រាជធានីភ្នំពេញ ៖ បេក្ខជនបណ្ឌិត ហេង គង់ ដែលបានចំណាយពេលវេលាបន្តការសិក្សាស្រាវជ្រាវយកសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) អស់រយៈពេលជាង៣ឆ្នាំ កន្លងមក ត្រូវបានគណៈកម្មការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យអនុញ្ញាតឱ្យឡើងការពារគម្រោងសរសេរនិក្ខេបបទកាលពីរសៀលថ្ងៃទី២៦ សីហា ឆ្នាំ២០១១ នៅសាកលវិទ្យាល័យ CUP ។
និក្ខេបបទដែលបេក្ខជនហេង គង់ សិក្សាចងក្រងឡើងមានចំណងថា «ព្រះសង្ឃពុទ្ធសាសនាប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ» ។ ចំពោះនិក្ខេបបទនេះ ដឹកនាំសរសេរចងក្រងឡើងដោយលោកបណ្ឌិត ឯក ឆេងហួត ។
បន្ទាប់ពីបេក្ខជនបណ្ឌិត ហេង គង់ បានឡើងការពារគម្រោងសរសេរនិក្ខេបបទរបស់ខ្លួនយា៉ងក្បោះក្បាយនៅចំពោះមុខគណៈកម្មការវាយតម្លៃរួចមក បេក្ខជនត្រូវបានគណៈកម្មការផ្តល់អនុសាសន៍ល្អៗជុំវិញគម្រោងសរសេរនិក្ខេបបទ ដើម្បីឱ្យបេក្ខជនត្រៀមលក្ខណៈឡើងការពារសាក និងការពារបញ្ចប់នូវនិក្ខេបបទរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ៕
ចែករំលែកព័តមាននេះ