រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៦ សីហា ឆ្នាំ២០១១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ មានរៀបចំពិធីសំណេះសំណាលការងារគ្រប់គ្រងសមាជិកបក្ស ជាមួយ សាខាភូមិទាំង៨៣ចំណុះគណៈកម្មាធិការបក្សសង្កាត់ទាំង១២នៅទូទាំងខណ្ឌ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកឯម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ ដោយមានការចូលរួមពីសមាជិក សមាជិកាស្នូលគណបក្សប្រជាជនមកពីភូមិទាំង៨៣សរុបចំនួន២៤៩នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកគួច ចំរើន បានថ្លែងអំណរគុណចំពោះការខិតខំកន្លងមករបស់សមាជិកសកម្មគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ដែលធ្វើឱ្យគណបក្សយើងទទួលបានសំឡេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើងជាលំដាប់ ។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននេះដែរ លោកក៏បានដាក់បទបញ្ជាផ្ទៃក្នុងមួយចំនួនដែលជាកត្តាចាំបាច់សម្រាប់ឱ្យសាខាបក្សទាំង៨៣ភូមិយកទៅអនុវត្តនាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត ពិសេសគឺបញ្ហាគ្រប់គ្រងតាមដានវត្តមាន និងអវត្តមានសមាជិករបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។
បន្ទាប់ពីបានមានប្រសាសន៍ផ្តល់នូវអនុសាសន៍ថ្មីៗរួចមក លោកគួច ចំរើន ក៏បានផ្តល់ថវិកាដល់សមាជិកសាខាបក្សទាំង៨៣ភូមិដែលបានចូលរួមក្នុងឱកាសនោះចំនួន២៤៩នាក់ក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ