ទីក្រុងហាណូយ ៖ យោងទៅតាមប្រភពព័ត៌មានវៀតណាមញូចេញផ្សាយកាលពីថ្ងៃអង្គារ ទី២ សីហា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានតែងតាំងឧបនាយករដ្ឋមន្ត្រី២រូបបន្ថែមទៀត ខណៈពេលដែលរដ្ឋមន្ត្រីចំនួន១៥រូបក្នុងចំណោម២២ត្រូវបានស្នើទៅរដ្ឋសភាឱ្យមានការផ្លាស់ប្តូរ។ នៅក្នុងរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីថ្មី គឺតម្រូវឱ្យមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប រដ្ឋមន្ត្រីចំនួន២២រូប និងភ្នាក់ងារកម្រិតរដ្ឋមន្ត្រីដែលត្រូវបានអនុម័តដោយឧបនាយករដ្ឋមន្ត្រី។
ចំណែកឯឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន២រូប គឺលោក Hoang Trung Hai និង Nguyen Thien Nhan ត្រូវបានរក្សាមុខតំណែងដដែលរហូតដល់រយៈពេល៥ឆ្នាំទៀត។ ដោយឡែកលោក Nguyen Xuan Phuc រដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋាភិបាល រួមជាមួយនឹងលោក Vu Van Ninh រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីថ្មី។
ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង៤រូបនោះសុទ្ធតែមានអាយុក្រោម៦០ឆ្នាំហើយលោក Hoang Trung Hai ៥២ឆ្នាំ គឺជាឧបនាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុត។ ឧបនាយករដ្ឋមន្ត្រីទាំង៤រូបនោះនឹងធ្វើការទទួលខុសត្រូវចំពោះបញ្ហាសេដ្ឋកិច្ច គោលនយោបាយអភិវឌ្ឍកសិកម្ម ផលិតកម្ម និងឧស្សាហកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កិច្ចការផ្ទៃក្នុង និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។
នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung គឺបានរក្សាទុករដ្ឋមន្ត្រីបច្ចុប្បន្ន៧រូប និង១៥រូបផ្សេងទៀតគឺជាមនុស្សថ្មី។
រដ្ឋមន្ត្រី ៧រូបដែលមានសំណាងបានបន្តនៅក្នុងការិយាល័យរួមមាន ៖
១-រដ្ឋមន្ត្រីក្រសួងការពារជាតិ
២-រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម
៣-រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ
៤-រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
៥-រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈ
៦-រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌
៧-រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជនជាតិភាគតិច និងកុលសម្ព័ន្ធ៕
ចែករំលែកព័តមាននេះ