ខេត្តបន្ទាយមានជ័យ ៖ បុរសចិត្តតិរច្ឆានម្នាក់ដែលជាឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីដែលជាមនុស្សពិការ ខ្វិនដៃ-ជើង ដើរទៅណាមិនរួចនៅតែមួយកន្លែង។ ក្រោយមកត្រូវបានស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចនគរបាលស្រុកមង្គលបុរីឱ្យចាប់ខ្លួននៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៤ សីហា ឆ្នាំ២០១១ នៅឃុំភ្នំតូច ស្រុកមង្គលបុរី។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា បុរសល្មោភកាមនោះឈ្មោះស្រី មាសសុផុន អាយុ៥០ឆ្នាំ រស់នៅក្នុងឃុំខាងលើ បានធ្វើសកម្មភាពចាប់កូនស្រីចុងមានអាយុ១៧ឆ្នាំ ដែលជាមនុស្សពិការខ្វិនដៃជើងរស់នៅក្នុងខ្ទមដែលស្ត្រីជាម្តាយបានសាងសង់ឱ្យនៅម្នាក់ឯងមិនឆ្ងាយពីផ្ទះរបស់គាត់ប៉ុន្មានទេរំលោភសេពសន្ថវៈយ៉ាងត្រេតត្រអាល។ បើតាមពាក្យបណ្តឹងស្ត្រីជាម្តាយនារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៣ សីហា ឆ្នាំ២០១១ កូនស្រីបាននិយាយប្រាប់គាត់ថា ឪពុកចុងឈ្មោះស្រី មាសសុផុន បានចាប់នាងរំលោភ ក្រោយពីរំលោភរួចបានគម្រាមសម្លាប់នាងចោលបើសិនហ៊ាននិយាយប្រាប់រឿងនេះដល់គេ។
ប្រភពបន្តថា ការប្រព្រឹត្តរបស់ប្តីចុងកំហូចធ្វើទៅលើកូនស្រីពិការនោះខណៈពេលគាត់មិននៅផ្ទះ ដោយរវល់ទៅមើលជីដូនឈឺធ្ងន់នៅភូមិជាមួយគ្នា។ ពេលគាត់ត្រឡប់មកផ្ទះវិញកូនស្រីបាននិយាយប្រាប់ពីរឿងហេតុដែលឪពុកចុងធ្វើទង្វើថោកទាបទៅលើខ្លួនទាំងកម្រោល ទើបគាត់ឈឺចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួនប្តីកំហូចនេះយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
មន្ត្រីនគរបាលស្រុកមង្គលបុរីបានបន្តថា តាមការសាកសួរ ជនអគតិមិនព្រមឆ្លើយសារភាពពីទង្វើរបស់ខ្លួនទៅលើកូនស្រីទេ ជននេះគ្រាន់តែនិយាយថា នៅថ្ងៃនោះគេឃើញនារីរងគ្រោះធ្លាក់ពីលើផ្ទះក៏ដើរទៅលើកបីឡើងលើគ្រែខ្ទមតែប៉ុណ្ណោះ។
បើទោះបីជាជននេះមិនសារភាពពីទង្វើរបស់ខ្លួនដល់សមត្ថកិច្ចក្តីក៏មិនអាចគេចផុតពីច្បាប់បានដែរ ដូច្នេះជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ឱ្យសមនឹងទង្វើដែលគេបានប្រព្រឹត្តទៅលើកូនស្រីចុងជាមនុស្សពិការ៕
ចែករំលែកព័តមាននេះ