ទីក្រុងអង់ការ៉ា៖ ទទួលបានដំណឹងជាបណ្ដើរៗហើយករណីធ្លាក់យន្តហោះដឹកជញ្ជូនយោធារបស់ប្រទេសតួកគី។ មនុស្ស២០នាក់ដែលបានជិះនៅក្នុងយន្តហោះនោះស្លាប់ទាំងអស់គ្មានសល់ម្នាក់ទេបន្ទាប់ពីយន្តហោះធ្លាក់នៅប្រទេសហ្សកហ្ស៊ី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិតួកគី។ យន្តហោះម៉ាកស៊ី១៣០ (C-130) បានចាកចេញដំណើរពីទីក្រុងកាន់ចា (Ganja) ប្រទេសអាហ្ស៊ែបៃហ្សង់ (Azerbaijan) ឆ្ពោះទៅប្រទេសតួកគី។

នៅពេលហោះដល់តំបន់ស៊ីណាហ្គី (Sighnaghi) ប្រទេសហ្សកហ្ស៊ី ជិតដល់ព្រំដែនប្រទេសអាហ្ស៊ែបៃហ្សង់ យន្តហោះនេះក៏ធ្លាក់តែម្ដង។ គេមិនទាន់ដឹងអំពីមូលហេតុនៃការធ្លាក់នៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងស៊ើបអង្កេត។ ក្រុមអ្នកស៊ើបអង្កេតតួកគីបានចុះទៅដល់ទីតាំងធ្លាក់យន្តហោះនោះហើយ ហើយកំពុងពិនិត្យមើលបំណែកយន្តហោះ។ ពួកគេកំពុងសហការជាមួយអាជ្ញាធរប្រទេសហ្សកហ្ស៊ី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្សកហ្ស៊ី លោកហ្គេឡា ហ្គេឡាតហ្សេ (Gela Geladze) ថ្លែងថារហូតមកដល់ពេលនេះ អាជ្ញាធរប្រមូលបានសាកសពជនរងគ្រោះ១៨នាក់។ ជនរងគ្រោះ២នាក់ទៀតដឹងថាស្លាប់ហើយ។ គ្រាន់តែមិនដឹងថាសាកសពរបស់ពួកគេស្ថិតនៅទីណាពិតប្រាកដ។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកពួកគេ។ លោកថ្លែងបន្តទៀតថាបញ្ហាលម្អិតពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះនឹងផ្សព្វផ្សាយជូនសាធារណជនជាដំណាក់កាលៗដោយមានកិច្ចសហការជាមួយអាជ្ញាធរតួកគី។ មូលហេតុដែលត្រូវបញ្ចេញឱ្យដឹងជាដំណាក់កាលព្រោះនេះជាយន្តហោះយោធា ដូចនេះ ចំណុចខ្លះគេត្រូវលាក់ការណ៍សម្ងាត់។
រដ្ឋមន្ត្រីមហាផ្ទៃប្រទេសហ្សកហ្ស៊ី លោកហ្គេឡា ហ្គេឡាតហ្សេ (Gela Geladze) រដ្ឋមន្ត្រីការពារជាតិតួកគី លោកយ៉ាសា ហ្គូឡឺ (Yasar Guler) បង្ហោះសារនៅលើបណ្ដាញអ៊ិចថាយុទ្ធមិត្តស្នេហាជាតិរបស់យើងបានពលីជីវិតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នៅពេលយន្តហោះដឹកជញ្ជូនយោធាម៉ាកស៊ី១៣០ (C-130) ដែលចេញដំណើរពីអាហ្ស៊ែបៃហ្សង់ឆ្ពោះមកកាន់ប្រទេសរបស់យើង (តួកគី) បានធ្លាក់ក្បែរព្រំដែនអាហ្ស៊ែបៃហ្សង់ និងហ្សកហ្ស៊ី។
រដ្ឋមន្ត្រីការពារជាតិប្រទេសតួកគី លោកយ៉ាសា ហ្គូឡឺ (Yasar Guler) កាលពីថ្ងៃអង្គារ ទីភ្នាក់ងារព័ត៌មានតួកគីបានដកស្រង់ប្រភពពីអាជ្ញាធរអាកាសចរណ៍ហ្សកហ្ស៊ីមកផ្សាយថាយន្តហោះនេះដាច់ការទាក់ទងគ្នាបន្ទាប់ពីហោះចូលដែនអាកាសប្រទេសហ្សកហ្ស៊ីបានតែប៉ុន្មាននាទីប៉ុណ្ណោះ។ ចំណុចដែលគួរឱ្យកត់សម្គាល់នៅត្រង់ថាមុនពេលធ្លាក់ អាកាសនេះមិនបានបង្ហាញសញ្ញាថាមានបញ្ហា ឬកំហុសបច្ចេកទេសអ្វីទេ។
យន្តហោះម៉ាក C-130 (រូបតំណាង)ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោកអាលីយ៉េវ (Aliyev) និងរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ីសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយប្រទេសតួកគី។ លោកអាលីយ៉េវថ្លែងថាយើងមានអារម្មណ៍ក្ដុកក្ដួលនៅក្នុងចិត្តឥតឧបមាចំពោះហេតុការណ៍នេះ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីក៏បានចូលរួមរំលែកមរណទុក្ខផងដែរ និងបានបញ្ជាក់ជំហរជាថ្មីថាទីក្រុងវ៉ាស៊ីនតោនស្ថិតនៅជាមួយប្រទេសតួកគីជានិច្ច។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអេភី (AP) និងប្រភពដទៃទៀត៕
ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោកអាលីយ៉េវ (Aliyev)
ចែករំលែកព័តមាននេះ