រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រស្បែកជើងម្នាក់ច្រឡំផឹកទឹកកាវស្មានថា ទឹក ដែលដាក់ក្នុងដបទឹកបរិសុទ្ធទុកក្នុងថតតុ ជាកន្លែងសម្រាប់ដាក់ទឹកហូបជាប្រចាំនោះ បណ្តាលឱ្យពុលក្អួតនៅក្នុងរោងចក្រស្បែកជើងយីហោ ម៉េងដា ស្ថិតនៅក្រោយផ្សារកាណាស៊ីធី តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពី វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ សីហា ២០១១។
តាមការឱ្យដឹងពីកម្មការិនីរងគ្រោះឈ្មោះ ឡាយ ម៉ារី អាយុ១៨ឆ្នាំ មានទីលំនៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌដង្កោ ធ្វើការនៅរោងចក្រស្បែកជើងយីហោម៉េងដាថា នៅថ្ងៃកើតហេតុ ពេលចេញហូបបាយថ្ងៃត្រង់រួច រៀបចូលធ្វើការវិញ នាងមិនទាន់ហូបទឹក ក៏ផឹកទឹកក្នុងរោងចក្រដោយនាងដើរទៅយកដបទឹក ដែលតែងតែដាក់នៅក្នុងថតតុសម្រាប់ដាក់ទឹកហូបជាប្រចាំនោះ យកមកបើកគំរបផឹកតែម្តង មិនបានពិនិត្យមើលទេ។ លុះពេលដែលផឹកចូលមួយក្អឹកទើបដឹងថា មិនមែនទឹក គឺជាកាវសម្រាប់ជូតស្បែកជើងទៅវិញ ។
កម្មការិនីបានបន្តទៀតថា ទឹកកាវសម្រាប់ជូតស្បែកជើងនោះដូចសាំងក្រអូប ហើយថ្លាដូចទឹក ទើបនាងច្រឡំយកមកផឹក។ ពេលដែលផឹកចូលទៅ នាងក្តៅអន្ទះអន្ទែងរត់ទៅបន្ទប់ទឹកក្អួតរហូត ទើបរោងចក្របញ្ជូននាងទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ចែករំលែកព័តមាននេះ