ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្សង់ទីន​​ ​ដែនដី​​ប្រមូល​​ផ្តុំ​អ្នក​ប្រដាល់​​​​ស្រី​​​កម្រិត​​ពិភព​លោក​​​ច្រើន​​​ជាងគេ

13 ឆ្នាំ មុន

ការ៉ូលីណា ឌូអឺរ (Carolina Duer) ​ប្តេជ្ញា​​​ចិត្ត​​ប្តូរ​មុខ​​​របរ​​ប្រចាំ​​ថ្ងៃ​ពីអ្នក​​គ្រប់​គ្រង​​​ភោជនីយ​​ដ្ឋាន​​​​របស់​ឪពុក ​​​មក​ជាកីឡាការិនី​​ប្រដាល់​​​​សាកល ។ ការដូរដោះបែបនេះ ក្រៅពី​​រូប​នាង​​ប្រហែល​គ្មាន​​​ស្រីណា​ធ្វើ​ឡើយ​។ សព្វ​ថ្ងៃ​បំណង​របស់​នាង​បាន​ឈាន​ដល់​​គោល​ដៅ​ហើយ ​ដោយ​បាន​​​ក្លាយ​ជា​កីឡាការិនី​​ប្រដាល់​​​ជើង​ឯក​​​លំដាប់​​​​ពិភព​លោក​

ការ៉ូលីណា ឌូអឺរ (Carolina Duer) ​ប្តេជ្ញា​​​ចិត្ត​​ប្តូរ​មុខ​​​របរ​​ប្រចាំ​​ថ្ងៃ​ពីអ្នក​​គ្រប់​គ្រង​​​ភោជនីយ​​ដ្ឋាន​​​​របស់​ឪពុក ​​​មក​ជាកីឡាការិនី​​ប្រដាល់​​​​សាកល ។ ការដូរដោះបែបនេះ ក្រៅពី​​រូប​នាង​​ប្រហែល​គ្មាន​​​ស្រីណា​ធ្វើ​ឡើយ​។ សព្វ​ថ្ងៃ​បំណង​របស់​នាង​បាន​ឈាន​ដល់​​គោល​ដៅ​ហើយ ​ដោយ​បាន​​​ក្លាយ​ជា​កីឡាការិនី​​ប្រដាល់​​​ជើង​ឯក​​​លំដាប់​​​​ពិភព​លោក​ ប្រភេទ​ទម្ងន់​​​រុយ ។

រឿង​​រ៉ាវ​ការ៉ូលីណា ​ឌូអឺរ ​ឆ្លុះ​បញ្ចាំង​​​​ពី​​តថភាព​​​កំពុង​​កើត​មាន​ក្នុង​វិស័យ​​កីឡា​​​ប្រដាល់​​ស្រី​​នៅអាហ្សង់​ទីន​​ ។ នារី​​​ផ្សារភ្ជាប់​​ខ្លួន​ជា​មួយ​កីឡា​មាន​​លក្ខណៈ​​​ប្រយុទ្ធ​​នេះ ក្រៅពី​​ហេតុផល​​ចំណូល​​ចិត្ត​ខ្លាំង​ គឺហេតុ​​ផល​រក​ប្រាក់​ចិញ្ចឹម​​​ខ្លួន​និង​គ្រួសារ​។ ដូច្នេះ​​ហើយ​ទើប​​ពួកគេ​​បាន​ទទួល​​​ផល​ល្អ​​អស់ពី​​​ម្នាក់​​ដល់​ម្នាក់​ជា​បន្ត​បន្ទាប់​ ។ ប្រទេស​អាហ្សង់​ទីន​​​មាន​​ជើង​ឯក​​​នារី​​ផ្នែក​​​ប្រដាល់​​សាកល​​​លំដាប់​​ពិភព​លោក​​៨​នាក់ ឃើញ​​ថា​ច្រើន​ជាង​ប្រទេស​ណាៗទាំង​អស់​ ។ ការ៉ូលីណា ឌូអឺរ ​និយាយ​​ពី​ការ​យល់​​ឃើញ​​​​របស់​ខ្លួន «​អ្នក​​​ប្រដាល់​​​អាជីព​និង​​​គ្រូ​បង្វឹក​​​​អាជីពអាច​​​​រស់​បាន​​ធូរ​ធារ ដូច្នេះ​​ហើយ​​ទើប​មាន​​​​នារីខ្លះ​​​ជ្រើស​​​​​យក​​របរ​ប្រដាល់​​​សម្រាប់​​​​ទ្រទ្រង់​​ជីវិត​​ផ្ទាល់​ខ្លួន​​​ក៏ដូច​គ្រួសារ ។ សម្រាប់​​កីឡា​ប្រដាល់​ មិត្ត​​​ត្រូវជក់​ចិត្ត​​​​ហ្វឹក​​ហាត់​ជា​ប្រចាំ​​ មិន​ថា​ពេល​ណា ពេល​ណាទេ ជាមួយ​​គ្នា​នេះ​ក៏ត្រូវ​​យក​ចិត្ត​​ទុក​ដាក់​​​​​ខ្លាំងរបបបំប៉ន ​និង​ផ្នែក​​ផ្សេងៗ​​​​ច្រើន​ទៀត​​​ដើម្បី​​​រក្សា​​ទម្ងន់​​​​ខ្លួន​​​ឱ្យ​មាន​​​លំនឹង​​ដដែល​កុំ​​ឱ្យ​​ឡើង​ចុះ ។ បើ​​មិត្ត​​ភ្លេចខ្លួន​​ គិតតែ​​​លង់​​ជាមួយ​​​ការ​ស៊ីផឹក​​​សប្បាយ​ នោះ​បាន​សេចក្តី​​​ថា​ធ្វើ​​ឱ្យ​ខ្លួន​​​អស់លក្ខណ៍​​​​ដោយខ្លួន​ឯង​​» ។

ការ៉ូលីណា ឌូអឺរ ​ត្រូវ​បាន​​ចាត់​ទុក​​ជា​ករណី​​ចម្លែក​​ក្នុង​មជ្ឈដ្ឋាន​​​​កីឡា​មាន​លក្ខណៈ​​ហិង្សា​នេះ។​ មុនពេល​​​​សម្រេចចិត្ត​​​​​ផ្ញើ​ជីវិត​​លើ​​សង្វៀន​​​​ប្រដាល់​​ នាង​ជាអ្នក​​គ្រប់​​គ្រង​​​ភោជនីយដ្ឋាន​​​ច្រើន​​កន្លែង​​របស់​ឪពុក​ និង​​​ជួយ​​មើល​ខុស​ត្រូវ​​​​​តាម​ដាន​​​​ការងារ​​គណនេយ្យ​​ផង ។ នាង​កើត​​ក្នុង​គ្រួសារ​​​ធូរធារ​​​គួរសម ក្នុង​គ្រួសារ​​នាង​​គ្មាន​​​អ្នក​ណា​​ភ្ជាប់​​​ខ្លួន​ជាមួយ​វិស័យ​​កីឡា​​​អ្វី​ទាំងអស់​ មាន​តែ​​នាង​​ម្នាក់​ប៉ុណ្ណោះ​សុខៗ​​ស្រាប់​តែ​​​ស្រឡាញ់​​កីឡា​​​និង​ជ្រើស​​យក​​កីឡាមាន​លក្ខណៈ​​​ប្រយុទ្ធ​​​ស្លាប់​​រស់​ទៀត ។ ការ​​ប្រែប្រួល​​របស់​នាង​​ចាប់​​ផ្តើម​​ក្នុង​ឆ្នាំ​២០០៣​ ពេល​​នាង​​អាយុ​២៣ឆ្នាំ​​ ។ កាលណោះ​​នាង​​​តាម​​មិត្តភក្តិ​​ទៅ​មើល​​គេ​ហាត់​​ដាល់​​ក្នុង​ក្លឹប​កីឡា​​​​ប្រដាល់​​មួយ​ បន្ទាប់​មក​​ស្រាប់​​​​តែលែង​​ចង់​ធ្វើ​ការ​​ងារ​​ប្រចាំថ្ងៃ​​​របស់​​ខ្លួន​​ដូចមុន​ អារម្មណ៍​​គិត​តែ​បាញ់​ទៅរក​​កីឡា​​ប្រដាល់​។ ការ៉ូលីណា ​​ឌូអឺរ និយាយ​​ប្រាប់​មិត្ត​ភក្តិ​«​​ពេល​​ទៅ​មើល​​​​​គេហាត់​​ដាល់​នោះ​ ខ្ញុំ​​រំភើប​ចិត្ត​​​​ខ្លាំង​​មែនទែន ។

លោក​​គ្រូបង្វឹក​​​ចេះ​តែ​សម្លឹងមុខ​​ខ្ញុំ​។ ទីបំផុត​​​គាត់​ដើរ​​​មក​រក​ខ្ញុំ​ សួរ​ត្រង់ៗ​​​ តើ​​ក្មួយ​ស្រី​​​ចង់​​​​ក្លាយ​ជាអ្នក​ប្រដាល់​​ទេ ? ខ្ញុំ​ឆ្លើយ​​វិញ​ថា​​ ច៎ាស ចង់​​​ខ្លាំងណាស់ ។ ​ឮ​ដូច្នេះ គាត់​ប្រាប់​​​វិញ ថា បើ​ក្មួយ​​​​​ស្រីពិតជា​​ចង់​មែន​ ពូនឹង​​​ប្រែ​ក្លាយ​​​ក្មួយ​​ឱ្យ​ក្លាយ​​ជា​​អ្នក​​​ប្រដាល់​ជើង​ឯក​ ។ មិន​​​អួត​ទេ ខ្ញុំ​ជា​​ស្រីចិត្ត​រឹង​ប៉ឹង​​​​តាំងពីតូច​ដល់​​ធំ​ អត់​ចេះ​​ខ្លាច​អ្វី​​​ទាំងអស់ ។ លោកគ្រូ​​បង្វឹក​​​ប្រហែល​​​ឃើញ​​​ចរិត​​នេះ​​របស់​ខ្ញុំ​​​តាំងពី​ដំបូង​​​ គួប​ផ្សំ​​​នឹង​ខ្ញុំ​​មាន​​កាយ​​សម្បទា​​មាំមួន​​​ផង ទើប​គាត់​ចេះ​តែ​មើល​​មុខខ្ញុំ​ ហាក់​​ដូចចាប់​​អារម្មណ៍​​​​ខ្លាំង​​មក​លើ​ខ្ញុំ​ ​។ ព្រោះ​តែ​ដូច្នេះ​ហើយ​​ទើប​ខ្ញុំ​​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​​តាំងពី​​ពេល​នោះ​» ។​

​ជាមួយ​បទពិសោធន៍​​ការងារ​គ្រប់​គ្រង​​​ភោជនីយដ្ឋាន​​​កន្លងមក ការ៉ូលីណា ឌូអឺរ មិន​​ត្រឹម​​តែ​​យល់​​បាន​ល្អ​​នូវ​ការ​រៀបចំ​យ៉ាងម៉េច​​​​ខ្លះ​សម្រាប់​​ប្រកួត​ជាមួយ​​​​ដៃគូ​ណាម្នាក់​​ដើម្បី​​​បាន​ទទួល​តម្លៃខ្លួនខ្ពស់​​​ប៉ុណ្ណោះ​ទេ ​នាង​​ថែមទាំង​​​ចេះ​​ធ្វើ​ការ​​​​ចរចា​​បាន​ល្អ​ជាមួយ​​ក្រុម​ហ៊ុន​​​​ឧបត្ថម្ភ​ផងដែរ ។ ​ការ​​រក​បាន​​អ្នក​ឧបត្ថម្ភ​​​សម្រាប់​​កីឡា​ប្រដាល់​​​​ជា​ការ​​លំបាក​ លុះ​ត្រា​​កីឡាករ​​-កីឡាកា​រិនី​​​បង្ហាញ​​​សមត្ថ​ភាព​​​​ឱ្យគេ​​​ឃើញ​និង​ទុក​ចិត្ត ។ ការ៉ូលីណា ឌូអឺរ និយាយ​​​ពីបទ​ពិសោធន៍​​​ផ្ទាល់​ខ្លួន​ «​ការ​ស្វែង​រក​​អ្នក​​​ឧបត្ថម្ភ​​​មិនមែន​​រឿង​​​ងាយ​​ស្រួល​​ឡើយ ។ ​នៅ​លើ​​សង្វៀន​​​​ មិត្ត​​ប្រើ​កម្លាំង​ ប្រើ​​បច្ចេក​ទេស​​ប្រយុទ្ធ​​​ គួប​ផ្សំ​​​នឹង​ការ​​​ជឿជាក់​​លើ​​ភាព​​​​ខ្លាំង​របស់​​ខ្លួន​ ជឿថា​ខ្លួន​​ជាជើង​​ឯក​ពិតៗ​ ។ ​ប៉ុន្តែ​​ដើរ​​គោះ​​ទ្វារផ្ទះ​​​គេស្វែង​​រក​ការឧបត្ថម្ភ​ គឺជាការ​​​​​ងារ​ប្រើ​​​ខួរ​ក្បាល​​ច្រើ​នជាង​​​សាច់​​ដុំ​»​។​

​ដូចការ៉ូលីណា ​ឌូអឺរ ​នាង​បេទីណា ហារីណូ ​ផ្សារភ្ជាប់​​​ខ្លួន​ជាមួយ​កីឡា​ប្រដាល់​​ ព្រោះ​តែ​​ចំណូល​​​ចិត្ត​ផង​ ប្រាក់​​ចិញ្ចឹម​​​ជីវិត​ផង ។ ឆ្នាំ​២០១០ ​បេទីណា ហារីណូ គ្រង​​​តំណែង​​ជើង​ឯក​​​ពិភព​លោក​​ផ្នែក​​ប្រដាល់​​នារី ប៉ុន្តែ​​ក្រោយពី​នោះ​ មិន​យូរ​ប៉ុន្មាន ក្នុង​ការ​ប្រកួត​​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន នាង​​បរាជ័យ​​ត្រូវគេ​​យក​ខ្សែក្រវាត់​​​​​ទៅ​បាត់ ។ សព្វថ្ងៃ​​​នាង​​កំពុង​​ប្រឹង​ប្រែង​​ហ្វឹក​​ហាត់​​​ដើម្បី​​ដណ្តើម​​​​យក​​ខ្សែក្រវាត់​​​​នោះ​វិញ​ ។ បេទីណា ​ហារីណូ ​និង​ការ៉ូលីណា ឌូអឺរ ហាត់​ក្នុង​ក្លឹប​​ប្រដាល់​​ជាមួយ​គ្នា ​​នៅ​រដ្ឋធានី​​​ប៊ុយ​​​អេណូស្សែ៊រ ។ ​ក្លឹប​នោះ​​ពីមុន​​មាន​តែ​ប្រុស​ៗប៉ុណ្ណោះ តែសព្វ​ថ្ងៃ​​​មាន​នារី​​ចូលរួម​​​កាន់​តែ​​​ច្រើន​ឡើង​​​ក្នុង​​​​ជំនាញ​វាយ​​តប់​​នេះ ។​

​​សហព័ន្ធ​​កីឡា​​​ប្រដាល់​​អាហ្សង់​ទីន​​ ​បច្ចុប្បន្ន​ មាន​កីឡាការិនី​​ជាង​១០០​នាក់ ​ជាតួលេខ​​ដ៏ខ្ពស់​​​មិន​​ធ្លាប់​​មានកាលពីមុន ។ ​លោក​​អាល់​ប៊ែរតូ ​គ្រូបង្វឹក​ការ៉ូលីណា ​ឌូអឺរ​​ ​និយាយ​​ថា កីឡាកា​រិនី​​​​​ប្រដាល់​​​​អាហ្សង់​ទីន​​​​ ទើប​​តែ​ចាប់​ផ្តើម​​មាន​​ច្រើន​ក្នុង​ពេល​១៥​​ឆ្នាំចុង​ក្រោយ​នេះ ​បន្ទាប់​ពី​​កីឡា​ការិនី​​​ឈ្មោះ​ម៉ាសឺឡា ដែល​មាន​​រហស្ស​នាម​​​​ថា «​​​ខ្លាញី​​»ក្លាយ​ជា​​​ជើង​ឯក​​​ប្រដាល់​​ពិភព​លោក​។ ពួក​កីឡាករ​​​ប្រដាល់​​​ប្រុសៗ ដែល​ពីដើម​​ចាត់​ទុក​ជារឿង​​ចម្លែក​​នៅពេល​​​ឃើញ​​ស្រីចូល​​​ហាត់​ប្រដាល់​ លុះ​​ឥឡូវ​​ស្រីៗ​កាន់​តែ​​ច្រើន​ឡើង​​​ចូល​​ប្រឡូក​​ក្នុង​វិស័យ​កីឡា​នេះ​ វា​ក្លាយ​ជា​រឿង​​​​​ធម្មតា​​សម្រាប់​​ពួកគេ​​ទៅ​វិញ ។ ពួកគេ​​លែង​ហ៊ាន​​ចំអក​​លេង​សើចដូចមុនៗ​ហើយ ៕ ​​