កីឡាករអាមេរិកដាស្ទីន ចនសុនបានយកឈ្នះពានជើងឯកវាយកូនហ្គោលកម្មវិធី US PGA Barclaysបន្ទាប់ពីធ្វើបានពិន្ទុ៦អាន់ឌ័រប៉ា៦៥បន្ថែមទៀតក្នុងជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ទី២៧សីហាកន្លងមក ។ ការប្រកួតកម្មវិធីដែលមានទឹកប្រាក់រង្វាន់សរុប៨លានដុល្លារអាមេរិកនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Plainfield Country Clubស្ថិតក្នុងទីក្រុង Edisonរដ្ឋញូវជើស៊ីសហរដ្ឋអាមេរិក ។
ចនសុនបានយកឈ្នះពានជើងឯកដោយគម្លាតពិន្ទុចំនួន២ស្ត្រូកដែលសរុបលទ្ធផលប្រកួតទាំង៤ជុំគេធ្វើបាន១៩អាន់ឌ័រ ១៩៤នាំមុខកីឡាករមិត្តរួមជាតិខ្លួនម៉ាត គូឆាដែលឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប១៧អាន់ឌ័រ ១៩៦។ កីឡាករ Brandt Snedekerនិងកីឡាករឥណ្ឌាវីយ៉ៃ ស៊ិញបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៣ស្ទួន។ ឆ្លងកាត់៤ជុំប្រកួតកីឡាករទាំង២នាក់ធ្វើបានលទ្ធផល១៦អាន់ឌ័រ ១៩៧ស្មើៗគ្នា។ ចំណែកកីឡាករអាមេរិកចូណាថាន់ បឺតបញ្ចប់ការប្រកួត៤ជុំធ្វើបានលទ្ធសរុប១៥អាន់ឌ័រ ១៩៨ស្ថិតនៅចំណាត់ថ្នាក់លេខ៥។
កីឡាករអង់គ្លេសប្រាយអាន់ ដេវីដ យ៉ាស្ទីន រ៉ូសបញ្ចប់ការប្រកួតស្ថិតនៅចំណាត់ថ្នាក់លេខ៦ស្ទួនជាមួយកីឡាករកូឡុំប៊ីកាមីឡូ វីលីហ្គាសនិងកីឡាករកូរ៉េខាងត្បូងយ៉ាងយ៉ុងអ៊ុន។ អ្នកទាំង៤ឆ្លងកាត់ការប្រកួតអស់៤ជុំធ្វើបានលទ្ធផលសរុប១៤អាន់ឌ័រ ១៩៩ស្មើៗគ្នា។ កីឡាករជើងខ្លាំងពិភពលោកសញ្ជាតិអង់គ្លេសលុក ដូណាល់បញ្ចប់ការប្រកួតធ្វើបានលទ្ធផលតែ១១អាន់ឌ័រ ២០២ ប៉ុណ្ណោះខណៈកីឡាករហ្វ៊ីល មីកគែលសុនធ្វើបានលទ្ធផល៨អាន់ឌ័រ ២០៥។
សម្រាប់កីឡាករចនសុននេះគឺជាជ័យជម្នះពានជើងឯកក្របខណ្ឌភីជីអេធួលើកដំបូងរបស់ខ្លួនហើយក្នុងរដូវកាលថ្មីនេះ។ ថ្លែងបន្ទាប់ពីទទួលបានពានជើងឯកនិងទឹកប្រាក់រង្វាន់១លាននិង៤៤ម៉ឺនដុល្លារ ចនសុនបញ្ជាក់ថា៖ «ជ័យជម្នះពេលនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនត្រូវ។ វាពិតជាមិនអាចរកអ្វីមកពិពណ៌នាបានចំពោះអត្ថន័យពានជើងឯកនេះ»។
US PGA Barclaysគឺជាកម្មវិធីដ៏ធំមួយដែលស្ថិតក្នុងក្របខណ្ឌភីជីអេធួ។ ទីលានប្រកួតមានទំហំ៦៩៦៤យ៉ាដ មាន៧១ប៉ា ។ ឯទឹកប្រាក់រង្វាន់សរុបមានចំនួនជាង៨លានដុល្លារ។ ដោយឡែកកីឡាករចនសុនដែលជាជើងឯកទទួលបានទឹកប្រាក់រង្វាន់ជាង១លានដុល្លារខណៈម៉ាតគូឆាទទួលបាន៨៦៤ពាន់ដុល្លារ ៕
ចែករំលែកព័តមាននេះ