កីឡាការិនីលំដាប់ទី១ពិភពលោកការ៉ូលីន វ៉ូនីអាកគីនិងកីឡាការិនីអាល្លឺម៉ង់សាប៊ីន លីស៊ីកគីបានសម្តែងនូវក្តីត្រេកអរជាខ្លាំងបន្ទាប់ពីពួកនាងបានយកឈ្នះពានជើងឯកតឺន្នីសក្នុងកម្មវិធី២ផ្សេងគ្នានៅលើទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី២៧សីហា។ នាងវ៉ូនីអាកគីបានយកឈ្នះពានជើងឯក New Haven Open នៅទីលានប្រកួត Connecticut Tennis Center ស្ថិតក្នុងក្រុងញូវហេវ៉ឹនរដ្ឋខឹនណឹកធីខាត់ ខណៈនាងលីស៊ីកគីយកឈ្នះពានជើងឯកកម្មវិធី Texas Openនៅក្រុង Grapevine រដ្ឋតិចសាស់ ។
នាងវ៉ូនីអាកគីបានជម្នះចិត្តភ័យខ្លាចដោយទៅចូលរួមការប្រកួតកាត់ព្យុះហារីឃេនរហូតបំបាក់បានកីឡាករិនីឆែកប៉េត្រា សេតកូស្កាក្នុងលទ្ធផល៦-៤និង៦-១ទទួលបានពានជើងឯកជាលើកទី៤។
ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួតដែលបានចំណាយពេល១ម៉ោងនិង២០នាទី វ៉ូនីអាកគីបានបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍គ្រប់ពេលដែលមកប្រកួតនៅទីនេះ។ កូនបាល់ហាក់ដូចជាស្តាប់បង្គាប់ល្អណាស់ ខណៈដែលកម្មវិធីប្រកួតក៏ល្អណាស់ដែរនោះ។ អ្នកដឹងទេប្រសិនជាយើងពេញចិត្តកម្មវិធីណាមួយ គឺយើងរមែងប្រកួតបានល្អក្នុងកម្មវិធីនោះ។ ខ្ញុំពិតជាសប្បាយរីករាយរកអ្វីផ្ទឹមពុំបានដែលបានឈ្នះពានជើងឯកនេះជាលើកទី៤ជាប់ៗគ្នា។ នេះពិតជារឿងដែលស្ទើរតែមិនជឿ»។
ឯកីឡាការិនីឆែកវ័យ២៦ឆ្នាំសេតកូស្កាបាននិយាយថា៖«ខ្ញុំក៏សប្បាយរីករាយដែរដែលបានឆ្លងដល់វគ្គនេះ។ ប៉ុន្តែថ្ងៃនេះ នាងវ៉ូនអាកគីពិតជាធ្វើបានល្អច្រើនជាងខ្ញុំបន្តិច»។
ចំណែកកីឡាការិនីអាល្លឺម៉ង់លីស៊ីកគីវិញគឺជាលើកទី១ហើយដែលនាងបានយកឈ្នះពានជើងឯកកម្មវិធី Texas Open។ ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍នាងបានបំបាក់កីឡាការិនីជើងខ្លាំងរបស់បារាំងអារ៉ាវ៉ាន រ៉េហ្សៃក្នុងលទ្ធផល២សិតជាប់ៗគ្នា៦-២និង៦-១។
លីស៊ីកគីកីឡាការិនីលំដាប់ទី២៣ពិភពលោកនៅក្នុងការប្រកួតលើកនេះពុំបានចាញ់សូម្បី១សិត។ សរុប៥ប្រកួតដែលនាងបានឆ្លងកាត់ក្នុងកម្មវិធីនេះ លីស៊ីកគីចាញ់តែ១៣វគ្គប៉ុណ្ណោះ។ នេះគឺជាពានជើងឯកលើកទី៣ហើយនៅក្នុងអាជីពរបស់នាង ។ ក្នុងថ្ងៃជាមួយគ្នានោះដែរនៅទីលានប្រកួតWake Forest University Tennis Complex ស្ថិតក្នុងទីក្រុង Winston-Salemរដ្ឋណ័សការ៉ូលីណា កីឡាករអាមេរិកចន អ៊ីសន័របានយកឈ្នះពានជើងឯកកម្មវិធី Winston-Salem Open ។ អ៊ីសន័របានយកឈ្នះពានជើងឯកបន្ទាប់ពីបានបំបាក់កីឡាករបារាំង Julien Benneteauនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល៤-៦,៦-៣និង៦-៤៕
ចែករំលែកព័តមាននេះ