ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១១​ខែ​ដំបូង​ឆ្នាំ​នេះ​! វៀតណាម​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន

3 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ១៩,២ លាន​នាក់ នៅ​ក្នុង​រយៈពេល ១១ ខែ​ដំបូង នៃ​ឆ្នាំ​នេះ ដែល​ជា​ការ​កើនឡើង…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ១៩,២ លាន​នាក់ នៅ​ក្នុង​រយៈពេល ១១ ខែ​ដំបូង នៃ​ឆ្នាំ​នេះ ដែល​ជា​ការ​កើនឡើង ២១% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពីមុន និង​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ផង​ដែរ​។

របាយ​កាណ៍​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​បង្ហាញ​ថា នៅ​ឆ្នាំ ២០១៩ ឆ្នាំ​មុន​ការ​ចាប់ផ្តើម​នៃ​ជំងឺ​កូ​វី​ដ​១៩ ប្រទេស​វៀតណាម​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១៨ លាន​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​ពេល​នោះ​។ ចំណែក កាលពី​ឆ្នាំ ២០២៤ ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១៧,៦ លាន​នាក់​។

ចិនដីគោក​នៅ​តែ​ជាទី​ផ្សារ​ទេសចរណ៍​កំពូល​របស់​វៀតណាម​រវាង​ខែមករា និង​វិច្ឆិកា ឆ្នាំ​នេះ ដោយ​មាន​ចំនួន ៤,៨ លាន​នាក់ បន្ទាប់​មក​គឺ​កូរ៉េ​ខាងត្បូង ៣,៩ លាន​នាក់​។ អ្នកជំនាញ​ទេសចរណ៍​វៀតណាម​បាន​សន្មត​ថា ការ​កើនឡើង​ចំនួន​ភ្ញៀវ​អន្តរជាតិ​ជា​កំណត់​ត្រា​ថ្មី​នេះ ដោយសារ​តែ​គោលនយោបាយ​ទិដ្ឋាការ​អំណោយផល យុទ្ធនាការ​ផ្សព្វផ្សាយ​ដែល​បាន​ពង្រីក​បន្ថែម និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់ ដែល​បាន​ប្រារព្ធ​ឡើង ដើម្បី​អបអរសាទរ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​សំខាន់​ៗ​។

នៅ​ដើមខែ​សីហា រដ្ឋាភិបាល​វៀតណាម​បាន​លើកលែង​តម្រូវការ​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​មក​ប្រទេស​ចំនួន ១២ បន្ថែម​ទៀត រួម​មាន បែ​ល​ហ្ស៊ិ​ក ប៊ុល​ហ្គា​រី ក្រូ​អាស៊ី សាធារណរដ្ឋ​ឆែក ហុង​គ្រី លុ​ច​សំបួ ហូ​ឡង់ ប៉ូ​ឡូញ រ៉ូ​ម៉ា​នី ស្លូ​វ៉ា​គី ស្លូ​វេ​នី និង​ស្វី​ស សម្រាប់​ការ​ស្នាក់​នៅ​រហូត​ដល់ ៤៥ ថ្ងៃ ហើយ​នេះ​ក៏​បាន​ពង្រីក​បញ្ជី​លើកលែង​ទិដ្ឋាការ​ឯកតោភាគី​របស់​វៀតណាម​ដល់ ២៤ ប្រទេស និង​ចំនួន​សរុប​រួម​ទាំង​ការ​លើកលែង​ទ្វេភាគី​រហូត​ដល់ ៣៩ ប្រទេស​។

រដ្ឋាភិបាល​វៀតណាម​ថ្មី​ៗ​នេះ បាន​បន្ថែម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន ៤១ បន្ថែម​ទៀត ដែល​ជនបរទេស​អាច​ប្រើប្រាស់​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និក​សម្រាប់​ការ​ចូល និង​ចេញ ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និករ​ហូត​ដល់ ៨៣ ចក្រ​។

បើ​ទោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​វៀតណាម​នៅ​ឆ្នាំ​នេះ ឈាន​ដល់​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​ក៏​ដោយ ក៏​ប្រទេស​វៀតណាម​បាន​កំណត់​គោលដៅ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២៣ ទៅ ២៥ លាន​នាក់ នៅ​ចុងឆ្នាំ​នេះ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ