រាជធានីភ្នំពេញ ៖ យុវជនម្នាក់បន្ទាប់ពីយកទូរស័ព្ទទៅបញ្ចាំបានប្រាក់៥ម៉ឺន ហើយយកទៅផឹកស៊ីជាមួយមិត្តភក្តិ ប៉ុន្តែពេលទៅផឹកនោះប្រាប់មិត្តភក្តិថា បញ្ចាំបាន៣ម៉ឺនរៀល លុះពេលមិត្តភក្តិដឹងថា បាន៥ម៉ឺនរៀលខឹង ក៏ចាក់មួយកន្ត្រៃធ្លាយពោះវៀន ចេញក្រៅ ត្រូវមិត្តភក្តិម្នាក់ទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ សីហា នៅផ្លូវរទេះភ្លើងខាងកើតមាត់ទ្វារចូលវត្តនាគវន្ត ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះក្រឹម វាសនា ហៅស្រែអ៊ូល ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ និងជាសមាជិកអង្គការកសាង ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ សីហា រូបគេយកទូរស័ព្ទទៅបញ្ចាំបានប្រាក់៥ម៉ឺនរៀល យកទៅផឹកស៊ីជាមួយជនដៃដល់ឈ្មោះជា ដាវីត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅជិតគ្នា។
ប្រភពព័ត៌មានបានបន្តទៀតថា រហូតដល់ម៉ោង១រសៀលថ្ងៃដដែល ស្រាប់តែជនដៃដល់ជា ដាវីត បានដឹងថា ជនរងគ្រោះក្រឹម វាសនា យកទូរស័ព្ទទៅបញ្ចាំបានប្រាក់៥ម៉ឺនរៀលក៏ខឹង ហើយមករករឿងឈ្លោះប្រកែក និងវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែមានអ្នកជិតខាងជួយចាប់ឃាត់ទៅផ្ទះវិញរៀងៗខ្លួន ។
លុះវេលាម៉ោង១២យប់ ជនរងគ្រោះក្រឹម វាសនា ដើរទៅអង្គុយលេងនៅលើផ្លូវរទេះភ្លើងបានបន្តិចស្រាប់តែឃើញជនដៃដល់ជា ដាវីត ដើរមក ហើយហួសទៅមុខបានចម្ងាយ២០ម៉ែត្រ ក៏ដើរត្រឡប់មកក្រោយវិញ ទាត់ជនរងគ្រោះក្រឹម វាសនា មួយជើងពីក្រោយចំកញ្ចឹង.កបណ្តាលឱ្យដួលរួចវាយមួយដៃទៀត រហូតឈានដល់យកកន្ត្រៃទៅចាក់ត្រូវពោះរបស់ក្រឹម វាសនា មួយកន្ត្រៃធ្លាយពោះវៀនចេញក្រៅ ហើយរត់គេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ