អ្នកទទួលខុសត្រូវអាមេរិកមួយរូបដែលស្នើ មិនបញ្ចេញឈ្មោះថ្លែងកាលពីថ្ងៃទី២៧ សីហា ថា ជនលេខ២អាល់កៃដា លោក ATIYAH ABD AL RAHMAN បានត្រូវសម្លាប់នៅប៉ាគីស្ថាន ។ យោងតាមអ្នកទទួលខុសត្រូវរូបនោះថា លោក AL RAHMAN បានត្រូវសម្លាប់កាលពីថ្ងៃទី២២ សីហា កន្លងមកនេះ នៅវ៉ាហ្ស៊ីរីស្ថាន ជាតំបន់កុលសម្ព័ន្ធប៉ាគីស្ថានមួយនៅតាមព្រំដែន ជាមួយអាហ្វហ្គានីស្ថាន តែពុំបានផ្តល់ពីភាពលំអិតជាងនេះឡើយ ។
យោងតាមប្រភពព័ត៌មានប៉ាគីស្ថានទាំងឡាយថា យន្តហោះគ្មានមនុស្សបើកអាេមរិកបានបាញ់កាលពីយប់ថ្ងៃទី២២ សីហា នូវមីស៊ីល ៤គ្រាប់មកលើគោលដៅ២នៅក្រុងមីរ៉ាន សាន ជាទីក្រុងសំខាន់មួយនៅវ៉ាហ្ស៊ីរីស្ថានដែលជា ទីតាំងបង្អែករបស់ពួកតាលីបង់នៅតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានដោយសម្លាប់មនុស្ស៥នាក់ ។ យោងតាមពួកអ្នកសង្កេត ការណ៍ថា លោក AL RAH-MAN អាចត្រូវស្លាប់ដោយសារការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកអាមេរិកនៅវ៉ាហ្ស៊ីរីស្ថានខាងជើង ។
បុរសជនជាតិលីប៊ីរូបនេះក្លាយជាជនលេខ2អាល់កៃដា ក្រោយការស្លាប់របស់អូសាម៉ាប៊ីនឡាដេន ដែលត្រូវសម្លាប់ដោយកងកុំម៉ង់ដូអាមេរិកមួយកងក្នុងនិវេសនដ្ឋានរបស់គេក្នុងប្រទេសប៉ាគីស្ថាន ។
រដ្ឋមន្ត្រីការពារប្រទេសថ្មីអាមេរិកលោក LEON PANETTA ធ្លាប់បានថ្លែងកាលពីខែមុនថា ការស្លាប់របស់ប៊ីនឡាដេនពុំមានន័យថា ជាការបញ្ចប់របស់អាល់កៃដាឡើយដោយលោកវាយតម្លៃថា សហរដ្ឋអាមេរិកត្រូវរក្សាការគាបសង្កត់មកលើក្រុមភេរវកម្ម ដើម្បីធានាសន្តិសុខជាតិ ៕
ចែករំលែកព័តមាននេះ