ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៧ សីហា ក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជានៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោកឆាយ វណ្ណា អនុរដ្ឋលេខាធិការ និងលោកសំហេង បុរស អគ្គាធិការ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួង បានចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារកំព្រានៅមណ្ឌលខេត្តព្រះសីហនុ ចំនួន១៦៦នាក់ ។
អំណោយដែលផ្តល់ដល់កុមារកំព្រាក្នុងឱកាសនោះមានអង្ករ១តោន មី៣០កេស ទឹកផ្លែឈើ៥កេស ខោអាវ៥កាតុង ប៊ិច សៀវភៅ និងឧបត្ថម្ភប្រធានមណ្ឌល១០ម៉ឺនរៀល ម៉ែដោះ មន្ត្រីមណ្ឌល១៦នាក់ ក្នុងម្នាក់២ម៉ឺនរៀល និងកុមារកំព្រាទាំង១៦៦នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល។
លោកសំហេង បុរស បានបញ្ជាក់ថា នៅក្នុងក្រសួងសង្គមកិច្ចមានមន្ត្រីរាជការស្ថិតនៅក្នុងវ័យយុវជនចំនួន២២៥នាក់ ធ្វើការងារក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះ ។ លោកបន្តថា ចំពោះប្អូនកុមារ និងយុវជន គឺជាធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ ដូចនេះប្អូនៗត្រូវខិតខំសិក្សារៀនសូត្រយកចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីយកទៅបម្រើការងារឱ្យមានអនាគតល្អប្រសើរ ។
លោកឆាយ វណ្ណា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជាទាំង៣ គឺសម្តេចមានឆន្ទៈស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាងធ្វើការតស៊ូរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ជាង៣២ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តើមចេញពីនយោបាយឈ្នះ=ឈ្នះប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យចាប់ពីទីក្រុងរហូតដល់ជនបទ ។
លោកបានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី មើលឃើញអនាគតប្រទេសជាតិបានផ្តល់អនុសាសន៍ចំពោះក្រុមការងារយុវជននូវចំណុចសំខាន់ៗ ដូចជាការដាក់ចេញនូវនយោបាយត្រឹមត្រូវធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាជន មានធនធានមនុស្សប្រកបដោយសមត្ថភាព មានរបៀបរបបធ្វើការត្រឹមត្រូវ សាមគ្គីផ្ទៃក្នុងរឹងមាំ និងត្រូវចេះប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវមានតម្លាភាពផងដែរ ៕
ចែករំលែកព័តមាននេះ