ខេត្តក្រចេះ ៖ រថយន្តម៉ាកកាមរី ពណ៌សដែលកន្លងមកម្ចាស់ធ្លាប់តែអះអាងថា ខ្លួនជាអ្នកកាសែតមាតុភូមិ និងតែងតែបង្កសកម្មភាពចលាចលនៅតាមដងផ្លូវ ក្នុងការដេញចាប់យកលុយពីរថយន្តដឹកឈើនោះត្រូវមន្រ្តីរដ្ឋបាលព្រៃឈើចម្រុះបង្រ្កាបខណៈរថយន្តអ្នកកាសែតត្បាញអាយមួយនេះលួចដឹកឈើគ្រញូងប្រមាណជាង២០០គីឡូក្រាម។
ការបង្រ្កាបពីមេព្រៃខាងលើនេះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៦ សីហា នៅលើផ្លូវជាតិលេខ៧ (អាស៊ាន) ចំណុចស្ពានកាកុត ឃុំចង្រ្កង ស្រុកចិត្របុរី។
រថយន្តដែលសមត្ថកិច្ចចាប់បាននេះអ្នកបើកបរឈ្មោះគង់ ដូង ជាភ្នាក់ងារយកព័ត៌មានឱ្យកាសែតមាតុភូមិប្រចាំខេត្តកំពង់ចាម និងបក្សពួក២នាក់ទៀតមិនស្គាល់ឈ្មោះ។
មន្រ្តីរដ្ឋបាលព្រៃឈើនិយាយថា នេះជាលើកទី២ដែលកម្លាំងចម្រុះចាប់រថយន្តដឹកឈើគ្រញូងរបស់ពួកគេ ដោយកន្លងមកសមត្ថកិច្ចចាប់រថយន្តដឹកឈើគ្រញូងមួយគ្រឿងរបស់ក្រុមអ្នកកាសែតមាតុភូមិម្តងហើយ។
ក្រោយពីចាប់ឃាត់រួចមក រថយន្តមួយគ្រឿងនេះត្រូវបានយកទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្យា ។ សមត្ថកិច្ចថ្លឹងឈើគ្រញូងទាំងនោះមានទម្ងន់២៥០គីឡូក្រាម ។ ចំពោះអ្នកកាសែតរូបនោះ និងបក្សពួកបានគេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ