យូសេន បូលដែលជាកីឡាករការពារជើងឯកត្រូវគេបណ្តេញចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មពិភពលោកនៅកូរ៉េខាងត្បូងកាលពីរាត្រីថ្ងៃអាទិត្យទី១៨សីហាបន្ទាប់ពីរូបគេធ្វើឲ្យមានកំហុសបច្ចេកទេសពេលចាប់ផ្តើមរត់ ។ ការបណ្តេញចេញអត្តពលិកហ្សាម៉ាអ៊ីករូបនេះបានធ្វើឲ្យទស្សនិកជនដែលណែនណាន់តាន់តាប់ក្នុងពហុកីឡដ្ឋានក្រុងឌែរហ្គូភ្ញាក់ផ្អើលនិងស្រងាកចិត្ត។
ការត់ចម្ងាយ១០០ម៉ែត្រវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងកាលពីរាត្រីថ្ងៃអាទិត្យ(ម៉ោងនៅកូរ៉េ) បូលនិងមិត្តរួមជាតិ២នាក់ទៀតយ៉ូហាន់ ប្លេកនិងនេស្តា កាទ័រ រួមនឹងអត្តពលិក៥នាក់ផ្សេងទៀតបានដើរចូលទៅទីលានប្រណាំងដែលមានអ្នកទស្សនាជិត៧ម៉ឺននាក់។ ពួកគេទាំងអស់គ្នាបានទទួលការស្វាគមន៍ជាមួយនឹងស្នូរទះដៃលាន់កងរំពង។ បន្ទាប់ពីបានកំដៅសាច់ដុំរួចប្រហែលជា៥នាទី បូលចូលទៅឈរនៅក្នុងគំនូសទី៥ពណ៌ខៀវនិងបានត្រៀមខ្លួនសម្រុកទៅទៅមុខ។ ខណៈនោះហេតុការណ៍ដោតឥតព្រៀងទុកមួយបានកើតឡើង។ បូលបានចាប់ផ្តើមរត់មុនសូរកាំភ្លើងចាប់ផ្តើមបាញ់ចេញ។
គេបានរត់ទៅអស់ជាច្រើនម៉ែត្រហើយបន្ទាប់មកក៏ដោះអាវចេញដែលបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគេផ្ទាល់ដឹងថាមានកំហុសបច្ចេកទេស។ កំហុសលើកនេះបានធ្វើឱ្យយូសេន បូលមានការសោកស្តាយនិងឈឺចាប់ជាខ្លាំង។ ឱកាសការពារជើងឯករបស់គេបានរលាយបាត់ទាំងស្រុង។
យ៉ូហាន់ ប្លេកអត្តពលិកមិត្តរួមជាតិបូលដែលបានយកឈ្នះមេដាយមាសក្នុងការប្រកួតលើកនេះបាននិយាយថា៖ «ខ្ញុំមិនដឹងថារកពាក្យអ្វីមកថ្លែងចំពោះបញ្ហាលើកនេះទេ។ បូលគឺជាគូប្រជែងរបស់ខ្ញុំនៅទីនេះ។ ខ្ញុំចង់តែស្រែកយំនៅពេលដែលគេជួបនឹងសំណាងអាក្រក់បែបនេះ។ ខ្ញុំបានប្រឹងប្រែងហ្វឹកហាត់អស់ពេលជាយូរមកហើយដោយសង្ឃឹមថា ខ្ញុំអាចដណ្តើមជ័យជម្នះពីបូលបាន»។
ការបញ្ឈប់យូសេន បូលពីការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យបានធ្វើឲ្យមានការតវ៉ាមិនសុខចិត្តពីអ្នកទស្សនាពេញពហុកីឡដ្ឋាន។ ប៉ុន្តែភាពច្របូកច្របល់បានស្ងប់ទៅវិញប៉ុន្មាននាទីបន្ទាប់ពីអត្តពលិកយ៉ូហាន់ ប្លេកបានយកឈ្នះការប្រកួត ៕
ចែករំលែកព័តមាននេះ