រាជធានីភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញផ្សាយនៅថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២៥ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកង កម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ ។
ថ្លែងការណ៍បានលើកឡើងថា យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាអាទិ៍CNN, BBC, Al Jazeera, Reuters, និង The Guardian កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើក លើកងកម្លាំងកម្ពុជា និងលើតំបន់សហគមន៍ពលរដ្ឋ ។ ការវាយប្រហារដ៏សាហាវរបស់យោធាថៃនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ និងរបួសធ្ងន់ជាច្រើននាក់ ។
សកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង F-16 និងផ្សែងពុល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងច្បាស់លើ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាផ្សេងៗទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ និង សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែល ទើបតែចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donal J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងជាប្រធានអាស៊ានប្តូរវេន ។
នេះសបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងយោធាថៃបាន និងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់ អាស៊ាន«ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។ គ.ស.ម.ក. ស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោសប្រទេសថៃ និងដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុងស្របតាមច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយដែលបង្កដោយការឈ្លានពានរបស់ប្រទេសថៃ។
គ.ស.ម.ក. សូមបញ្ជាក់ថា មិនថាពេលមានវិបត្តិសង្គ្រាម ឬជម្លោះធ្លាក់ដល់ស្ថានភាពយ៉ាងណាក៏ដោយ សិទ្ធិមនុស្សស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិត្រូវតែគោរពជាដាច់ខាត ។ បូរណភាពដែនដី និងជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូបមានតម្លៃ ហើយត្រូវតែការពារក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។
កម្ពុជានៅតែតាំងជំហរឥតងាករេ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តយ៉ាងពេញ លេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំងពីរភាគីបានសម្រេចពីមុនមក ។
សេចក្តីថ្លែងការណ៍បានបន្តថា កម្ពុជាប្រកាន់ខ្ជាប់លើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ដោយប្រឆាំងនឹងការគំរាមកំហែង និងការប្រើកម្លាំងគ្រប់ទម្រង់ ។ កម្ពុជាបន្តខិតខំស្វែងរកដំណោះស្រាយដែលមានយុត្តិធម៌ មានតម្លាភាព ត្រឹមត្រូវ និងមានចីរភាពសម្រាប់បញ្ហាទាំងអស់ ។
គ.ស.ម.ក. នឹងបន្តតាមដានកត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់យោធាថៃ ៕
ចែករំលែកព័តមាននេះ