* អង្គុយផឹកកាហ្វេនៅហាងមួយ ជិតអគ្គស្នងការដ្ឋាននគរបាលជាតិ…មាននគរបាលកម្ចាត់គ្រឿងញៀនម្នាក់បាននិយាយយ៉ាងក្រអឺតថា បើចង់កម្ចាត់គ្រឿងញៀនមិនពិបាកទេ…ព្រោះវាកំពុងកើតមានពេញបន្ទុកតាមក្លឹបនានា ជាពិសេសក្លឹបដែលទើបបើកថ្មី…ប៉ុន្តែវាមានមេខ្លោងជើងកាងការពារយ៉ាងរឹងមាំរួចទៅហើយ…កម្ចាត់ម៉េចបានទៅ ?
* បានជាពោលដូច្នោះ ពីព្រោះគេបានបង្ហើបថា ក្លឹបដែលប្រើគ្រឿងញៀនភាគច្រើនជាក្លឹបធំៗរបស់ថៅកែចិន…បើគ្មានអ្នកធានាការពាររឹងមាំទេ…គ្មានភ្ញៀវណាហ៊ានចូលឡើយ ។ ម្ល៉ោះហើយថៅកែមិនល្ងង់ដល់ថ្នាក់ដេកភ័យព្រួយឱ្យគេចូលបង្ក្រាបទេ…សុខចិត្តចំណាយបង់ខែច្រើនណាស់ ដើម្បីការពារផលប្រយោជន៍…។
* មន្ត្រីដដែលបានបង្ហើបថា…ឱ្យសួរលោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
ដែលទើបឡើងថ្មី និងកំពុងក្លាយជាអ្នកមានថ្មីមួយរូប បានបញ្ចេញអំណាចកម្ចាត់បានប៉ុន្មានក្លឹបហើយ ? ក្លឹបធំៗជិតវិមានរដ្ឋសភា ក្លឹបច្រើនទៀតដែលទើបបើកថ្មីជាង១០ទីតាំងនៅតំបន់បឹងត្របែក ល្បីថា មានមេរត់ការទប់ទល់…រួចរាល់ហើយ បានជាអត់មានអ្នកបង្ក្រាប…បានជាស្ងាត់ក្នុងសម័យមេថ្មីនេះ ។
* បើតាមស្តាប់សូរ ដែលគេបង្ហើរប្រាប់កោះសន្តិភាព…រកសង្ឃឹមកម្ចាត់គ្រឿងញៀនតាមក្លឹបនានាលែងមានហើយ…ព្រោះប្រាក់ធានាសុវត្ថិភាព សម្រាប់ក្លឹបមួយៗមានរាប់ម៉ឺន…បូកសរុបទូទៅរាប់សែនដុល្លារប្រចាំខែ មិនធម្មតាឡើយ ។ កម្ចាត់ធ្វើអីដេកស៊ីស្រួលជាង…ហេ ! ហេ !
* មិនអាចស្វែងរកការបំភ្លឺពីលោកប្រធានថ្មីបានទេ ព្រោះទូរស័ព្ទចូល អត់មានអ្នកទទួល…ឯមន្ត្រីធំៗបន្ទាប់ ក៏មិនហ៊ានឆ្លើយបំភ្លឺដែរ ព្រោះអំណាចធំលើមេ ។
* ព័ត៌មានបន្តមានផ្សាយនៅលើកាសែតកោះសន្តិភាពបន្ថែមទៀត ៕ ដោយ៖ សហការី
ចែករំលែកព័តមាននេះ