ពិន្ទុ២អាន់ឌ័រប៉ា ៧០នៅថ្ងៃចុងក្រោយបានធ្វើឲ្យកីឡាការិនីអាមេរិកប្រ៊ីតតានី លីនស៊ីខាំយកឈ្នះពានជើងឯកប្រកួតវាយកូនហ្គោលកម្មវិធី Canadian Women’s Open ដែលមានទឹកប្រាក់រង្វាន់សរុប២លាននិង២សែន៥ម៉ឺនដុល្លារអាមេរិក។ ការប្រកួតកម្មវិធីខាងលើនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោលthe Hillsdale Golf Club ស្ថិតក្នុងទីក្រុង Mirabel ខេត្តកេបិច ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យទី២៨ សីហា កន្លងមក។
ជាមួយនិងគម្លាតពិន្ទុ១ស្ត្រូកធ្វើឲ្យនាងលីនស៊ីខាំយកឈ្នះពានជើងឯកជាលើកទី២ប្រចាំឆ្នាំក្នុងលទ្ធផលសរុប១៣អាន់ឌ័រ ២៧៥។ ពេលនេះការខិតខំប្រឹងប្រែងដណ្តើមយកជ័យជម្នះឲ្យខាងតែបានរបស់នាងប្រ៊ីតតានី លីនស៊ីខាំបានក្លាយមកជាការពិតហើយ។ ចាប់តាំងពីឆ្នាំ២០០៩មកកីឡាការិនីអាមេរិករូបនេះពុំដែលបានឈ្នះជើងឯកក្នុងកម្មវិធីណាមួយទេ។ នេះគឺជាជ័យជម្នះពានជើងឯកលើកទី៥របស់នាងហើយនៅក្នុងអាជីព។ នាងបាននិយាយថា៖ «វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ បើគិតចាប់តាំងពីពេលដែលខ្ញុំបានយកឈ្នះពានជើងឯកកម្មវិធីKraft Nabiscoមក វាហាក់ដូចជាយូរណាស់»។
ចំណែកនាងស្ទេស៊ី ឡេវីសនិងមីស៊ែល វ៉ាយ បញ្ចប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រនេះដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ២ស្ទួនប៉ុណ្ណោះ។ ពួកគេទាំងពីរនាក់ធ្វើបានលទ្ធផល១២អាន់ឌ័រ ២៧៦ស្មើគ្នា។ នាងគ្រីស្ទី គ័រវ័យ៣៣ឆ្នាំបញ្ចប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រនេះដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៤ស្ទួន។ ឆ្លងកាត់៤ជុំប្រកួតនាងធ្វើបានលទ្ធផលសរុប១១អាន់ឌ័រ ២៧៧ស្មើជាមួយកីឡាការិនីអ៊ែនជែលឡា ស្ទែនហ្វត។ ពេលនេះបំណងរបស់នាងដែលចង់ដណ្តើមយកពានជើងឯកជាលើកទី១ក្នុងឆ្នាំថ្មី និងជាលើកទី១៥នៅក្នុងអាជីពនោះត្រូវបានបរាជ័យទាំងស្រុង។
ចំណែកនាងកាទ្រីយ៉ូណា ម៉ាតទូបញ្ចប់ការប្រកួតដណ្តើមបានចំណាត់ថ្នាក់លេខ៤០ស្ទួនជាមួយលទ្ធផលសរុប២អាន់ឌ័រ ២៨៦។ នាងម៉ាតទូដែលពេលនេះកំពុងតែស្វែងរកឱកាសក្លាយខ្លួនទៅជាកីឡាការិនីវ័យចាស់ដំបូងគេ(៤០ឆ្នាំ)ឈ្នះជើងឯកក្របខណ្ឌធួ LPGA នោះក៏ត្រូវបរាជ័យដូចជានាងគ្រីស្ទី គ័រ ដែរ។ ចំណែកទឹកប្រាក់រង្វាន់ នាងលីនស៊ីខាំដែលជាជើងឯកទទួលបាន៣៣៧ពាន់និង៥រយដុល្លារអាមេរិកខណៈនាងស្ទេស៊ី ឡេវីសនិងមីស៊ែល វ៉ាយទទួលបានក្នុងម្នាក់១១៧ពាន់និង៩៨១ដុល្លារ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅប្រទេសស្កុតលែន កីឡាករដាណឺម៉ាកតូម៉ាស់យ៉នបានយកឈ្នះជើងឯកនៃកម្មវិធីប្រកួតជើងឯកចននៅវ៉កឃ័រដែលមានទឹកប្រាក់សរុប១លាននិង៧សែនដុល្លារអាមេរិក។ តូម៉ាស់ យ៉នឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប១១អាន់ឌ័រ ២៧៧ទទួលបានទឹកប្រាក់២២៦ពាន់និង៦២៩ ៕
ចែករំលែកព័តមាននេះ