រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកការស៊ើបអង្កេតដោយឯករាជ្យ លើករណីទាហានថៃបាញ់ប្រហារលើប្រជាពលរដ្ឋកម្ពុជា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ។
សម្តេចធិបតី បានសរសេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី១២ ខែវិច្ឆិកានេះថា ខ្ញុំសូមថ្កោលទោស ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា របួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់ ។
សម្តេចបវរធិបតីថា ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC ។
សម្តេចបានបញ្ជាក់ថា ៖ «ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេស ដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការបាញ់ប្រហារនេះ» ។
ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ។
សម្តេចបវរធិបតីបានអះអាងថា កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕




ចែករំលែកព័តមាននេះ