ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូង ។ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ឃាត់ខ្លួននៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ សីហា ឆ្នាំ២០១១ នៅចំណុចភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជននេះត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងហើយដែរ ។
លោកវរសេនីយ៍ត្រីអ៊ុន សំអន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ជនជាប់ចោទដែលត្រូវចាប់ឃាត់ខ្លួននេះ ឈ្មោះមៅ ខេ្វ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។ ចំពោះការចាប់ឃាត់បុរសរូបនេះ កម្លាំងនគរបាលជំនាញអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួនលេខ៤០ ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ ២០១១ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ គឺលោកពេជ្រ វិជ្ជាធរ ដោយចោទប្រកាន់ជនជាប់ចោទពីបទលួចដែលបានប្រព្រឹត្តកាលពីថ្ងៃទី១ មីនា ឆ្នាំ ២០១១ នៅភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនជាប់ចោទត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០១១ ដើម្បីចាត់ការតាមច្បាប់ហើយដែរ ៕
ចែករំលែកព័តមាននេះ