នៅខែមេសា ឆ្នាំ១៩៨៧ អ្នកនៅរស់រានមានជីវិតពីសោកនាដកម្មកម្ពុជា និងអ្នកជំនាញច្បាប់មនុស្សធម៌អន្តរជាតិ បានកំណត់ការចង់បានយុត្តិធម៌របស់គេត្រឹមពាក្យប៉ុណ្ណេះ «ត្រូវយកមកផ្តន្ទាទោសសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តកម្ពុជា (PCK) សមាជិករបស់រដ្ឋាភិបាល ប៉ុល ពត និងថ្នាក់ដឹកនាំនៃឧបករណ៍សន្តិសុខ»។ ការចង់បានបែបនេះ ក៏ត្រូវបានលើកឡើងបន្ទាប់មកផងដែរ នាឱកាសការជួបជុំមួយនៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក ដឹកនាំដោយលោក Elie Wiesel ជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជាអ្នករស់រានមានជីវិតមួយរូបពីជំរំ អូស្វ៊ីច (Auschitz) និងប៊ូឆេនវ៉ល (Buchenwald) និងដោយលោកឌិត ប្រន ដែលបានធ្វើមរណកាលទៅហើយដែលវាសនារបស់គាត់បានក្លាយជាកម្មវត្ថុនៃខ្សែភាពយន្តរឿងវាលពិឃាត (Dechirure)។ វេទិកាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនៅកម្ពុជាដែលរូបខ្ញុំជាទីប្រឹក្សាការទូត ក៏បានបង្ហាញនូវឆន្ទៈដូចគ្នានេះដែរ។
សេចក្តីប្រាថ្នានេះគឺជាជំហររបស់រដ្ឋាភិបាលទីក្រុងភ្នំពេញតាំងពីឆ្នាំ១៩៨៥ មកម៉្លេះ ប៉ុន្តែជំហរនេះមិនត្រូវបានស្វាគមន៍ទេ ក្នុងអំឡុងពេលចរចាឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស នាឆ្នាំ១៩៩១។ នៅរាល់ពេលដែលខ្ញុំមានឱកាសខ្ញុំតែងតែលើកឡើងពីការរង់ចាំនូវការទាមទារនេះ។ ខ្ញុំបានសុំឲ្យមានការបង្កើត អ.វ.ត.ក នេះឡើង ហើយខ្ញុំសូមអបអរសាទរចំពោះការដែលអាចបង្កើតបាន។ ក្នុងនាមជាមិត្តរបស់ អ.វ.ត.ក ខ្ញុំសូមបង្ហាញឆន្ទៈរបស់ខ្ញុំដូចតទៅ៖
ជាថ្មីម្តងទៀត កាលណានិយាយដល់កម្ពុជា អ្នកសង្កេតការណ៍ និងអ្នកប្រកាន់ច្បាប់តឹងតែង តែងតែមើលឃើញគុណវិបត្តិរបស់ អ.វ.ត.ក ច្រើនជាងលទ្ធផលវិជ្ជមានជាច្រើនរបស់ អ.វ.ត.ក។ បើទោះបី អ.វ.ត.ក មិនទាន់ចាប់ផ្តើមភារៈជាដុំកំភួនរបស់គេនៅឡើយទាក់ទងនឹងការធ្វើឲ្យរលូននៃសំណុំរឿង០០២ គឺការជំនុំជម្រះក្តី ខៀវ សំផន, នួន ជា, អៀង សារី និងភរិយារបស់គាត់ អៀង ធិរិទ្ធ ក៏ដោយ ក៏មានចំណុចវិជ្ជមានជាច្រើនដែល អ.វ.ត.ក សម្រេចបាន។
ដំបូងបំផុតគឺតុលាការបានបញ្ចប់និរទណ្ឌភាពរបស់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យដែលនៅមានជីវិត ហើយវាមិនមែនជារឿងតូចតាចទេ នៅក្នុងប្រទេសមួយដែលញាំញីដោយនិរទណ្ឌភាព។
តុលាការក៏បានរកឃើញការពិត គឺប្រជាជនខ្មែរខ្លួនឯងទេ ដែលបញ្ជាឲ្យកម្ទេចខ្មែរគ្នាឯង មិនមែនវៀតណាមទេ ដែលផ្ទុយស្រឡះពីការឃោសនារបស់ខ្មែរក្រហម រហូតដល់ការដួលរលំនាឆ្នាំ១៩៩៨ ដែលតែងតែចោទប្រកាន់ថា ការសម្លាប់រង្គាលនេះគឺបង្កឡើងដោយវៀតណាម។ តួនាទីរបស់តុលាការសម្រាប់ខ្ញុំ គឺមានសារសំខាន់ខ្លាំងណាស់ បើក្រឡេកមើលពីចិត្តព្យាបាទជាប្រចាំពីសំណាក់ខ្មែរចំពោះអ្នកជិតខាងរបស់ខ្លួន។
រឿងក្តីរបស់ឌុច ប្រធានមន្ទីរសន្តិសុខ ស២១ បានបង្ហាញការពិតស្តីពីយន្តការកម្ពុជាប្រជាធិបតេយ្យពីបក្សកុម្មុយនីស្តកម្ពុជា និងពីឧបករណ៍សន្តិសុខរបស់របបនេះ។ សៀវភៅសាលក្រមរបស់ឌុច ត្រូវបានបោះពុម្ព និងចែកផ្សាយយ៉ាងទូលាយនៅក្នុងប្រទេស ហើយសាលក្រមនៃមេដឹកនាំជាន់ខ្ពស់ក៏នឹងត្រូវធ្វើដូចគ្នានេះដែរ។ ឯកសារទាំងនេះនឹងផ្តល់ព័ត៌មានដ៏ជាក់លាក់ស្តីពីការទទួលខុសត្រូវនៅក្នុងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត។
បន្ថែមពីលើវត្តមានរបស់ អ.វ.ត.ក តុលាការបានជំរុញឲ្យចោទសួររាល់ព័ត៌មានស្តីអំពីប្រវត្តិសាស្រ្តសម័យខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាវិទ្យាស្ថានស្រាវជ្រាវឯករាជ្យមួយ (http://www.dccam.org) បានចងក្រងសៀវភៅសម្រាប់សិស្ស និងសម្រាប់គ្រូបង្រៀន ហើយបានចែកចាយទៅតាមសាលារៀនចំនួន៧៥០.០០០ក្បាលហើយ។
ក្រៅពីនេះ ជាលើកដំបូង និងដ៏ធំធេងនៅក្នុងដំណើរដ៏វែង និងយឺតរបស់យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ តុលាការនៅទីក្រុងភ្នំពេញ (អ.វ.ត.ក) បានអនុញ្ញាតឲ្យមានការចូលរួមពីដើមបណ្តឹងរដ្ឋប្បវេណី។ សម្រាប់រឿងក្តី០០២ ដោយសារវាទាក់ទងជាសំខាន់ដល់អ្នកសម្រេចចិត្តនៃរបបខ្មែរក្រហម ប្រជាពលរដ្ឋកម្ពុជាចំនួន ៣.៩៨៧នាក់ បានស្នើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងនោះ៣.៧២១នាក់ ជាប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេស ហើយសរុប៣.៨៦៦នាក់ត្រូវបានទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២។ ចំនួននេះបង្ហាញយ៉ាងច្បាស់ថា តុលាការមិនមែនមានការចាប់អារម្មណ៍តែពីប្រជាជនខ្មែររស់នៅបរទេសប៉ុណ្ណោះទេ ហើយគ្រាន់តែសវនាការរបស់ឌុច បានទាក់ទាញប្រជាជនកម្ពុជាចំនួនជាង៣០.០០០នាក់រួចទៅហើយ នេះមិនគិតពីចំនួនអ្នកដែលបានទស្សនាតាមទូរទស្សន៍តាមរយៈការផ្សាយបន្តផ្ទាល់ផងនោះ។
ដូច្នេះជារួម អ.វ.ត.ក បានផ្តល់គំរូមួយនៅក្នុងការគ្រប់គ្រងរដ្ឋបាលយុត្តិធម៌មួយដ៏ល្អនៅក្នុងបរិបទនៃប្រទេសមួយដែលមន្ត្រីយុត្តិធម៌ត្រូបានញាំញីដោយការធ្វើក្តីក្តាំ អំពើពុករលួយ និងអសមត្ថភាព។
នៅទីបំផុតខ្ញុំជឿថា អ្វីដែលជំរុញឲ្យលើកកម្ពស់យុត្តិសាស្រ្ត (ទំនៀមទម្លាប់) របស់ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ គឺប្រធានបទសហឧក្រិដ្ឋកម្មរួមដែលស្ថិតនៅក្នុងចំណុចនៃការចោទប្រកាន់ក្នុងសំណុំរឿង០០២ ដែលកើតចេញពីតុលាការនៅនូរឹមប៊ឺក (អាល្លឺម៉ង់) និងមិនដែលលើកឡើង ដោយតុលាការណាមួយទេ រហូតមកដល់ពេលនេះ ហើយប្រធានបទនឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកច្បាប់។
ដូច្នេះនៅក្រោមក្រសែភ្នែករបស់ខ្ញុំ ការជំនុំជម្រះក្តីទាំងនេះផ្តល់នូវអត្ថប្រយោជន៍គតិយុត្តិ អត្ថប្រយោជន៍សង្គម និងជាមេរៀនប្រវត្តិសាស្រ្ត។ ពិតមែនហើយរឿងក្តី០០២ ប្រាកដជាមិនអាចធ្វើឲ្យជនរងគ្រោះរកឃើញនរណាជាអ្នកសម្លាប់សាច់ញាតិជាទីស្រលាញ់របស់ខ្លួនក៏ពិតមែន ក៏ប៉ុន្តែអាចឲ្យដឹងថា នរណាជាអ្នកបញ្ជា និងហេតុអ្វី។ តើចំណុចទាំងនេះមិនជាហេតុផលដ៏ល្អសម្រាប់ការកាត់ក្តីទេឬ?
អ.វ.ត.ក គឺជាកម្មវត្ថុនៃការរិះគន់ ហើយការរិះគន់ត្រូវបាននិយាយច្រំដែលៗនៅក្នុងអត្ថបទសារព័ត៌មានជាភាសាអង់គ្លេសនៅទីក្រុងភ្នំពេញ និងដកស្រង់បន្តពីសារព័ត៌មាននៅបរទេស ហើយខ្ញុំមិនចងចាំការរិះគន់ទាំងអស់នោះក្រៅតែពីពាក្យថា «តុលាការធ្វើការយឺត»។
ខ្ញុំជាមនុស្សទីមួយដែលយល់ថា រដ្ឋបាលយុត្តិធម៌ល្អមួយវាទាមទារពេលវេលា ដើម្បីឲ្យសិទ្ធិរបស់គ្រប់ភាគីត្រូវបានគោរព ប៉ុន្តែគ្មានហេតុផលចាំបាច់ណាផ្សេងទៀត មកពន្យល់ពីការយឺតយ៉ាវក្នុងការប្រកាសសាលដីកាស្ថាពរជាសាធារណៈនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងឌុច នោះទេ ហើយក៏គ្មានហេតុផលណាត្រូវរង់ចាំរាប់ខែតទៅទៀតដែរ ទម្រាំចាប់ផ្តើមសវនាការលើអង្គសេចក្តីដ៏ពិតប្រាកដនៃសំណុំរឿង០០២។
ខែមួយដាច់ចូលខែមួយទៀត ធ្វើឲ្យបង្កើនការព្រួយបារម្ភពីការឃើញជនជាប់ចោទណាម្នាក់លាចាកលោកទៅ ដោយមិនទាន់ត្រូវបានជំនុំជម្រះដូចដែលរឿងក្តីបច្ចុប្បន្នប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់ប៉ុល ពត, សុន សេន, តាម៉ុក, កែ ពក, ខៀវ ប៉ុណ្ណារី និងយុន យ៉ាត ដែលបានស្លាប់ទៅហើយ។ អ្នកទាំងនេះសមតែទទួលការកាត់ទោស ប្រសិនបើសហគមន៍អន្តរជាតិមិនបានការពារពួកគេក្នុងចន្លោះឆ្នាំ១៩៧៩ ដល់១៩៩៣ នោះទេ។ រៀងរាល់ការយឺតយ៉ាវ គឺជាការខាតបង់របស់រដ្ឋាភិបាលកម្ពុជា និងរបស់ប្រទេសដែលចូលរួមនៅក្នុងហិរញ្ញវត្ថុអន្តរជាតិរបស់ អ.វ.ត.ក។ រាល់ការលើកពេលសវនាការ គឺជាការចិញ្ចឹមនូវការសង្ស័យកាន់តែខ្លាំងឡើងពីគូបដិបក្ខរបស់ អ.វ.ត.ក។
ឥឡូវនេះ ពេលវេលាដែលរៀបចំឡើងដោយរដ្ឋបាលយុត្តិធម៌ដ៏ល្អមួយត្រូវបានគោរព ហើយដូច្នេះគ្មានហេតុផល និងយឺតយ៉ាវដែលយើងកំពុងសង្កេតឃើញនោះទៀតទេ។ ចៅក្រមមានឯករាជ្យភាព ហើយក៏មានការទទួលខុសត្រូវផងដែរ គឺទទួលខុសត្រូវជាដំបូង ចំពោះជនរងគ្រោះ បន្ទាប់មកចំពោះប្រជាជនកម្ពុជា និងចុងក្រោយ ចំពោះសហគមន៍អន្តរជាតិ។ អង្គជំនុំជម្រះសាលាដំបូងត្រូវតែរៀបចំខ្លួនឲ្យទាន់ដោយគ្មានការយឺតយ៉ាវនឹងការណាត់ជួបនៃប្រវត្តិសាស្រ្តដែលបានផ្តល់ទំនុកចិត្តមកលើខ្លួនហើយនោះ៕
ដោយ ៖ បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេណា (Raoul Marc Jennar) ប្រវត្តិវិទូបណ្ឌិតនៃការសិក្សាខ្មែរ
ចែករំលែកព័តមាននេះ