រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវឪពុកកូន៣នាក់ព្រួតវាយ និងកាប់ ដាច់សរសៃបាតដៃ និងរយៈស្មា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ សីហា ២០១១ នៅក្រុមទី៣ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះឈ្មោះអ៊ុន រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ជាចុងភៅតាមរោងការ-បុណ្យ មានទីលំនៅភូមិកើតហេតុបានឱ្យដឹងថា ជនដៃដល់ដែលកាប់មកលើរូបគេនេះ ពីមុនធ្លាប់ជាមិត្តភក្តិ និងមានផ្ទះនៅជិតគ្នា ប៉ុន្តែមួយរយៈចុងក្រោយនេះ ឈប់រាប់អាន និងដើរលេងផឹកស៊ីជាមួយគ្នាទៀតហើយ ។
នៅថ្ងៃកើតហេតុនេះ រូបគេបានឈរនិយាយគ្នានៅកន្លែងលក់ទូរស័ព្ទ មុខផ្ទះជាមួយមិត្តភក្តិ៦នាក់ទៀត។ ពេលកំពុងតែឈរស្រាប់តែឈ្មោះហ៊ុន សុខធា ភេទប្រុស អាយុ១៧ឆ្នាំ ជិះម៉ូតូមកដល់បោះពាក្យសម្តីថា ពួកឯងនៅចាំកន្លែងហ្នឹងហើយ រួចជិះម៉ូតូទៅបាត់។ បន្ទាប់ពីឮឈ្មោះហ៊ុន សុខធា និយាយដូច្នេះ រូបគេអ៊ុន រិទ្ធី នឹកស្មានថា គេរករឿងទារប្រាក់ជំពាក់១ម៉ឺនរៀល ក៏យកលុយ១ម៉ឺនរៀល ទៅសងប្អូនហ៊ុន សុខធា នៅឯផ្ទះ។ ខណៈពេលដើរទៅមិនទាន់បានសងប្រាក់ផង ស្រាប់តែឃើញឈ្មោះហ៊ុន ធីរិទ្ធ ជាប្អូនប្រុសរបស់ឈ្មោះហ៊ុន សុខធា រត់កាន់ដំបងមកប្រុងវាយ ឃើញដូច្នេះ រូបគេក៏រត់ចូលផ្ទះយកដំបងដេញវាយវិញ ធ្វើឱ្យឈ្មោះហ៊ុន ធីរិទ្ធ រត់ទៅផ្ទះវិញ ហើយទូរស័ព្ទប្រាប់បងឈ្មោះហ៊ុន សុខធា ឱ្យមកជួយទាំងមិនយល់រឿង ។ បន្តិចក្រោយមកក៏ឃើញឈ្មោះហ៊ុន សុខធា ជិះម៉ូតូត្រឡប់មកវិញ មានមិត្តភក្តិ៣នាក់ មកជាមួយ (មិត្តភក្តិមិនបានជួយវាយតប់ទេ) ជិះចូូលក្នុងផ្ទះរបស់គេ ហើយកាន់កាំបិតប៉័ងតោដេញកាប់សំដៅក្បាល ជនរងគ្រោះយកដៃរងក៏ត្រូវបាតដៃ និងកាប់ស្មាមួយកាំបិតទៀត។
តាមសម្តីលោកអ៊ុន អេង អាយុ៤៦ឆ្នាំ ជាប្រធានក្រុម៣ ភូមិភ្នៀត ត្រូវជាឪពុកជនរងគ្រោះបានឱ្យដឹងថា ពេលដែលជនដៃដល់កាប់ទៅលើកូនរបស់គាត់នោះ មានឪពុករបស់ក្រុមជនដៃដល់ឈ្មោះរស់ ផាត អាយុ៥២ឆ្នាំ និងកូនប្រុសឈ្មោះហ៊ុន ធីរិទ្ធ កាន់ដំបងវាយលើកូនគាត់២នាក់ អ៊ុន រិទ្ធី និងអ៊ុន រដ្ឋា អាយុ១៧ឆ្នាំ ឱ្យរងរបួសដួល ហើយឈ្មោះហ៊ុន សុខធា កាប់ត្រូវជើងអ៊ុន រដ្ឋា មួយកាំបិតដេរ២០ថ្នេរទៀតផង។ បន្ទាប់ពីកើតហេតុ គាត់ទូរស័ព្ទប្តឹងប៉ូលិសឱ្យចុះទៅជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹងឱ្យធ្វើការចាប់ខ្លួនជនដៃដល់ និងបញ្ជូនកូនទាំងពីរទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ចែករំលែកព័តមាននេះ