តាមរយៈវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ រាជរដ្ឋាភិបាលបានអន្តរាគមន៍បន្តទៀតដើម្បីជួយវិស័យទេសចរណ៍ និងអចលនទ្រព្យនៅកម្ពុជា ។ វិស័យទាំងពីរ ជាសសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិបានរងផលប៉ះពាល់ជាខ្លាំង ចាប់ពីការផ្ទុះជំងឺកូវីដ១៩ នៅឆ្នាំ២០១៩ មក។
ជំនួយអន្តរាគមន៍របស់រដ្ឋាភិបាល ដូចជាស្នើឱ្យធនាគារពិនិត្យលទ្ធភាពក្នុងការ បន្តរៀបចំ ឥណទានឡើងវិញពាក់ព័ន្ធវិស័យចរណ៍ និងអចលនទ្រព្យ ជាសញ្ញាបង្ហាញថាវិស័យទាំងពីរ មិនទាន់ងើបពីការដូលសន្លប់ឡើងវិញនៅឡើយនោះទេ ។
ក្រោយវិបត្តិសេដ្ឋកិច្ចជាសកលបានបោកបក់ទៅលើវិស័យទាំងអស់នេះ បានធ្វើឱ្យក្រុមហ៊ុន ជាច្រើនបិទទ្វារអ្នកបម្រើការងាររាប់ម៉ឺននាក់បានបាត់បង់ការងារគ្មានប្រាក់ចំណូល។ នេះនិយាយពីវិស័យទេសចរណ៍ ។ រដ្ឋបានលើកលែងពន្ធនានា និងទម្លាក់សាច់ប្រាក់ ជួយឧបត្ថម្ភបុគ្គលិកដែលបានបាត់បង់ការងារ និងបានស្នើសុំឱ្យធនាគាររៀបចំចំកម្ចីឥណទានឡើងវិញដល់អ្នករងប៉ះ
ពាល់ ។
សម្រាប់រដ្ឋាភិបាលថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន សម្រេចផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យ ប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម ។
នាយករដ្ឋមន្ត្រីថ្មីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន២ ទី១៖ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះវិស័យ ទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ បណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមទានទុនរយៈពេល១២ខែ,
ទី២៖ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាត ឱ្យបងប្អូនដែលជាប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់ សមរម្យតាមប្រភេទអាជីវកម្ម។
សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្រាក់ចំនួន៥០លានដុល្លារអាមេរិកនឹងត្រូវដាក់ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណាបង្កើតប្រាក់ឱ្យកើនឡើង២០០ ឬ៣០០លានដុល្លារ។ សម្រាប់ប្រាក់ចំនួន ៥០លានដុល្លារនេះ គឺជាដើមទុនឱ្យវិស័យឯកជនផ្នែកប្រតិបត្តិករទេសចរណ៍ រៀបចំសកម្មភាពទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប។
ចំពោះវិស័យអចលនទ្រព្យវិញ ប្រមុខរដ្ឋាភិបាល បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ ជូនដល់អ្នកដែលខ្ចីដើម្បីទិញដីធ្លី និងលំនៅឋានទៅតាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានដោយផ្អែកលើ គោលការណ៍ស្ម័គ្រចិត្ត រួមនឹងការដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរួមចំណែកជួយដល់វិស័យអចលនទ្រព្យ ដែលបានរងផលប៉ះពាល់ពីវិបត្តិនានាផ្ទួនៗគ្នា។
សម្តេចមានប្រសាសន៍បន្តថា មុនកាលរីករាលដាលនៃជំងឺកូវីដ១៩ វិស័យសំណង់ និងអចលនទ្រព្យ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ និងបានក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់កម្ពុជា។ ប៉ុន្តែក្រោយពេលការរីកដាលនៃជំងឺកូវីដ១៩ រួមនឹងវិបត្តិផ្សេង បានធ្វើឱ្យប៉ះពាល់ ដល់តម្រូវការទាំងខាងក្នុង និងខាងក្រៅនៃវិស័យនេះ ហាក់នៅទ្រឹង និងតម្រូវឱ្យមានការតាមដានជាប្រចាំ និងការដាក់ចេញនូវវិធានការដើម្បីរក្សា លំនឹងវិស័យ សំណង់ និងវិស័យអចលនទ្រព្យ។
អ្នកសេដ្ឋកិច្ចថា គេត្រូវការពេលវេលាច្រើនទៀត ដើម្បីស្តារវិស័យទាំងពីរឱ្យប្រសើរឡើងវិញ ប៉ុន្តែជាការពិតណាស់ កម្ពុជាត្រូវការដង្ហើបពីអ្នកទេសចរ និងអ្នកវិនិយោគដើម្បីគាំទ្រដល់ សេដ្ឋកិច្ចជាតិមានន័យថា នៅពេលវិស័យសំខាន់ទាំងពីរៗនេះ បន្តរងផលប៉ះពាល់ ជាខ្លាំងពីវិបត្តិសេដ្ឋកិច្ចជាសកលនោះ មិនមែនមានតែអ្នករកទទួលទាន អ្នកធ្វើការនៅក្នុង វិស័យនេះទេ ដែលរងប៉ះពាល់គឺសេដ្ឋកិច្ចជាតិក៏មិនរីកចម្រើនខ្លាំងដែល។
សូមជម្រាបថា សសរស្តម្ភទ្រង់ទ្រង់សេដ្ឋកិច្ចកម្ពុជាសំខាន់ៗ មានបួនគឺវិស័យកសិកម្ម ទេសចរណ៍ សំណង់ និងឧស្សាហកម្មកាត់ដេរ។ ទន្ទឹងនឹងកម្ពុជាកំពុងលាដៃស្វាគមន៍អ្នកទេសចរអន្តរជាតិ ប្រភពព័ត៌មានខ្លះបានឱ្យដឹង ថាម្ចាស់សណ្ឋាគារមួយចំនួនមិនទាន់មានដើមទុនគ្រប់គ្រាន់ដើម្បីរៀបចំបើកសណ្ឋាការឡើងវិញនោះទេ។ ជាមួយគ្នានេះ ពលរដ្ឋដែលបានទិញផ្ទះបង់រំលោះជាច្រើនគ្មាន លទ្ធភាព រកចំណូលបង់ឱ្យបុរីឬធនាគារ ។ ដីនិងផ្ទះជាច្រើនដាក់លក់តែគ្មានអ្នកទិញ។ សំណង់តូចធំខ្លះ បានជាប់គាំងមិនអាចបញ្ចប់គម្រោងបាន។ ទាំងនេះជាផលប៉ះពាល់ពីវិបត្តិកូវីដ១៩និង ស្ថានភាពការណ៍ពិភពលោក។
គេមិនដឹងថា ទាំងវិស័យទេសចរណ៍ និងអចលនទ្រព្យនៅកម្ពុជា អាចងើបផុតពីវិបត្តិសេដ្ឋកិច្ចនេះនៅពេលនោះទេ ប៉ុន្តែឆ្នាំ២០២៤ ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់៦.៦%។ នេះបើតាមសារាចរ ស្ដីពី ការៀបចំផែន ការយុទ្ធសាស្ដ្រថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕
ចែករំលែកព័តមាននេះ