម៉ូដែលទូរស័ព្ទថ្មីស៊េរី Wave បន្តបន្ទាប់គ្នាជាមួយនឹងប្រព័ន្ធសហ្វវែរ (Software) របស់សាំស៊ុង Bada នេះ គឺបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះពីអ្នកផលិតត្រឹមហាតវែរ (Hardware) ទៅជាអ្នកផលិតសហ្វវែរ (Software) ។ លើសពីនេះទៀតវាក៏ជាបំណងមួយនៃការបំពាក់រាល់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុនសាំស៊ុងមានដូចជាទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនថតចម្លងនិងម៉ាស៊ីនកុំព្យួទ័រឲ្យនៅក្រោមប្រព័ន្ធសហ្វវែរ (Software) តែមួយផងដែរ។
ប្រភេទទូរស័ព្ទដៃស្មាតហ្វូនដែលក្រុមហ៊ុនសាំស៊ុងបានយកមកបង្ហាញកាលពីថ្ងៃអង្គារសប្តាហ៍នេះមានដូចជា Wave 3 មានអេក្រង់AMOLED៤អ៊ីញនិងមានកាមេរ៉ា៥មេហ្គាភីកសែល ព្រមទាំង Wave M និង Wave Y ។ ស្មាតហ្វូនម៉ូដែល Wave M នឹងមានធូលផ្ញើសារថ្មីដំបូងបំផុត ChatOnដែលបានដំឡើងរួចជាស្រេច។ ចំណែកម៉ូដែល Wave Y មានអេក្រង់៣.២អ៊ីញ។ ម៉ូដែលទាំងនេះនឹងត្រូវដាក់លក់នៅលើទីផ្សារនាខែតុលា។
សាំស៊ុងបានក្លាយទៅជាក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូនលំដាប់ទី២ពិភពលោកក្នុងត្រីមាសទី២នេះ។ ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែរៀបចំផែនការវាយលុកទីផ្សារពិភពលោកជាមួយនឹងទូរស័ព្ទដៃមានតម្លៃថោក១គ្រឿងថ្លៃ២០០ដុល្លារអាមេរិកឬក្រោមនេះ៕
ចែករំលែកព័តមាននេះ