កីឡាករអេស្ប៉ាញចាវគីន រ៉ូឌ្រីហ្គេស អូលីវ័របានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះណាក់ទី៨ប្រណាំងកង់នៅលើទឹកដីកំណើតរបស់ខ្លួនកម្មវិធី Tour of Spain កាលពីថ្ងៃសៅរ៍ទី២៧ខែសីហាកន្លងមកនេះ។ ការប្រណាំងដំណាក់នេះត្រូវបានបញ្ចប់នៅទីក្រុង San Lorenzo de El Escorial ។
អូលីវ័រដែលជាអ្នកជិះកង់ឲ្យក្រុមKatusha Teamបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨៣គីឡូម៉ែត្រចេញដំណើរពីទីក្រុងTalavera de la Reinaឆ្ពោះទៅកាន់ទីក្រុងLorenzo de El Escorial ប្រទេសអេស្ប៉ាញដោយប្រើអស់ថិរវេលា៤ម៉ោង៤៩នាទីនិង១វិនាទីយកឈ្នះកីឡាករអ៊ីតាលីមីសែល ស្កាប៉ូនីជិះឲ្យក្រុម Lampre-ISDTeamដែលបានប្រើថិរវេលាច្រើនជាង៩វិនាទីនិងបានយកឈ្នះកីឡាករហូឡង់បូកេ ម៉ូលឡេម៉ាជិះឲ្យក្រុមRabobank Cycling Teamដែលបានប្រើថិរវេលាច្រើនជាង៩វិនាទីដូចកីឡាករស្កាប៉ូនីដែរ ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករអូលីវ័របានបញ្ជាក់ថា៖«នេះជាសមិទ្ធផលដែលសម្រេចបានល្អជាងការរំពឹងទុករបស់ខ្ញុំ ។ខ្ញុំមិនបានគិតថាខ្ញុំមានកម្លាំងខ្លាំងអាចយកឈ្នះកីឡាករដទៃបានដូច្នេះសោះ។ បន្ទាប់ពីបញ្ចប់ការប្រណាំងក្នុងដំណាក់នេះគ្រប់ៗគ្នាពិតជាអស់កម្លាំងជាខ្លាំង។ ខ្ញុំគិតថាវាល្មមដល់វេនខ្ញុំឈ្នះម្តងហើយ។ នេះគឺជាជ័យជម្នះដ៏រឹងមាំដែលស័ក្កិសមបំផុត»។
ជ័យជម្នះលើកទី២នេះសម្រាប់កីឡាករអូលីវ័រពិតជាមានន័យជាងកាលពីលើកទី១ដ្បិតវាបានជួយឲ្យរូបគេនាំមុខនៅលើតារាងថិរវេលាសរុប។ ឆ្លងកាត់ការប្រណាំងចំនួន៨ដំណាក់មកនេះ កីឡាករអូលីវ័របានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៣២ម៉ោង១៨នាទីនិង១៦វិនាទីនាំមុខកីឡាករអេស្ប៉ាញ Daniel Moreno Fernandezដែលបានប្រើថិរវេលាច្រើនជាង៣២វិនាទី។ ឯកីឡាករដាណឺម៉ាក Jakob Fuglsang ស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង៣៤វិនាទី ។
ការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៣០០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៩ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៧៩,៥គីឡូម៉ែត្រចេញដំណើរពីទីក្រុង Villacastín ឆ្ពោះទៅកាន់ទីក្រុងSierra de Bejar. La Covatilla ប្រទេសអេស្ប៉ាញ។ ការប្រណាំងលើកទី៦៦ឆ្នាំនេះពុំមានវត្តមានកីឡាករល្បីឈ្មោះខ្លាំងក្នុងលោកដូចជាអាល់បឺតូ កុងតាឌ័រ កាដែល អេវែននិងកីឡាករបងប្អូនត្រកូល Schleck នោះទេ ៕
ចែករំលែកព័តមាននេះ