ខេត្តព្រះវិហារ ៖ ប្រាសាទព្រះវិហារជាសំណង់វប្បធម៌របស់ជាតិខ្មែរ ដែលរយៈពេលជិត៣ឆ្នាំមកហើយតែងប្រែប្រួលផ្លាស់ប្តូរស្ថានការណ៍ម្តងក្តៅម្តងត្រជាក់ ហើយជាចុងក្រោយកាលពីខែកុម្ភៈ បានក្លាយជាសង្គ្រាមដ៏ធ្ងន់ធ្ងរមួយរហូតធ្វើឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ ពេលនេះកំពុងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងទៅទស្សនាយ៉ាងច្រើន ខណៈស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានកំពុងវិលមករកភាពស្ងប់ស្ងាត់ដូចមុនថ្ងៃទី១៥ កក្កដា ២០០៨ ក្រោយពេលដែលរដ្ឋាភិបាលថ្មីរបស់ថៃត្រូវបានបង្កើតឡើង ។ បច្ចុប្បន្នប្រាសាទព្រះវិហារបន្ទាប់ពីសភាពការណ៍ព្រំដែនមានភាពប្រសើរឡើងវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាផ្លូវជាតិលេខ៦២ ក្រាលកៅស៊ូយ៉ាងស្អាតទៅដល់ជើងភ្នំ បានបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងការធ្វើដំណើរទៅកាន់ខ្នងភ្នំដងរែក ដើម្បីទស្សនាប្រាង្គប្រាសាទជាសំណង់វប្បធម៌ខ្មែរដ៏ប្រណីតដែលសង់ឡើងនៅលើកំពូលភ្នំដងរែកក្នុងអធិបតេយ្យរបស់កម្ពុជា ។
នៅលើកំពូលភ្នំដងរែកក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើដំណើរឡើងទៅទស្សនាប្រាសាទព្រះវិហារ និងធ្វើពិធីបួងសួងតាមជំនឿក្នុងតំបន់នោះជាច្រើនរយនាក់ក្នុងមួួយថ្ងៃៗ ។ គេសង្កេតឃើញទីសក្ការៈជាច្រើននៅប្រាសាទព្រះវិហារ ពិសេសក្នុងគោបុរៈទី១ លើពើយតាឌី និងក្នុងតួប្រាសាទធំ ភ្ញៀវជាច្រើនបានចូលទៅអុជធូប និងថ្វាយបង្គំព្រះសង្ឃ ប្រោះព្រំនៅទីនោះ ។
បើតាមប្រភពព័ត៌មានពីប្រាសាទព្រះវិហារក៏ដូចជាពីមន្ត្រីអាជ្ញាធរជាតិព្រះវិហារឱ្យដឹងថា ចាប់តាំងពីសភាពការណ៍បានធូរស្រាលវិញមក មានភ្ញៀវឡើងទៅទស្សនាកម្សាន្តនៅប្រាសាទព្រះវិហារក្នុង១ថ្ងៃៗ ប្រមាណពី២៥០ទៅ៣០០នាក់ទាំងខ្មែរ និងបរទេស ក្នុងនោះក៏មានជនជាតិថៃផងដែរ ដោយភាគច្រើនជនជាតិថៃចូលមកតាមច្រកជាំ។ ចំណែកប្រជាពលរដ្ឋខ្មែរយើងក៏បានឡើងទៅលក់ដូរភេសជ្ជៈ និងម្ហូបអាហារដល់ភ្ញៀវទេសចរនៅពេលព្រឹក និងល្ងាចឡើងត្រឡប់មកវិញ ។
អ្នកទេសចរដែលជាអាណិកជនខ្មែរក៏ដូចជាខ្មែរនៅក្នុងប្រទេស បាននិយាយថា ពួកគាត់មានសេចក្តីរីករាយខ្លាំងណាស់ខណៈពេលដែលបានមកឃើញប្រាង្គប្រាសាទព្រះវិហារដែលជាមរតក បន្សល់ទុកពីស្នាដៃដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែរពីសម័យដើម ហើយក៏មានចិត្តរីករាយនៅពេលបានមកអុជធូបបួងសួងសុំសេចក្តីសុខពីបារមីដ៏ស័ក្តិសិទ្ធិរបស់លោកតាឌី ។ ជាមួយគ្នានេះ អ្វីដែលសប្បាយរីករាយមួយទៀតនៅលើប្រាសាទព្រះវិហាររបស់ខ្មែរនោះ គឺពួកគាត់មានអារម្មណ៍ល្អ បន្ទាប់ពីតំបន់នេះមានសភាពស្ងប់ស្ងាត់ មិនមានសង្គ្រាមដូចកាលពី៣ឆ្នាំកន្លងទៅ។
ចំណែកព្រះសង្ឃខ្មែរចំនួន១២អង្គ ដែលកំពុងគង់នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈវិញ បានមានថេរដីកាថា បច្ចុប្បន្នព្រះសង្ឃទាំងអស់ដែលគង់នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈមានសភាពស្ងប់ស្ងាត់ល្អណាស់ ក្នុងការតាំងសមាធិធម៌ មិនមានក្តីបារម្ភភ័យព្រួយដូចពេលកន្លងមកឡើយ។
យ៉ាងណាក៏ដោយ ទីអារាមដែលត្រូវខូចខាតដោយសារសង្គ្រាមនៅមិនទាន់បានកែលម្អឡើងវិញទេ គ្រាន់តែពេលនេះព្រះសង្ឃគង់ក្នុងវត្តបានជួសជុល និងប្រក់ដំបូលដែលធ្លុះធ្លាយឡើងវិញ ដើម្បីបានគង់នៅធ្វើជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទដែលឡើងមកពីទីជិតឆ្ងាយ បានធ្វើបុណ្យទាននារដូវចូលព្រះវស្សា និងកាន់បិណ្ឌខាងមុខនេះ ។ ឯច្រកទ្វារដែកដែលជាច្រកទ្វារចេញចូលដីខ្មែរនិងដីថៃនៅមុខគោបុរៈទី៥ ហើយបានបិទ នោះ ទោះបីស្ថានការណ៍ព្រំដែនកំពុងវិលមករកភាពប្រសើរឡើងវិញក៏ដោយ តែច្រកទ្វារនេះនៅតែមិនទាន់មានការបើកឱ្យចេញចូលដូចមុនថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ នៅឡើយទេ ៕
ចែករំលែកព័តមាននេះ