រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ សីហា ឆ្នាំ២០១១ លោកអិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ បានចុះសាកសួរសុខទុកកម្មករដែលកំពុងសម្រាកព្យាលបាលនៅមណ្ឌលសុខភាពបែកចានក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងចុះពិនិត្យរោងចក្រជីម លី ក្រុមហ៊ុនខេមបូឌា ភី ធី អ៊ី អែល ជី ឌី ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអ៊ុំ ស៊ីវុន អនុប្រធានមណ្ឌលសុខភាពបែកចានថ្លែងថា បញ្ហាកើតមាននៅរោងចក្រជីម លី មានកត្តាពីរសំខាន់គឺ ទី១-សុខភាពរបស់កម្មករខ្សោយខ្វះជាតិស្ករ និងទី២-ក្លិនគីមីជាប់ក្រណាត់ដែលធ្វើឱ្យមានបញ្ហាកម្មករសន្លប់ជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រីអ៊ិត សំហេង មានប្រសាសន៍ថា ទោះកើតមកពីបញ្ហាអ្វីក៏ដោយ គឺកត្តាសំខាន់រួមគ្នាសង្គ្រោះកម្មករតាមគ្រប់មធ្យោបាយនៅមណ្ឌលសុខភាពរបស់រដ្ឋ និងគិលានដ្ឋានឯកជន។ ចំពោះបញ្ហាដែលកើតមាននេះ គឺក្រុមការងារចុះពិនិត្យសិក្សាស្វែងយល់វាយតម្លៃច្បាស់លាស់ រួចធ្វើរបាយការណ៍មកក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈដើម្បីរកដំណោះស្រាយ។ លោករដ្ឋមន្ត្រីបានសុំឱ្យកម្មការិនីស្ងប់អារម្មណ៍សម្រាកព្យាបាល និងបំប៉នសុខភាពស្តាប់ការណែនាំរបស់គ្រូពេទ្យ ព្រោះវេជ្ជបណ្ឌិតបញ្ជាក់ថា ក្មួយៗសុទ្ធតែខ្វះជាតិស្ករ ដើម្បីទ្រទ្រង់សុខភាពឱ្យរឹងប៉ឹង។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រីអ៊ិត សំហេង និងលោកឆា លី ប្រធានគ្រប់គ្រងរោងចក្រជីម លី ក្រុមហ៊ុនខេមបូឌា ភី ធី អ៊ី អែល ជី ឌី បានឧបត្ថម្ភទឹកបរិសុទ្ធឱរ៉ាល់ ៧កេស និងថវិកាក្នុងម្នាក់ៗចំនួន៦ម៉ឺនរៀល សរុប៥៨នាក់។ តមកលោករដ្ឋមន្ត្រីអ៊ិត សំហេង បានអញ្ជើញទៅពិនិត្យផ្ទាល់ដល់រោងចក្រជីម លី ក្រុមហ៊ុនខេមបូឌាភី ធី អ៊ី អែល ជី ឌី ដើម្បីពិនិត្យសិក្សាស្វែងយល់ជាក់ស្តែង។ លោកឆា លី គូសបញ្ជាក់ថា រោងចក្រជីម លី គឺគោរពច្បាប់ និងបទដ្ឋានព្រមទាំងគោរពសិទ្ធិកម្មករ និងសហជីព។ ចំពោះការកើតមានឧប្បត្តិហេតុ គឺគួរឱ្យសោកស្តាយព្រោះរោងចក្រត្រូវខាតបង់ពេលវេលា និងថវិកា។ លោករដ្ឋមន្ត្រីអ៊ិត សំហេង មានប្រសាសន៍ថា កន្លងមកគឺមានកត្តាជាច្រើនចំពោះការដួលសន្លប់របស់កម្មករ កម្មការិនី ប៉ុន្តែភាគច្រើន គឺកម្មការិនី។ ដូច្នេះក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ត្រូវចុះពិនិត្យសិក្សាស្វែងយល់ឱ្យច្បាស់លាស់នៅគ្រប់ទីកន្លែង ដើម្បីលើកយកមកដោះស្រាយព្រោះភាគីពាក់ព័ន្ធត្រូវខាតបង់រៀងៗខ្លួន។
លោកអ៊ិត សំហេង មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើការវិនិយោគវិស័យឧស្សាហកម្មកាត់ដេរ ដើម្បីផ្តល់ការងារធ្វើជូនប្រជាជន ប៉ុន្តែក៏គិតគូរអំពីសុខុមាលភាពរបស់កម្មករ កម្មការិនីដែរ។ ដូច្នេះរោងចក្រសហគ្រាសនីមួយៗត្រូវគោរពច្បាប់ និងបទដ្ឋានផ្សងៗ ដើម្បីផលប្រយោជន៍គ្រប់ភាគី។ ចំពោះការកើតមានបញ្ហានេះ គឺសំណូមពររោងចក្រជីម លី ផ្អាកការងារបណ្តោះអាសន្នទុកឱ្យកម្មករសម្រាកដើម្បីក្រុមការងារពិនិត្យសិក្សាស្វែងយល់ពីបញ្ហាអ្វីឱ្យច្បាស់លាស់៕
ចែករំលែកព័តមាននេះ