សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន លោកស៊ីនជីរ៉ូកូ អ៊ីហ្សូមី អះអាងនាថ្ងៃទី៧ ធ្នូ ថា បណ្ដាយន្តហោះយោធាចិនមុននេះ បានបង្កការរំខានដល់រ៉ាដារបស់បណ្ដាយន្តហោះប្រដេញជប៉ុន នៅដែនទឹកនៃកោះអូគីណាវ៉ា តែការអះអាងទាំងនោះ ត្រូវបានក្រុងប៉េកាំងបដិសេធ ។
ក្រុងតូក្យូបានផ្ញើកំណត់ហេតុតវ៉ាទៅកាន់ក្រុងប៉េកាំង ក្រោយឧប្បត្តិហេតុទាំងនោះដែលចាត់ទុកថា គ្រោះថ្នាក់បំផុត និងគួរឲ្យសោកស្ដាយបំផុត ដែលមិនបណ្ដាលឲ្យមានជនរងគ្រោះ ឬការខូចខាតឡើយ ។ នេះជាការលើកឡើងរបស់លោកកូអ៊ីហ្សូមី ក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី៧ ធ្នូ ។ តាមរដ្ឋមន្ត្រីរូបនេះថា ឧប្បត្តិហេតុនោះ កើតមានក្នុងសមុទ្រនាភាគអាគ្នេយ៍កោះអូគីណាវ៉ា ជប៉ុននាចុងខាងត្បូងប្រទេស ។
ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារប្រទេសជប៉ុននិយាយថា យន្តហោះប្រដេញ J-15 ដែលហោះចេញពីនាវាផ្ទុកយន្តហោះចិនLIAONING បានបាញ់ពន្លឺសំដៅយន្តហោះប្រដេញជប៉ុនធុនF-15 ដែលហោះមកស្ទាក់ ។ ឧប្បត្តិហេតុប្រហាក់ប្រហែលគ្នានោះ ក៏កើតមានរវាងយន្តហោះចិន និងជប៉ុន២គ្រឿងទៀត ប្រមាណជា២ម៉ោងក្រោយ។
ក្រសួងការបរទេសចិនបានបដិសេធការចោទប្រកាន់ទាំងនេះ និងគូសបញ្ជាក់ថា ចិនក៏បានផ្ញើការតវ៉ាបកទៅវិញដែរ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនស្នើដល់ជប៉ុនឲ្យបញ្ឈប់ជាបន្ទាន់ សកម្មភាពគ្រោះថ្នាក់នានា សំដៅរារាំងដល់សមយុទ្ធយោធាចិនតាមធម្មតា ។
មុននេះ កងម៉ារីនចិនថ្លែងថា ការអះអាងរបស់ក្រុងតូក្យូផ្ទុយទាំងស្រុងនឹងការពិត និងស្នើដល់ជប៉ុនឲ្យបញ្ឈប់ជាបន្ទាន់ការមួលបង្កាច់ និងប្រមាថ ។ ទំនាក់ទំនងចិន-ជប៉ុន មានភាពតានតឹងខ្លាំងចាប់តាំងពីនាយករដ្ឋមន្ត្រីថ្មីជប៉ុនលោកស្រីសាណាអ៊ីតាកា អ៊ីជីឡើងកាន់តំណែងមក ។ កាលពីខែវិច្ឆិកាលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា ប្រទេសលោកស្រីអាចធ្វើអន្តរាគមន៍ប្រសិនបើចិន វាយប្រហារប្រឆាំងតៃវ៉ាន់ ។
ចាប់តាំងពីពេលនោះមក មានឧប្បត្តិហេតុជាច្រើនរវាងកងនាវាចម្បាំងចិន និងជប៉ុន ក្នុងសមុទ្រចិនខាងកើត ជិតកោះដែលចិនហៅថា កោះឌីអាវយូហើយជប៉ុនហៅកោះសេនកាគូ ជាកោះគ្រប់គ្រងដោយជប៉ុន តែចិនទាមទារថាជាកោះរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ