ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​យើង​ពិបាក​និយាយ​ជាមួយ​គ្នា​៖ កត្តា​នៅ​ពីក្រោយ​រឿង​នេះ

11 ខែ មុន
  • ភ្នំពេញ

ខ្មែរ​យើង​ជា​ជាតិ​សាសន៍​ដែល​ពិបាក​និយាយ​គ្នា​។ កុំ​ថា​ ដល់​រឿង​ធំដុំ​សព្វ បើ​នឹង​រឿង​តូច​ៗ​ល្អិត​ល្អោច ក៏​យើង​និយាយ​មិន​យល់​គ្នា ហើយ​អាច​កើតជា​ឈ្លោះ​ទាស់ទែង​គ្នា​បាន​ដែរ ​។ ចំណាំ​មើល​ថា ខ្មែរ​យើង​ពិបាក​ធ្វើការ​ជា​ក្រុម​ណាស់ ​។…

ខ្មែរ​យើង​ជា​ជាតិ​សាសន៍​ដែល​ពិបាក​និយាយ​គ្នា​។ កុំ​ថា​ ដល់​រឿង​ធំដុំ​សព្វ បើ​នឹង​រឿង​តូច​ៗ​ល្អិត​ល្អោច ក៏​យើង​និយាយ​មិន​យល់​គ្នា ហើយ​អាច​កើតជា​ឈ្លោះ​ទាស់ទែង​គ្នា​បាន​ដែរ ​។

ចំណាំ​មើល​ថា ខ្មែរ​យើង​ពិបាក​ធ្វើការ​ជា​ក្រុម​ណាស់ ​។ អោយ​តែ​មាន​មនុស្ស ចាប់ពី​ពីរ​នាក់​ឡើង គឺ​យើង​មិន​ខ្វះ​រឿង​ឈ្លោះ ទាស់ទែង​គ្នា​ឡើយ​។

តើ​បណ្តាល​មក​ពី​ហេតុ​អ្វី?

កត្តា​ប្រពៃណី​គ្រួសារ​៖ របៀបរបប​រស់នៅ​របស់​យើង​តាំងពី​ក្មេង​ៗ​មក ហាក់ដូចជា​មាន​លក្ខណ​:​រឹតដ្បិត ទៅ​លើ​ការ​ជជែក​គ្នា​ដោយ​មាន​ហេតុផល និង​ប្រកបដោយ ការ​គោរព​ចំពោះ​ភាព​ប្លែក​គ្នា​នៃ​ទស្សនៈ​ ។ នៅ​ពេល​មនុស្ស​ចាស់​ជជែក​គ្នា​ ក្មេង​ៗ​ត្រូវ​ដើរ​ចេញ ដោយ​មិន​មានការ​ពន្យល់​ថា ហេតុ​អ្វី​បានជា​ត្រូវ​ចេញ​ ។ ការ​លូក​មាត់​បញ្ចេញមតិ​ត្រូវ​បាន​បំបិទ ​។ រាល់​ការ​សម្រេចចិត្ត មិន​ថា​តូច​ធំ មនុស្ស​ចាស់​ជា អ្នក​ចាត់ចែង​។ អ្នក​ដែល​មាន​សិទ្ធិ​ជាងគេ ឬ​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​គ្រួសារ អាច​ហាម​សមាជិកគ្រួសារ អាច​ហាម​អ្នក​ផ្សេង​អោយ​បិទ​មាត់ នៅ​ពេល​គេ​មិន​ពេញ ចិត្តនឹង​ទស្សនៈ​របស់​សមាជិក​ណា​ម្នាក់​ ។

ទម្លាប់​នេះ ធ្វើ​អោយ​ក្មេង​លូតលាស់​ដោយ​មិន​ខ្វាយខ្វល់​ពី​ហេតុផល​នៃ​ការ​សន្មត់​អ្វីមួយ​ថា​ហេតុ​អ្វី​បានជា​ទ​ង្វើ​នោះ​ខុស​, ហេតុ​អ្វី​ទ​ង្វើ​បែប​នោះ​ជា​ការ​ត្រឹមត្រូវ​, ហេតុ​អ្វី​ទើប​សន្មត់​ថា​ បែប​នេះ​ល្អ​, ហេតុ​អ្វី​ទើប​សន្មត់​ថា​បែប​នោះ​អាក្រក់​, និង​នាំ​អោយ​គេ​មាន​អត្ត​ចរិត​ជា អ្នក​ស្តាប់បង្គាប់ (obedient) ដែល​គេ​តែង​ច្រឡំ​ថា ​ជា​កូន​ដែល​ដើរ​តាម​គន្លង​ធម៌ ។ ហេតុ​ដូច្នោះ នៅ​ពេល​ត្រូវ​ប្រឈម​មុខ នឹង​ការ​ជជែក​រក​ដំណោះស្រាយ គេ​ច្រើន​ស្ងាត់​មាត់​ស៊ូទ្រាំ​មិន​និយាយ ហើយ​បើ​នឹង​ត្រូវ​និយាយ​ក៏​មិនដឹង​ជា​និយាយ​ដូច​ម្តេច ក្រៅពី​ការ​ចោល សម្តី​ទៅ​ទាំង​កាក អោយ​ភាគី​ម្ខាង​ទៀត​ទ្រាំ​មិន​បាន​ទៅ​ជា​ឈ្លោះ​គ្នា​ ។

សាក​ចំណាំ​មើល បើ​ខ្មែរ​យើង​មិន​ពេញចិត្ត​អ្វីមួយ គាត់​អត់​និយាយ​ទេ តែ​គាត់​សម្តែង ការ​មិន​ពេញចិត្ត​តាម​រយ​:​ទឹកមុខ និង​កាយវិការ​ប​ញ្ជួ​សប​ន្សោ​ក ​។ ហើយ​បើ​ដល់​កម្រិត​មួយ​ដែល​គាត់​ទ្រាំ​លែង​បាន គាត់​ក៏​និយាយ​ទាំង​ខឹងសម្បារ គំរោះគំរើយ ឬ រំជួលចិត្ត​ដល់​យំ​ស្រែក​ក៏​មាន ​។ ជា​រឿយ​ៗ អ្នក​ដែល​ប្រឈម​មុខ​នឹង​ស្ថាន​ការ​បែប​នេះ​ច្រើន​អន់ចិត្ត និង​ខឹង​ត្រឡប់​ទៅ​វិញ​ថា «​ចុះ​តាំងពី​ដើម​មក ហេតុ​អ្វី​ក៏​មិន​និយាយ? ហេតុ​អ្វី​ក៏​មិន​ប្រាប់​គេ? គេ​ធ្វើ​ម៉េច​អាច​ដឹង​ពី​ចិត្ត​យើង​បាន?​»  

កត្តា​ប្រពៃណី​សង្គម​៖ សង្គម​យើង​កំណត់​ថា ក្មេង​ត្រូវ​គោរព​ចាស់​, អ្នកតូច ត្រូវ​គោរព​អ្នកធំ​ ។ ការ​ពិត​ទៅ ទម្លាប់​បែប​នេះ​ល្អ​ណាស់​ ។ ប៉ុន្តែ​ជា​ច្រើន​ដង ដែល​ខ្មែរ​យើង​ប្រើ​សិទ្ធិ​ពិសេស​នេះ ​សង្កត់​ស​ង្កិន​ទៅ​លើ​បុគ្គលដែល​គាត់​គិត​ថា​ក្មេង​ជាង ឬ​មាន​ឋាន​:​តូច​ជាង ឬ​ស្ថិត​ក្នុង​ស្ថានភាព​ទន់ខ្សោយ​ជាង​ដោយ​ប្រកាន់ខ្ជាប់​ថា អញ​ត្រូវ​, បើ​ឯង ធ្វើ​ខុសចិត្ត​អញ ឬ​មានគំនិត​ខុស​ពី​អញ ឯង​ខុស​ ។ រឿង​កំប្លែង​មួយ​និយាយ​ថា ពេល​ម៉ែ​ទុក​កែវ​ចោល ហើយ​កូន​ដើរ​ជាន់ ម៉ែ​ស្តីអោយ​កូន​ថា ដើរ​អត់​បើក​ភ្នែក ប៉ុន្តែ​ពេល​កូនទុក​កែវ​ចោល​កន្លែង​ដដែល ហើយ​ម៉ែ​ដើរ​ជាន់ ម៉ែ​ក៏​ជេរ​កូន​ទៀត​ថា ហេតុ​អី​បាន​ភ្លីភ្លើ យក​កែវ​មក​ទុក​កន្លែង​ហ្នឹង​ ។

តើ​យើង​អាច​ប្តូរ​ទម្លាប់​នៃ​ការ​គោរព​រវាង​មនុស្ស​ក្មេង ទៅ​មនុស្ស​ចាស់ ឬ​រវាង​អ្នកតូច​ទៅ​អ្នកធំ មក​ជា «​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក» តើ​ល្អ​ដែរ​ទេ? តើ​អាច​ប្តូរ​ទម្លាប់​មួយ ដែល​គិត​ដោយសារ​អញ​មាន​អភ័យឯកសិទ្ធិ ពិសេស ដូច្នោះ​អញ​ត្រូវ ហើយ​អញ​អាច​បញ្ជា​អោយ​ជន​ណា​ដែល​អញ មិន​ពេញចិត្ត​ត្រូវ​បិទ​មាត់​បាន​ទេ?

កត្តា​ចរិត​បុគ្គល​៖ ខ្មែរ​យើង ចិត្តច្រើន ប្រកាន់​ច្រើន និង​ចូល​ចិត្ត​ប្រតិកម្ម​តាម​អារម្មណ៍ ជា​ជាង​ការ​គិត និង​ការ​ជជែក​ដោយ​ហេតុផល​ ។ យើង​បកប្រែ ការ​បដិសេធថា​ ជា​ការ​ស្អប់​ ។ ឧទាហរណ៍ ម្តាយ​មិន​អោយ​ដើរ​យប់ កូន​បកប្រែ​សេចក្តី​ថា​ម្តាយ​ចិត្តចង្អៀត តឹង​រឹង​ដាក់ខ្លួន​ពេក​ ។ ប្រធាន​ផ្នែក​មិន​អនុម័ត​គំរោង​បុ​គ្គ​​លិ​ក​ចោទ​ប្រធាន​ថា​ ចង់​ធ្វើបាប​ខ្លួន​ ។

ប្តី​សួរ​ប្រពន្ធ​ពី​រឿង​លុយកាក់ ប្រពន្ធ​ចោទ​ប្តី​ថា ​គាបសង្កត់ ចិត្ត​មិន​បាន​ជាមួយ​ខ្លួន​ ។ ជំនួស​អោយ​ការ​សួរនាំ និង​បកស្រាយ​ពី​ហេតុផល ដោយ​សន្តិវិធី យើង​ក៏​បញ្ជោះបន្សោក​អោយ​គ្នា​ ។ ឧទា​ហរណ៍ ប្តី​ឆ្ងល់​ថា​ហេតុ​អ្វី​លុយរ​កមក​ហើយ​មិន​សល់​ ។ ប្រពន្ធ​ទៅ​ជា​ខឹង​ប្តី គិត​ថា​ប្តី​មិន​ទុកចិត្ត​ខ្លួន មិន​យល់​ពី​ទុក​លំបាក​ដែល​ខ្លួន ចាត់ចែង​ថវិកា​ដែល​ត្រូ​ច​ចំណាយ​សព្វគ្រប់​ក្នុង​គ្រួសារ ហើយ​ក៏​ឆ្លើយ​ទាំង​ទទឹងទិស ទៅ​ប្តី​ថា «​បើ​​គិត​ថា​ខ្ញុំ កាន់​លុយ​មិនកើត​ទេ មក​កាន់​លុយ ហើយ​ចាត់ចែង​ខ្លួនឯង​ទៅ​ឮ» ។

ចម្លើយ​នេះ ប្តី​ឮ​ហើយ ស្ងាត់​មាត់​ដូច​គេ​ចុក ហើយ​ក៏​លែង​សួរនាំ​តទៅ​ទៀត ប៉ុន្តែ​ក្នុង​ចិត្ត គឺ​ពិតជា​អន់ចិត្ត​ក្រៃ​លែង​ ។ ដំបូង​ៗក៏​ចេះ​តែ​ទ្រាំ​ទៅ​។ យូរ​ៗ​ទៅ ទ្រាំ​លែង​បាន​ឈ្លោះ​គ្នា ក្ឌុង ឬ​មិន​អ៊ីចឹង ក៏​សោះអង្គើយ​នឹង​គ្នា ដូច​អ្នក​ដទៃ​ ។

បើ​និយាយ​ពី​ការ​សន្ទនា ឬ​តស៊ូ​មតិ​ជា​ផ្លូវការ ខ្មែរ​យើង​ចាញ់​ប្រៀប​គេ ត្រង់​ការ​គ្រប់ គ្រង់​អារម្មណ៍ និង​ការ​ពន្យល់​ពី​ហេតុផល​នេះឯង ​។ យើង​និយាយ​បែក​អូរ​ហូរ​ស្ទឹង ពេល​ខ្លះ ​ចាក​ប្រធានបទ ពេល​ខ្លះ​ មិន​លើក​ពី​ហេតុផល ហើយ​និយាយ​តែ​ពីអារម្មណ៍​ខ្លួន ត្អូញត្អែរ​ច្រើន រហូត​បាត់​ឱកាស​បកស្រាយ​រឿង​ដែល​ជា​សាច់​ការ ហើយ​ចាញ់ក្តី​គេ​ ។

បើ​ពេល​ណា​ខ្មែរ​គិត​ថា ​ខ្លួនឯង​ត្រូវហើយ​មើលឃើញ​ចំណុច​​ខ្វះខាត​ណាមួយ​របស់​ភាគី ម្ខាង​ទៀត ខ្មែរ​នឹង​មើលងាយ មើល​ថោក​គេ ដៀល​ត្មិះ​​ គេ​មិន​សំចៃមាត់ ហើយ​បើ​អាច​ជាន់​គេ​បាន​ខ្មែរ​នឹង​ស​ង្គ្រ​ប​ជាន់​អោយ​កប់​ភក់ជ្រាំ មិន​អោយ​អ្នក​នោះ​ឯង ងើប​រួច​ដាច់ខាត​ ។

ជា​ញយ​ដង​ណាស់ យើង​ឃើញ​មានការ​ទាមទារ​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ​តើ​ខ្មែរ​ប៉ុន្មាន​អ្នក​ដែល​គោរព​សិទ្ធិ​បញ្ចេញមតិរបស់​អ្នក​ដែល​មាន​ទស្សន​ផ្ទុយ​ពី​ខ្លួន ដោយ​មិន​មាន​កើត​ចិត្ត​ខឹង​ស្អប់​ ។ គេ​ថា ខ្មែរ​យើង​មាន​ចរិត​ក្តិចត្រួយ ឃើញ​គេ​ល្អ​ជាង​ខ្លួន​មិន​បាន ​។ តើ​យើង​ក្តិចត្រួយ​គ្នា​របៀប​ណា? គឺ​របៀប​ដែល​យើង​ប្រព្រឹត្តិ​ចំពោះ​គ្នា តាម​អារម្មណ៍​ស្រលាញ់ ស្អប់ ភ័យ​ខ្លាច និង ប្រកាន់​ថា​អញ​ត្រូវ ឯង​ខុស ​។

គេ​ថា ឃ្លាន​ឆ្ងាញ់​ស្រលាញ់​ល្អ​។ បើ​ខ្មែរ ស្រលាញ់​អ្នក​ណា គឺ​ស្រលាញ់​ងប់​ងុល អ្នក​នោះ​ធ្វើ​អី ក៏​ល្អ ក៏​ត្រូវ ហើយ​បើ​ខុស ក៏​ខ្មែរ​យោគ​យល់​ជា​និច្ច​ ។

​ផ្ទុយ​ទៅ បើ​ខ្មែរ​មិន​ពេញចិត្ត​ហើយ ខ្មែរ​ព្រួត​គ្នា​ផ្តន្ទា​ទាល់តែ​បុគ្គល​នោះ​ងើប​លែង​រួច ​។ បើ​ខ្មែរ​ស្អប់ មនុស្ស​ណា​ម្នាក់​ត្រង់​ចំនុច​ណាមួយ ទោះ​បើ​បុគ្គល​នោះ មាន​ចំណុច​​ផ្សេង​ទៀត ដែល​ល្អ​យ៉ាងណា​ក៏​ដោយ ក៏​ខ្មែរ​ធីប​ចោល​ដែរ ហើយ គេ​នឹង​គាស់​រំលើង​ចំណុច​​មួយ ដែល​ទាស់ចិត្ត​គេ​នោះ ម្តង​ហើយ​ម្តងទៀត ។ តើ​យើង​ធ្លាប់ឮ​ពាក្យ​អស់ទាំង​នេះ​ទេ «ហ្អែ​ង​ក៏​មិន​គ្រាន់​ជាង​អញ​ដែរ​, និយាយ​ហ្នឹង ធ្វើ​ដូច​ខ្លួនឯង​គ្រាន់បើ​ណាស់​ចឹ​ង​, មិន​ខ្មេះ​ទេ​, លាង​ខ្លួនឯង អោយ​ជ្រះ​សិន​ទៅ ចាំ​និយាយ​, បើ​មិន​ចេះ កុំ​ធ្វើ​ចេះ​, ។​ល​។»បើ​ធ្លាប់​ឃើញ ធ្លាប់​ឮ ធ្លាប់​និយាយ​ដែរ តើ​អ្នក​ទាំងអស់​គ្នា ដឹង​ទេ​ថា អ្នក​កំពុង​បំពាន​លើ​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នក​ដទៃ ហើយ​អ្នក​ជា​មនុស្ស​ដែល​មានចិត្ត​ចង្អៀតចង្អល់​ ។

​ជា​ធម្មតា មនុស្ស​យើង​មាន​ពេល​ខុស មាន​ពេល​ត្រូវ​ មានរឿង​ជាទី​ពេញចិត្ត និង​មិន​ពេញចិត្ត​ ។ បើ​ត្រង់​ណា ដែល​យើង​មិនពេញចិត្ត យើង​ពន្យល់​ដោយ​ហេតុផល ហើយ​បើ​យើង​មិន​អាច​ពន្យល់​បាន ឬ និយាយ​គ្នា​មិនកើត យើង​អាច​ចៀស​ចេញ​​ តែ​យើង​មិន​អាច​ហាម​អ្នក​ដទៃ មិន​អោយ​គេ​និយាយ​បាន​ទេ​។ កាលដែល​យើង​មាន​ទម្លាប់ មិន​បើក​ចិត្ត​ទូលាយ ទទួល​យក​ទស្សនៈ​ប្លែក​គ្នា​នេះ​ហើយ ទើប​យើង​ចេះ​តែ​ឈ្លោះ​គ្នា​ ។  

តើ​ខ្មែរ​យើង​ប៉ុន្មាន​នាក់​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា សេពគប់ ឬ​អាច​នៅ​រក្សា​សន្តិភាព នឹង​គ្នា​បាន​ទាំង​ដែល​ពេល​ខ្លះ​គេ​មាន​ទស្សនៈ​ខ្វែងគ្នា? គឺ​មាន​ដោយ​កម្រ​ណាស់ សូ​ម្បី​តែ​ជាមួយ​បងប្អូន​បង្កើត​របស់​ខ្លួន​។ ដោយ​បែប​នោះ​ហើយ បានជា​ឃើញ​មាន​គេ​និយាយ​ថា អ្នកខ្លះ​រៀន​ចេះ​ដឹង​ដែរ តែ​ឃើញ​​តែ​ឈ្លោះ​ទាស់ទែង​គ្នា ព្រោះ​ប្រកាន់​តែ ចំណេះ​ខ្លួន តែ​ចរិត​មានះ ពិបាក​និយាយ​គ្នា​ក្រៃ​
លែង​ ។

ដោយ ៖ កញ្ញា នាង​សុធា​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ