ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៨ សីហា វេលាម៉ោង៦ព្រឹកមានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ឡាលីន ស្ថិតនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។ សពត្រូវបានគេស្គាល់ឈ្មោះគង់ ស៊ីនួន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍។
តាមរបាយការណ៍ប៉ូលិសឱ្យដឹងថា មុនពេលស្លាប់ឈ្មោះគង់ សីុនួន និងមិត្តភក្តិ៤នាក់ទៀតបាននាំគ្នាទៅច្រៀងខារ៉ាអូខេនៅហាងមនោរម្យដោយផឹកស្រាបៀរអស់២កេសនៅម៉ោង២៤ ថ្ងៃទី២៧ សីហា រហូតដល់ម៉ោងប្រហែលជាង២រំលងអធ្រាត្រទើបឈប់រួចនាំស្ត្រីលក់ស្រាបៀរមកដេកនៅផ្ទះសំណាក់ខាងលើកំដរអារម្មណ៍ទាំងអស់គ្នា បន្ទាប់មកស្ត្រីម្នាក់ក៏ត្រឡប់ទៅហាងវិញ ។
ពេលសម្រាកនៅផ្ទះសំណាក់ឡាលីន នោះឈ្មោះស៊ីនួន បានដេកនៅបន្ទប់លេខ២០៨ ជាមួយនារីឈ្មោះឈុំ ស្រីរិទ្ធ ហៅរ័ត្ន អាយុ១៩ឆ្នាំ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី២៨ សីហា ស្ត្រីជាដៃគូដែលដេកនៅបន្ទប់ជាមួយបានដាស់ឱ្យក្រោកក្នុងគោលបំណងដើម្បីទារប្រាក់ តែឈ្មោះស៊ីនួន មិនងើបឡើយ ។ ពេលនោះនាងស្រីរិទ្ធ ក៏បានទៅគោះទ្វារហៅឈ្មោះពេជ្រ ចន្ធី អាយុ២០ឆ្នាំ ដែលនៅបន្ទប់លេខ២០៣ ជាអ្នកបម្រើស្រាបៀរជាមួយគ្នាឱ្យមកជួយដាស់ និងហៅមិត្តភក្តិឯទៀតឱ្យមកជួយមើលទាំងអស់គ្នា។ ពេលនាំគ្នាមកមើលឃើញជនរងគ្រោះមិនស្រួលក៏បាននាំទៅមន្ទីរពេទ្យខេត្តតាមរយៈរថយន្តយ៉ាងប្រញាប់ដើម្បីសង្គ្រោះ។ ប៉ុន្តែជាអកុសលពេលនាំមកដល់បន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចជំនាញបានចុះទៅដល់មន្ទីរពេទ្យខេត្ត ដើម្បីសាកសួរព័ត៌មានជុំវិញហេតុការណ៍នេះ រហូតដល់ម៉ោង៩និង៤០នាទីព្រឹក ទើបសហការជាមួយគ្រូពេទ្យធ្វើការត្រួតពិនិត្យសាកសព ហើយលទ្ធផលបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺផ្ទាល់ខ្លួន (ខ្យល់គរ)៕
ចែករំលែកព័តមាននេះ