ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​ធ្លា.ក់​ចូល​ក្នុង​ភាព​ក្រីក្រ ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ

5 ខែ មុន
  • ភ្នំពេញ

កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ ដែល​មាន​ន័យថា​ប្រទេស​នេះ​ ចាំបាច់​ត្រូវ​ធ្វើការ​បន្ស៊ាំ​ខ្លួន​ជា​បន្ទាន់​ទៅ​នឹង​ផល​ប៉ះពាល់​ទាំងនោះ​។ ការ​កើនឡើង​ភាព​​ប្រែប្រួល​នៃ​ទឹកភ្លៀង​កំពុង​បណ្តាល​ឱ្យ​មាន​ភាពរាំងស្ងួត ​និង​ទឹកជំនន់​ញឹកញាប់ ​និង​ខ្លាំង​ជាង​មុន​។ គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​២០១៥​ និង​២០១៦ បាន​ប៉ះពាល់​ដល់​១៨​ខេត្ត​ក្នុង​ចំណោម២៥​ខេត្ត​/​រាជធានី និង​ប៉ះពាល់​ដល់​មនុស្ស​ជាង២,៥​លាន​នាក់​។…

កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ ដែល​មាន​ន័យថា​ប្រទេស​នេះ​ ចាំបាច់​ត្រូវ​ធ្វើការ​បន្ស៊ាំ​ខ្លួន​ជា​បន្ទាន់​ទៅ​នឹង​ផល​ប៉ះពាល់​ទាំងនោះ​។ ការ​កើនឡើង​ភាព​​ប្រែប្រួល​នៃ​ទឹកភ្លៀង​កំពុង​បណ្តាល​ឱ្យ​មាន​ភាពរាំងស្ងួត ​និង​ទឹកជំនន់​ញឹកញាប់ ​និង​ខ្លាំង​ជាង​មុន​។

គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​២០១៥​ និង​២០១៦ បាន​ប៉ះពាល់​ដល់​១៨​ខេត្ត​ក្នុង​ចំណោម២៥​ខេត្ត​/​រាជធានី និង​ប៉ះពាល់​ដល់​មនុស្ស​ជាង២,៥​លាន​នាក់​។ ផល​ស្រូវ​បាន​បាត់បង់​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយសារ​គ្រោះ​រាំង​ស្ងួត​ដែល​បណ្តាល​មក​ពី​បាតុភូត El Nino នា​ឆ្នាំ​២០១៩​ ។

នៅ​ខែកញ្ញា​ ឆ្នាំ​២០២២ ដែល​មាន​ភ្លៀង​ធ្លាក់ខ្លាំង​បំផុត​ នា​រយៈពេល​៣​ឆ្នាំ​នេះ ​បាន​បង្ក​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​ចំនួន​១៤ ដោយ​ប៉ះពាល់​ប្រមាណ​៨៥​ម៉ឺន​គ្រួសារ និង​មានការ​បាក់​ដី​ដែល​នាំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជន៥០០០​គ្រួសារ ​។

ខាងលើ​នេះ​ ជា​សេចក្តីរាយការណ៍​របស់​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា កាលពីចុងខែ​តុលា​កន្លង​មកនេះ​។ ធនាគារពិភពលោកបានឱ្យ​ដឹង​ថា យោង​តាម​ការ​ព្យាករ​អាកាសធាតុ ហានិភ័យ​ទឹក​ជំនន់ និង​សម្ពាធ​កម្តៅនៅ​ក្នុង​ប្រទេស​កម្ពុជានឹង​មាន​សភាព​កាន់តែ​អាក្រក់​នា​ពេល​អនាគត​។ ប្រសិនបើ​គ្មាន​វិធានការ​បន្ស៊ាំ និង​កាត់​បន្ថយ ផល​ប៉ះពាល់​សម​ស្រប​ទេ បម្រែបម្រួល​អាកាសធាតុ​អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ផ​.​ស​.​ស អស់ ៩​ភាគរយ គិត​ត្រឹម​ឆ្នាំ​២០៥០ និង​ធ្វើ​ឱ្យ​អត្រា​ភាព​ក្រីក្រ កើនឡើង​៦​ភាគរយ​ពិន្ទុ គិត​ត្រឹម​ឆ្នាំ​២០៤០​។

របាយការណ៍​នេះ គឺជា​ការ​សិក្សា​បែប​វិភាគ​ចុង​ក្រោយ​មួយ ក្នុង​ចំណោម​ការ​សិក្សា​ស្រាវជ្រាវ​ស្នូល​របស់​ធនាគារពិភពលោក ដែល​សំយោគ​ចូល​គ្នា​នូវ​ការ​គិតគូរ​អំពី​បម្រែបម្រួលអាកាសធាតុ​និង​ការ​អភិវឌ្ឍន៍ ហើយ​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ដែល​ជា​អតិថិជន​របស់​ខ្លួន សម្រាប់​យក​ទៅ​អនុវត្ត​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​លើ​ភព​ផែនដី​។

លោកស្រី ម៉ា​នូ​អែ​ល​ឡា វ​. ហ្វេរ​រ៉ូ អនុប្រធាន​ធនាគារពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក បាន​និយាយ​នៅ​ក្នុង​របាយការណ៍​នោះ​ថា​៖ «​កម្ពុជា​ជា​ប្រទេស​ដែល​ប្រឈម​ខ្លាំង​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​អាកាសធាតុ ជា​ពិសេស​តាម​រយៈ​ការ​កើន​ឡើងជា​ញឹកញាប់ និង​ធ្ងន់ធ្ងរ​នៃ​គ្រោះ​ទឹកជំនន់​។

លោកស្រី​ពោល​បន្ត​ទៀត​ថា​ «​ដើម្បី​ស្តារ​ឡើង​វិញ​ដែល​បាន​បាត់បង់​ដោយសារ​ជំងឺឆ្លង រាតត្បាត​និង​ការ​កើនឡើង​តម្លៃ​ចំណីអាហារ​ និង​ប្រេង​ឥន្ទ​នះ កម្ពុជា​ត្រូវ​រក្សា​កំណើន​ខ្ពស់ ស្រប​ពេល​ដែល​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​កាបូន​»។

បើ​តាម​ធនាគារពិភពលោក ទោះជា​យ៉ាងណា​ក៏​ដោយ វិធានការ​របស់​រដ្ឋាភិបាល និងវិស័យ​ឯកជន អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​បម្រែបម្រួល​អាកាសធាតុ ហើយរបាយការណ៍​នេះ​ បាន​លើក​​ឡើង​នូវ​អនុសាសន៍ និង​អាទិភាព​មួយ​ចំនួន សម្រាប់​ធ្វើ​សកម្មភាព​ជា​បន្ទាន់​ ។ នៅ​ក្នុង​នោះ​មានឧទាហរណ៍ វិធានការ​បន្ស៊ាំ​របស់​រដ្ឋាភិបាល អាច​រួម​បញ្ចូល​ការ​កែ​លម្អ​ឱ្យ​កាន់តែ​ប្រសើរ​នូវ​ភាព​ធន់​នឹង​អាកាសធាតុ​របស់​បណ្តាញ​ផ្លូវថ្នល់​ដែល​មាន​ស្រាប់ និង​ការ​បង្កើន​ស្តង់ដារ​នៃ​ភាព​ធន់ ជា​ពិសេស សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​សុខាភិបាល និង​អប់រំ​។ សកម្មភាព​របស់​វិស័យ​ឯកជន​អាច​បញ្ចូល​ការ​វិនិយោគ​លើ ប្រព័ន្ធ​ត្រជាក់​ដែល​មាន​ប្រសិទ្ធ​ផល​ថាមពល និង​សំណង់​អគារ​ដែល​ធន់​នឹង​ទឹកជំនន់ផង​ដែរ​។

លោកស្រី ម៉ា​រី​យ៉ា​ម ស្ហឺ​រ​មែន តំណាង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស មី​យ៉ា​ន់​ម៉ា​, កម្ពុជា និង ឡាវ មាន​ប្រសាសន៍​ថា​ «សម្រាប់​កម្ពុជា ការ​បន្ត​រក្សា​ឱ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចរី​ភាព និង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​បម្រែបម្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រឈម​ដែល​ប្រទាក់ក្រឡា​គ្នា​» ។

លោកស្រី​ពោល​បន្ត​ទៀត​ថា​៖ «នៅ​ក្នុង​ន័យ​នេះ ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​, ការ​កសាង​មូលធន​មនុស្ស​, និង​ការ​វិនិយោគ​ទៅ​លើ​ភាព​ធន់​នឹង​អាកាសធាតុ នឹង​នាំ​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​» ​។

សូម​ជម្រាប​ថា​ របាយការណ៍​របស់​ធនាគារពិភពលោក​នេះ បាន​ចេញ​មក​នៅ​ពេលដែលផ្នែក​ខ្លះ​របស់​ប្រទេស​កម្ពុជា បាន​ទទួល​រង​គ្រោះ​ពី​ជំនន់​ទឹកភ្លៀង ជំនន់​ទន្លេមេគង្គ​ និងគ្រោះ រាំង​ស្ងួត​។ តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយបានឱ្យ​ដឹង​ថា ស្ថានភាព​ទូទៅ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា សម្រាប់​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០២៣ នេះ​បាន​បង្ក ផល់​ប៉ះពាល់ និង​ខូចខាត​ដល់​មូលដ្ឋាន​រាជធានី ខេត្ត​ចំនួន​២០, ប៉ះពាល់​ប្រជាជន​ចំនួន ២៩,៤៨៩​គ្រួសារ ដែល​ក្នុង​នោះ ជម្លៀស ២,០២៩​គ្រួសារ ប្រជាជន​រង​គ្រោះ​ស្លាប់ ៦​នាក់ រង​របួស ៦​នាក់ សាលារៀន​លិច​ទឹក ៨៦​កន្លែង​។

ទឹកជំនន់​ក៏​បាន​ជន់​លិច​ដំណាំ​ស្រូវ​ចំនួន២២,៧១៣​ហិ​កតា និង​ខូចខាត ៤,៥៨៣​ហិ​កតា ដំណាំ​រួម​ផ្សំ​លិច​ទឹក​ចំនួន ៣,០២៦​ហិ​កតា និង​ខូចខាត ១,២៩៧​ហិ​កតា ជម្លៀស​សត្វពាហនៈ​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន ៦,៨៧៨​ក្បាល និង​ងាប់ ៦​ក្បាល​ ។ បន្ថែម​ពីលើ​នេះ​ទឹកជំនន់​បាន​ប៉ះពាល់​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ប្រវែង ៥,០៦៩​ម៉ែត្រ​, ផ្លូវ​គ្រួ​ស​ក្រហម បេតុង និង​ដីស​ប្រវែង ១៧៤,៨៧៦​ម៉ែត្រ​, ប៉ះ​ពាល់ និង​ខូចខាត​ស្ពានឈើ​បេតុង និង​ស្ពាន​បា​ឡេ​ចំនួន ៥៣​កន្លែងផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ