រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្លាយពោះវៀន ដោយសារតែមិត្តភក្តិចាក់ទាក់ទិននឹងរឿងបញ្ចាំទូរស័ព្ទបានប្រាក់៥ម៉ឺនរៀលយកទៅផឹកស៊ីជាមួយមិត្ដភក្ដិ ប៉ុន្ដែប្រាប់មិត្ដភក្ដិថាបានតែ៣ម៉ឺនរៀល។ ដោយសារកុហកបែបនេះមិត្តភក្តិខឹងក៏ចាក់មួយកន្ដ្រៃធ្លាយពោះវៀនចេញមកក្រៅ ហើយត្រូវមិត្ដភក្ដិម្នាក់ទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ សីហា នៅតាមផ្លូវរថភ្លើងខាងកើតខ្លោងទ្វារចូលវត្ដនាគវ័ន ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីឈ្មោះក្រឹម វាសនា ហៅស្រែអ៊ូល ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ និងជាសមាជិកអង្គការកសាង ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ សីហា រូបគេយកទូរស័ព្ទទៅបញ្ចាំបានប្រាក់៥ម៉ឺនរៀលយកទៅផឹកស៊ីជាមួយមិត្ដភក្ដិឈ្មោះជា ដាវីត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅជិតគ្នា ។ ពេលកំពុងផឹកស៊ីនោះគេបានប្រាប់ឈ្មោះជា ដាវីតថាយកទូរស័ព្ទទៅបញ្ចាំបានប្រាក់តែ៣ម៉ឺនរៀលទេ ពេលនោះដាវីត ក៏និយាយថា៣ម៉ឺនរៀលក៏៣ម៉ឺនរៀលទៅ។
ក្រឹម វាសនា បានរៀបរាប់ទៀតថា លុះនៅម៉ោងប្រហែល១រសៀលថ្ងៃដដែល ស្រាប់តែឈ្មោះជា ដាវីត បានដឹងថា រូបគេយកទូរស័ព្ទទៅបញ្ចាំបានប្រាក់៥ម៉ឺនរៀលក៏ខឹង ហើយមករករឿងឈ្លោះប្រកែកនិងវាយតប់គ្នាទៅវិញទៅមក ប៉ុន្ដែមានអ្នកជិតខាងជួយចាប់ឃាត់ក៏ទៅផ្ទះវិញរៀងៗខ្លួន ។ បន្ទាប់មកនៅវេលាម៉ោង១២យប់ខ្លួនបានដើរទៅអង្គុយលេងនៅលើផ្លូវរថភ្លើងជួបជាមួយឈ្មោះយឹម ចាន់សូនី ភេទប្រុស អាយុ២៩ឆ្នាំ ក៏អង្គុយនិយាយគ្នាលេង។ បន្ដិចក្រោយមកនៅម៉ោងប្រមាណ១២និង១០នាទីរំលងអធ្រាត្រ ស្រាប់តែឃើញឈ្មោះជា ដាវីត ដើរមកហើយដើរហួសទៅមុខបានចម្ងាយប្រហែល២០ម៉ែត្រក៏ត្រឡប់ក្រោយវិញ ទាត់រូបគេមួយជើងពីក្រោយចំកញ្ចឹង.កបណ្ដាលឱ្យដួលរួចវាយថែមមួយដៃទៀត ។
ចំណែកតាមប្រភពព័ត៌មានពីឈ្មោះយឹម ចាន់សូនី ដែលឃើញហេតុការណ៍បានឱ្យដឹងថា ពេលដែលឈ្មោះជា ដាវីត មកទាត់ឈ្មោះក្រឹម វាសនានោះ រូបគេបានជួយឃាត់ដែរ ហើយពេលពួកគេទាំងពីរនាក់ក៏ជជែកគ្នា ខណៈនោះស្រាប់តែឈ្មោះជា ដាវីតយកកន្ដ្រៃទៅចាក់ត្រូវពោះរបស់ក្រឹម វាសនា មួយកន្ដ្រៃបណ្ដាលឱ្យធ្លាយពោះវៀនចេញមកក្រៅ ។ ក្រោយកើតហេតុឈ្មោះក្រឹម វាសនា បានស្រែកឱ្យរូបគេជួយជូនទៅមន្ទីរពេទ្យ ឯជា ដាវីត ក៏រត់គេចខ្លួនបាត់។ ខណៈជូនមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានជួយព្យាបាលនិងញាត់ពោះវៀនចូលក្នុងពោះវិញ ហើយបញ្ចូលឈាមអស់២ប្លោក ដោយសារហូរឈាមអស់ច្រើន ។
បច្ចុប្បន្នប៉ូលិសប៉ុស្ដិ៍ស្រះចកកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ