ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ក្រើនរំលឹកបន្ត​បុ​រេ​សកម្ម និង​ពង្រឹង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​ជំងឺគ្រុនឈាម នៅ​ក្នុង​រដូវវស្សា ឆ្នាំ​២០២៥

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ពី​ការ​បន្ត​បុ​រេ​សកម្ម និង​ពង្រឹង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​ជំងឺគ្រុនឈាម នៅ​ក្នុង​រដូវវស្សា ឆ្នាំ​២០២៥​។ យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹក ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែកក្កដា…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ពី​ការ​បន្ត​បុ​រេ​សកម្ម និង​ពង្រឹង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​ជំងឺគ្រុនឈាម នៅ​ក្នុង​រដូវវស្សា ឆ្នាំ​២០២៥​។

យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹក ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​រដូវវស្សា​នេះ ជំងឺ គ្រុនឈាម មាន​និន្នាការ​កើនឡើង​ចាប់តាំងពី​ចុង​ខែមេសា ឆ្នាំ​២០២៥ និង​អាច​បន្ត​កើន​ជា​បន្តបន្ទាប់ ដោយសារ មាន​កំណើន​ទឹកភ្លៀង ដែល​បង្ក​ឱ្យ​មានទឹក​ដក់​នៅ​ក្នុង​វត្ថុ​ដក់​ទឹក ដូច​ជា សំបក​កង់​ឡាន សំបក​កង់​ម៉ូតូ​ចាស់​ៗ ត្រឡោក​ដូង កែវ ចានជ័រ ក្រឡ​ដែល​បោះបង់​ចោល ពាង អាង ធុង​ដាក់​ទឹក ទឹក​ថូផ្កា ចាន​ទ្រ​ជើង​តុ ទូ និង​ពែង ដែល​បង្កើត​ជា​ប្រភព​ដក់​ទឹក និង​ជំរក​សត្វ​មូស​ខ្លា​។

អាស្រ័យ​ហេតុនេះ ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ទាំងអស់ ចូលរួម​ចលនា​កាត់​បន្ថយ តាមដាន និង​ទប់ស្កាត់​ការ​កកើត​សត្វ​មូស ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ ស្រប​នឹង​ពាក្យស្លោក «​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅ​ដ្ឋា​ន​របស់ខ្ញុំ គ្មាន​ដង្កូវទឹក​» ព្រមទាំង អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​និង​ស្មារតី​ខ្ពស់ ដើម្បី​ការ​ការពារ​សុខភាព​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​សហគមន៍ ដូច​ខាងក្រោម​៖

វិធានការ​ទី​១ ៖ ប្រសិនបើ​លោក​អ្នក​ឬ​សមាជិកគ្រួសារ មាន​រោគ​សញ្ញា​គ្រុនក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ ចាប់ពី ៣៩ ទៅ ៤០​អង្សា​សេ សូម​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ពិនិត្យ​ព្យាបាល ជា​បន្ទាន់​នៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​អំឡុង​៤៨​ម៉ោង​យ៉ាងតិច និង​សូម ទូរ​សព្ទ​មក​លេខ ១១៥ បើ​មាន​សំណួរ​បន្ថែម ឬ​ចូលរួម​រាយការណ៍​។

វិធានការ​ទី​២ ៖ អាណាព្យាបាល មាតាបិតា កុមា​រា កុមារី គ្រប់​រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន សូម​សកម្ម ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មានទឹក​ដក់ ដូច​ជា ពាង អាង​ទឹក ថូផ្កា ចាន​ទ្រ​ជើង​តុទូ ក្រឡ ធុង ខាប់ ជាដើម ដោយ​ការ​ផ្លាស់​ប្តូរ​ទឹក និង​លាង​សម្អាត​ជា​ប្រចាំ​ឱ្យ​បាន​យ៉ាងតិច​មួយ​ដង​ក្នុង​មួយ​អាទិត្យ ឬ​ត្រូវ​គ្រប​គម្រប ឱ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន ដើម្បី​ដាក់​ថ្នាំ​បាណក​ឃា​ដ​សម្លាប់ ដង្កូវទឹក នៅ​ក្នុង​អាង​ទឹក ពាងទឹក កន្លែង​ដែល​ស្តុក​ទឹក ឬ​ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌ នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន​។ ចំពោះ​សម្ភារ​ដក់​ទឹក​ផ្សេង​ទៀត ដែល​ទុក​ចោល​មិន​ប្រើប្រាស់ ដូច​ជា​សំបក កង់​ឡាន ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក ដួង ចាន​បាយ​សម្លរ​ជ័រ កំប៉ុង​ជ័រ ត្រូវ​កប់ ដុត កំទេច​ចោល ឬ​ទុកដាក់​ឱ្យ​មាន​របៀប ដើម្បី​កុំឱ្យ​មានទឹក​ដក់​។

វិធានការ​ទី​៣ ៖ សូម​ម្ចាស់​ការដ្ឋាន​សំណង់ រួម​ទាំង​កម្មករ​-​កម្ម​ការ​នី​ដែល​កំពុង​បំពេញការងារ នៅ​តាម ការដ្ឋាន​សំណង់ សម្អាត​បរិវេណ​ការដ្ឋាន​សំណង់​របស់​ខ្លួន លុប​បំបាត់​វត្ថុ​ដក់​ទឹក និង​ថ្លុក​ដក់​ទឹក ដោយ​រៀបចំ​ទុក សម្ភារ​សំណង់​ដែល​អាច​ដក់​ទឹក​នៅ​ក្នុង​ទីកន្លែង​ដែល​មាន​ដំបូល​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ដក់​ទឹក និង​លុប​បំបាត់ ប្រភព​និង​ជម្រក​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ដល់​ប្រជាជន​ដែល​រស់នៅ​ចម្ងាយ​១៥០​ម៉ែត្រ ជុំវិញ ការដ្ឋាន​សំណង់​។

វិធានការ​ទី​៤ ៖ អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់​ឡាន​ម៉ូតូ ត្រូវ​ធ្វើការ​គ្រប់គ្រង​សំបក​កង់ កង់​ឡាន ម៉ូតូ ដែល​ដាក់​ចោល​ក្រៅ​ដំបូល​បង្កើត​ជា​កន្លែង​ដក់​ទឹក ដោយ​ដាក់​គរ ត្រួត​លើ​គ្នា​និង​គ្រប​ឱ្យ​ជិត​ដោយ​បន្ទះក្តារ ឬ​ស្បៃ​មុង ឬ​ចាក់​ប្រេងម៉ាស៊ីន​ចាស់​ៗ ឈប់​ប្រើប្រាស់​ចូល ឬ​ចាក់​ដី បំពេញ ឬ​ដាក់​នៅ​ក្រោម​ដំបូល​។

វិធានការ​ទី​៥ ៖ កាប់​ឆ្ការ សម្អាត​ស្មៅ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ​ឱ្យ​បាន​ស្អាត​។ រក្សា​អនាម័យ​ក្នុងផ្ទះ​សំបែង រៀបចំ​ទុកដាក់​សម្លៀក​បំពាក់​ឱ្យ​មាន​សណ្តាប់ធ្នាប់ បត់​ទុក​ឱ្យ​បាន​ត្រឹមត្រូវ មាន​ពន្លឺ​ថ្ងៃ និង​ខ្យល់​ចេញចូល​បាន​ល្អ ទ្វារ​និង​បង្អួច​គួរ​មាន​សំណាញ់​។ ត្រូវ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​តាម​គ្រប់​មធ្យោបាយ ដូច​ជា ស្លៀកពាក់​ខោ​ជើង វែង​អាវដៃវែង និង​ស្រោមជើង​ធ្វើ​យ៉ាងណា​គ្របដណ្តប់​ភាគច្រើន​នៃ​រាង​កាយ​ឱ្យ​ជិត (​សម្លៀក​បំពាក់​គួរតែ​មាន ពណ៌​ភ្លឺ កុំ​ខ្មៅ ឬ​ងងឹត​) ប្រើ​ថ្នាំ​បាញ់ (spray) ឬ​លាប (repellent) កុំឱ្យ​មូស​មក​ជិត ហើយ​ថ្នាំ​នេះ​ស្ត្រី​មាន​ផ្ទៃពោះ អាច​ប្រើ​បាន ដោយ​មាន​សុវត្ថិភាព មិន​មាន​ផល​ប៉ះពាល់​ទេ​។​សម្រាន្ត​ក្នុង​មុង រាល់ពេល​សម្រាន្ត​នៅ​ពេល​យប់ និង​ថ្ងៃ​។

វិធានការ​ទី​៦ ៖ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​សំណង់ ជម្រុញ​ការ​អនុវត្ត​ការងារ​កាត់​បន្ថយ និង​ទប់ស្កាត់​ការ កកើត​មូស ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ គ្រុនឈាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ