កោះតៃវ៉ាន់ ៖ មេដឹកនាំថ្មីរបស់គណបក្សកូមីងតាំង ជាគណបក្សប្រឆាំងសំខាន់មួយរបស់តៃវ៉ាន់ លោកស្រី CHENG LE WUN បានប្រកាសពីនយោបាយទំនាក់ទំនងអន្តរជាតិរបស់គណបក្សលោកស្រី ។
តាមរយៈយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី និងចាប់តាំងពីលោកស្រីចូលកាន់តំណែងប្រធានគណបក្សកូមីងតាំង ពីថ្ងៃទី១ វិច្ឆិកា មក លោកស្រីអះអាងពីនយោបាយខិតចូលជិតជាមួយចិនដីគោក ។
លោកស្រីជាអតីតសមាជិកសភាអាយុ៥៦ឆ្នាំ ជានារីមានវ័យក្មេងជាងគេឈរឈ្មោះបេក្ខជនប្រធានគណបក្សកូមីងតាំង ខណៈកាលពីមុនលោកស្រីជាសកម្មជននៃគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ជាគណបក្សនយោបាយធំមួយទៀតរបស់តៃវ៉ាន់ ។ ក្នុងការបោះឆ្នោតរើសប្រធានគណបក្សកូមីងតាំង កាលពីថ្ងៃទី១៨ តុលា ២០២៥ លោកស្រីបានជាប់ដោយទទួលបានសំឡេងជាង៥០% ក្នុងចំណោមបេក្ខជន៦រូប ។
ក្នុងសុន្ទរកថាពេលទទួលបានជ័យជម្នះនោះ លោកស្រីCHENG LE WUN អះអាងជាថ្មីពីឆន្ទៈរបស់គណបក្សកូមីងតាំង ចង់ក្លាយជាអ្នកបង្កើតសនិ្តភាពក្នុងតំបន់។ ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុតៃវ៉ាន់BBC NEWS NETWORK លោកស្រីនិយាយថា ត្រៀមជួបជាមួយមេដឹកនាំចិន ក្នុងនោះ មានប្រធានាធិបតីលោកស៊ីជីនពីងដែរ ប្រសិនបើការជួបគ្នានោះអាចដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាទាំងឡាយ ហើយលើកស្ទួយសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ។
ទន្ទឹមនឹងនេះដែរ ជ័យជម្នះរបស់លោកស្រីCHENG LE WUNក្នុងការបោះឆ្នោតប្រធានគណបក្សកូមីងតាំង ក៏ទទួលការសាទរពីមេដឹកនាំចិនដែរ ៕
ចែករំលែកព័តមាននេះ