ខេត្តសៀមរាប ៖ លំនៅឋានធ្វើអំពីឈើ លើ ថ្មក្រោម ទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ដែលមានបន្ទប់សម្រាប់ជួលចំនួន៣បន្ទប់ ស្ថិតក្នុងរបងដីឡូត៍នៃសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ១ខ្នង បានក្លាយជាចំណីភ្លើងអស់គ្មានសល់ បណ្តាលឱ្យមានការផ្អើលស្លន់ស្លោដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃសៅរ៍ ទី២៧ សីហា កន្លងទៅនេះ។
តាមប្រភពនៅកន្លែងកើតហេតុឱ្យដឹងថា ពេលអគ្គិភ័យឆាបឆេះភ្លាមៗនោះ គឺមានការចុះជួយអន្តរាគមន៍ពីសំណាក់ក្រុមប៉ូលិស និងមន្ត្រីអាជ្ញាធរមូលដ្ឋាន រួមទាំងរាយការណ៍ផ្តល់ព័ត៌មានទៅដល់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត ចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារតែផ្លូវឆ្ងាយ និងស្ថានភាពក្នុងតំបន់កើតហេតុនោះតូចចង្អៀតពេក ទំរាំតែមកដល់អគ្គិភ័យបានឆាបឆេះហ្មត់ទៅហើយ។
លោកឆឹង សុភា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំបានឱ្យដឹងថា អគ្គិភ័យនេះកើតឡើងស្របខណៈពេលស្ត្រីជាប្រពន្ធម្ចាស់ផ្ទះឈ្មោះទុំ រវល់ទៅពេទ្យ សល់តែបុរសជាប្តីឈ្មោះចាន់ ថ្លា អាយុ៤៥ឆ្នាំ នៅផ្ទះតែម្នាក់ឯង ពន្លត់មិនទាន់ ព្រោះឆេះលឿនពេក។ លោកនាយប៉ុស្តិ៍ឆឹង សុភា បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះអគ្គិភ័យឆេះអស់ផ្ទះ១ខ្នងខាងលើនេះ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ហើយតាមការប៉ាន់ស្មានពីទំហំការខូចខាត ក្រៅផ្លូវការគឺមិនតិចជាង១ម៉ឺនដុល្លារ ឬ២ម៉ឺនដុល្លារអាមេរិកនោះទេ ព្រោះសម្ភារប្រើប្រាស់ក្នុងបន្ទប់ជួល រួមទាំងក្នុងផ្ទះធំមានតម្លៃទាំងប៉ុន្មាន ក្លាយទៅជាផេះ អស់គ្មានសល់ទៅហើយ។
ទោះបីជាបែបណាអគ្គិភ័យខាងលើនេះ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ជីវិតមនុស្ស ឬឆេះរាលដាលដល់ផ្ទះក្បែរខាងនោះទេ ដោយសារការព្យាយាមជួយបាញ់ទឹកការពារឆេះឆ្លងពីប្រជាពលរដ្ឋ និងរថយន្តអគ្គិភ័យ ៕
ចែករំលែកព័តមាននេះ