រាជធានីភ្នំពេញ ៖ ស្ត្រីឃាតកដែលសម្លាប់បុរសម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ក្រោយរួមរ័ករួចរាល់នោះ ត្រូវបានចាប់ខ្លួនហើយកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ សីហា ២០១១ នៅផ្ទះជួលរបស់នាង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ស្ត្រីឃាតកនេះឈ្មោះសំ សោភា ហៅម៉ុម អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គាដី ឃុំតាទួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកបុរសដែលនាងសម្លាប់ឈ្មោះទេព ម៉ៅ អាយុ៤៣ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្វាយក្អែរ ឃុំតាទួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដូចគ្នា ។ តាមការសារភាពរបស់ស្ត្រីឃាតកបានឱ្យដឹងថា ពួកគេជាមនុស្សមានប្តី ប្រពន្ធរៀងៗខ្លួនអស់ហើយ បុរសដែលស្លាប់នោះជាមិត្តភក្តិប្តីរបស់នាង ហើយបានស្រឡាញ់គ្នាជាមួយនាងយូរឆ្នាំមកហើយ រហូតនាងសុខចិត្តលែងលះជាមួយប្តីរបស់នាងមកយកបុរសនេះ ប៉ុន្តែទីបំផុតបុរសនេះមានស្រីថ្មីទៀត ធ្វើឱ្យនាងមានរបួសដួងចិត្តធ្ងន់ធ្ងរទើបដាច់ចិត្តសម្លាប់។
ស្ត្រីឃាតកបានប្រាប់ទៀតថា វិធីសម្លាប់គឺនាងបានលួចយកថ្នាំងងុយដេក៣០គ្រាប់កិនឱ្យម៉ដ្ឋដាក់លាយជាមួយទឹកក្រូច កូកាកូឡា រួចហើយយកទៅឱ្យបុរសនោះផឹក បន្ទាប់មកពួកគេរួមរ័កគ្នា លុះពេលទេព ម៉ៅ អស់កម្លាំងដេកលក់នាងយកខ្សែរឹត.កសម្លាប់តែម្តង។
គួររំលឹថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់កាយអាក្រាតននលគកនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោឆាយហុកជាន់ទី១នៃអគារលេខ៦៤៨ តាមបណ្ដោយផ្លូវលេខ៧០ ភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៦ សីហា ២០១១ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ រាយការណ៍ជូនសមត្ថកិច្ចមកធ្វើការត្រួតពិនិត្យ។
នៅក្នុងបន្ទប់៦០៨ បុរសនេះដេកស្លាប់លើកំរាលពូក.សស្អាត គ្របភួយពណ៌.សពីលើ ទាំងកាយអាក្រាតននលគកដែលគេសន្និដ្ឋានថា ស្លាប់ក្រោយពេលរួមរ័កហើយ ពីព្រោះថាពេលគេចូលមកស្នាក់នៅបន្ទប់ក្នុងសំណាក់នេះ គឺមាននារីជាដៃគូម្នាក់ទៀតមកជាមួយ ប៉ុន្តែនាងបានគេចខ្លួនបាត់ហើយ ។ បុរសនេះស្លាប់ដោយការរឹត.កខ្លាំងក្លា មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំបងប្អូនសាច់ញាតិមកទទួលយកទៅបុណ្យ ។
បុគ្គលិកផ្ទះសំណាក់បាននិយាយឱ្យដឹងថា មុនពេលកើតហេតុបន្តិច គឺកាលពីវេលាម៉ោង៥ល្ងាច បុរសនេះបានមកជួលបន្ទប់ផ្ទះសំណាក់លេខ៦០៨ស្នាក់នៅជាមួយនារីម្នាក់ប្រកប ដោយភាពល្អូកល្អិន… លុះដល់ម៉ោង៨យប់ ស្រាប់តែនារីនោះបានចុះមកក្រោមរួចទាមទារឱ្យបុគ្គលិកផ្ទះសំណាក់ចាក់សោម៉ូតូទិញអីញ៉ាំ ដោយកុហកថា ប្តីនាងដេកលក់ហើយ ហើយប្រើនាងឱ្យទៅទិញបាយញ៉ាំ។ ដោយមានការ សង្ស័យ បុគ្គលិកផ្ទះសំណាក់ ក៏ឡើងទៅមើល បន្ទប់ខាងលើ ស្រាប់តែឃើញបុរសនោះស្លាប់បាត់ទៅហើយ… លុះមកមើលខាងក្រោម នារីនោះគេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ