ទីភ្នាក់ងារក្យូដូរបស់ជប៉ុន ផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសជប៉ុន តាំងពីថ្ងៃទី២២ សីហា មក បានចាកចេញពីជប៉ុន តាមយន្តហោះនៅឯអាកាសយានដ្ឋានហាណេដា ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងនៅមុនពេលចាកចេញពីប្រទេសជប៉ុនថា ការធ្វើដំណើរមកទស្សនកិច្ចលើកនេះ មានឱកាសបានជួបនឹងថ្នាក់ដឹកនាំជាច្រើនរូប ទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ។ ស្របពេលជាមួយគ្នានេះ លោកក៏មានជំនឿចិត្តថា ទៅថ្ងៃអនាគតរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រី នឹងដំណើរការរឹតចំណងមិត្តភាពរវាងជប៉ុន និងថៃ ឱ្យកាន់តែស្អិតរមួតឡើង ។
លោកបានចាត់ទុកថាជាអំឡុងពេលដ៏មានតម្លៃដែលបានចូលប្រទេសជប៉ុន ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលផ្តល់ឱកាសឱ្យលោកធ្វើដំណើរចូលក្នុងប្រទេស ។ សម្រាប់ផែនការធ្វើដំណើរបន្តរបស់លោកថាក់ស៊ីន នឹងប្តូរជើងហោះហើរនៅក្រុងម៉ាកាវ មុនពេលធ្វើដំណើរទៅកាន់ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម តែគ្មានគម្រោងចូលមកប្រទេសកម្ពុជាទេ៕
ចែករំលែកព័តមាននេះ