រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់មិនធ្លាប់ចូលហាងផឹកស៊ីទាល់តែសោះ ត្រូវយុវជនដែលធ្វើការមើលថែសត្វទាឱ្យថៅកែក្បែរគ្នានោះបបួលចូលហាងហូបសាច់គោអាំង ប៉ុន្តែមិនទាន់ទៅដល់ហាងផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ២០០៤ ហៅផ្លូវម៉ៃដា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យសន្លប់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ សីហា ២០១១។
បុរសវ័យចំណាស់នោះឈ្មោះពេជ្រ ភួងអាយុ៦២ឆ្នាំ មានទីលំនៅខាងជើងវត្តសំរោងអណ្តែត ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប៉ុន្តែគាត់ស្នាក់នៅកន្លែងស្រះចិញ្ចឹមត្រី ជិតកន្លែងចិញ្ចឹមទានៅភូមិព្រៃ មូល សង្កាត់ក្រាំងថ្នង់ ខណ្ឌដង្កោ ។ នៅថ្ងៃកើតហេតុនោះ យុវជន២នាក់ដែលនៅមើលថែទាឱ្យថៅកែក្បែរនោះ បានបបួលគាត់ទៅហូបសាច់គោអាំងនៅផ្លូវម៉ៃដា ដោយជិះម៉ូតូឌុបគ្នាទាំងអស់៣នាក់ ។
ខណៈពេលដែលជិះម៉ូតូទៅបានពាក់កណ្តាលផ្លូវ មិនទាន់បានហូបសាច់គោអាំងផង ស្រាប់តែមិនដឹងម៉ូតូ ឬរថយន្តទេ បុកគ្នាជាមួយម៉ូតូរបស់គាត់បណ្តាលឱ្យដួល ហើយរូបគាត់បែកក្បាល និងរបួសជើងសន្លប់តែម្តង។ ចំណែក២នាក់ទៀតមិនដឹងត្រូវរបួស ឬយ៉ាងណាទេ ព្រោះគាត់សន្លប់ ហើយពេលដឹងខ្លួនវិញ មិនឃើញយុវជន២នាក់នោះទេ ។
អ្នកនៅកន្លែងកើតហេតុប្រាប់ថា ពេលរូបគាត់សន្លប់នោះមានរថយន្តសាមុយ៣ទៅ៤គ្រឿង ទៅដឹកអ្នករងគ្រោះចេញ ប៉ុន្តែពេលទៅដល់ឃើញរូបគាត់អត់មានបងប្អូនសាច់ញាតិ ហើយស្លៀកពាក់មិនសមរម្យ ទើបគ្មានរថយន្តណាព្រមដឹកយករូបគាត់ទៅព្យាបាលទេ ដោយសុខចិត្តត្រឡប់ទៅវិញ ទាំងរថយន្តទទេ ទើបក្រោយមកមានម៉ូតូមួយគ្រឿងដឹកគាត់យកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕
ចែករំលែកព័តមាននេះ