រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ សីហា ខណៈនារីម្នាក់កំពុងជិះម៉ូតូទៅដល់ចំណុចផ្លូវកែង ស្រាប់តែយុវជន៣នាក់ជិះម៉ូតូមកបុកពាក់កណ្តាលម៉ូតូ បណ្តាលឱ្យដួលរងរបួស និងខូចខាតម៉ូតូនៅមុខភោជនីយដ្ឋានមរតកស្រីម៉ៅ ស្ថិតនៅផ្លូវលេខ២៨៩ កែងលេខ៦១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះខាន់ ចាន់ធួន អាយុ២០ឆ្នាំ មានទីលំនៅលើទំនប់ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឱ្យដឹងថា នាងជិះម៉ូតូម៉ាកឌ្រីម សេ១០០ តែមឆេះ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ជ-៦៣៥៥ ភព១ តាមបណ្តោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីកើតឆ្ពោះទៅលិច ។ ខណៈមកដល់ចំណុចកែងផ្លូវលេខ២៨៩ ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-4235 ជិះគ្នា៣នាក់ មកពីផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿនដូចហោះ មកបុកពាក់កណ្តាលម៉ូតូរបស់នាងទាំងកំរោលបណ្តាលធ្វើឱ្យប៉ើងចេញ៧ម៉ែត្រទាំងអស់គ្នា។
ដោយឡែកភាគីយុវជន៣នាក់ដែលជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ អ្នកបើកបរ ១-ឈ្មោះលឹម ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករលក់គ្រឿងសំណង់នៅគល់ស្ពានជ្រោយចង្វា និងស្នាក់នៅទីនោះ ២-ឈ្មោះតុង អាយុ២៥ឆ្នាំ និង៣-ឈ្មោះរឿន អាយុ២៥ឆ្នាំ ធ្វើការ និងស្នាក់នៅជាមួយគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យយុវជនអ្នកបើកបរម៉ូតូរបួសស្រាល ចំណែក២នាក់ជិះពីក្រោយរងរបួសធ្ងន់ ត្រូវរថយន្តសាមុយឯកជនដឹកយកទៅព្យាបាល ហើយនារីរងគ្រោះរបួសជើងទាំងសងខាងដើរមិនរួច ប៉ុន្តែរពេលថយន្តសាមុយទៅដឹកនាងមិនព្រមឡើងជះទៅជាមួយទេ ព្រោះខ្លាចកាប់ឆៅដោយសុខចិត្តទូរស័ព្ទហៅបងប្អូនទៅយកវិញ។
ចំណែកម៉ូតូរបស់នារីរងគ្រោះរងការខូចខាតបន្តិចបន្តួច ដោយសារនាងជិះយឺត ប៉ុន្តែម៉ូតូរបស់យុវជននោះវិញកង់មុខខូចខ្ទេច ដោយហេតុថា យុវជននោះបើកក្នុងល្បឿនដូចហោះ៕
ចែករំលែកព័តមាននេះ